Social Icons

ការរកឃើញ​ឥន្ធនៈ​មួយបែប​ថ្មី​មិន​ប៉ះពាល់​បរិស្ថាន ដោយ​ក្រុមហ៊ុន សែ​ល​ឡា​របស់​អង់គ្លេស​

​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​អង់គ្លេស​បាន​បង្កើត​ឥន្ធនៈ​ម្យ៉ាង​ប្រភេទ synthetic fuel និង​អាច​លក់​វា​ក្នុងតម្លៃ​ត្រឹមតែ $ 1.50 ក្នុង​មួយ gallon (3.78541178 liter) ប៉ុណ្ណោះ ។ ក្រៅតែពី​វា​អាច​ផ្ដល់​ឱ្យនូវ​សាំង​ប្រភេទ​ថ្មី​ដ៏​ប្រសើរ​សម្រាប់​ការដឹកជញ្ជូន​, វា​នៅ​អាច​រក្សាបាន​នូវ​តម្លៃ​របស់​ប្រេង​ដែល​ទាប​មួយ​អាច​ទទួលយកបាន ទោះបី​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។
ប្រេងឥន្ធនៈ​ថ្មី​នេះ វា​មាន​មូលដ្ឋាន​ជា​អ៊ី​ដ្រូ​ហ្សែ​ន (Hydrogen) មិន​បង្កឱ្យមាន​កា​បោ​ន​ដល់​បរិយាកាស​ឡើយ​ពេល​យើង​ប្រើ​វា ។​
​បច្ចេកទេស​ដែល​ត្រូវបាន​គេ​យកទៅ​ប្រើ​ដើម្បី​បង្កើត​ប្រេងសាំង​ដ៏​ស្មុ​គ្រ​ស្មាញ​បែប​ថ្មី​នេះ ត្រូវបាន​គេ​ស្រាវជ្រាវ​ធ្វើ​តាំងតែ​ពី​បួ​ឆ្នាំ មុន​មកម្ល៉េះ ហើយ​គម្រោង​ធ្វើ​កិច្ចការ​នេះ​ទៀតសោត ត្រូវបាន​គេ​លាក់​យ៉ាង​អាថ៌កំបាំង​បំផុត នៅឯ​មន្ទីរពិសោធន៍​មួយ​ក្នុងប្រទេស​អង់គ្លេស ។ នៅក្នុង​ក្រដាស​ផ្សាយ​ចេញ​ជា​​សាធារណៈ​មួយ​បានឱ្យដឹងថា ប្រេង​នេះ​អាច​ឱ្យគេ​ប្រើ​ជាមួយ​រាល់​ម៉ាស៊ីន​ទាំងឡាយណា​ដែល​ប្រើ​
​កម្លាំង​ចំហេះ​នៅក្នុង​តួ​ម៉ាស៊ីន ( internal combustion ) ដោយ​មិនចាំបាច់​កែ​ផ្លាស់ប្ដូរ​គ្រឿង​ម៉ាស៊ីន​ឡើយ ។​
​ ​យោងតាម​សំដី​របស់លោក ស្ទី​ហ្វេ​ន​វ៉ូ​ឡឺ​រ ជា​ប្រធាន​របស់​ក្រុមហ៊ុន​សែ​ល​ឡា អិន​ណឺ​ជី ( Cella Energy ) បានឱ្យដឹងថា ៖ បច្ចេកវិទ្យា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើ វត្ថុធាតុដើម​តាមបែប​វិទ្យាសាស្ដ្រ​ទំនើប គឺ​គេ​​យក​វត្ថុ​ធាតុ​ដែលមាន​ចំហេះ​ខ្លាំង​រួច​រុំ​ស្រោប​វា​ដោយ​វិធី​ម្យ៉ាង​ដែលមាន​ទំហំ​យ៉ាង​តូច តាម​ពាក្យ​មួយ​​ដែល​គេ​ហៅថា coaxial electrospraying ដោយ​ការធ្វើ​បែបនេះ គេ​អាច​រក្សាបាន​នូវ​ចំហេះ​មួយ​ដែល​​មិន​បណ្ដាលឱ្យ​ខូច​ដល់​ប្រព័ន្ធ​ម៉ាស៊ីន​របស់​គ្រឿងយន្ដ​ឡើយ ។​
​ ​លោក​ស្ទេ​ហ្វិ​ន បាន​បន្ដទៀតថា ៖ យើង​បាន​បង្កើតឱ្យមាន​ប្រភព​ប្រេងឥន្ធនៈ​មួយបែប ដែល​អាចឱ្យ​ប្រើ​បានជា​មួយ​យានយន្ដ​ទាំងឡាយ និង​ជំនួស​ឱ្យ​ការប្រើ​ប្រេងឥន្ធនៈ​ដូច​សព្វថ្ងៃនេះ ។
លោក​បញ្ជាក់​ជាថ្មី​ថា ប្រេងសាំង​ថ្មី​នេះ វា​មាន​មូលដ្ឋាន​ដើម​របស់​វា​ជា​អ៊ី​ដ្រូ​ហ្សែ​ន ដូច្នេះ​វា​នឹងមិន​ប​ញេ្ច​ញ​ផ្សែង និង​កា​បោ​​ធ្វើឱ្យ ប៉ះពាល់​ដល់​បរិស្ថាន​សូម្បី​បន្ដិច​ណា​ឡើយ ។
មិនតែប៉ុណ្ណោះ​ប្រេង​នេះ​មាន​សុវត្ថិភាព​ជាង​ប្រេងសាំង​ធម្មតា​ព្រោះតែ​​អ៊ី​ដ្រូ​ហ្សែ​ន​ដែល​យកមកប្រើ​នោះ វា​ត្រូវបាន​ស្រោប​ព័ទ្ធ​មិនឱ្យ​បង្ក​ជា​បញ្ហា​ក្នុងពេល​ប្រើប្រាស់​ឡើយ ។​
​ វា​មានតម្លៃ​មួយ​យ៉ាង​ថោក​, មាន​សុវត្ថិភាព​ក្នុង​ការប្រើ​, មិន​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​, អាច​ប្រើ​បាន​ជាមួយ​ម៉ាស៊ីនទាំង ឡាយណា​ដែល​ប្រើ​ចំហេះ​ក្នុង​ម៉ាស៊ីន ទាំង​សាំង និង​ម៉ា​ហ្សូ​ត ។
យើង​នឹង​នៅ​រង់​ចាំមើល​​ថា​នៅពេលណា​ទៅ​ទើប​ប្រេងឥន្ធនៈ​បែបនេះ​នឹងត្រូវ​បាន​គេ​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ និង​លក់ចេញទៅ ​ទូទាំង​ពិភពលោក​....៕