ស៊ុត
ប្រាកដជាលិចទៅក្នុងទឹកនៅពេលដែលអ្នកដាក់វាទៅក្នុងកែវដែលមានទឹក
សុទ្ធធម្មតា។ ប៉ុន្តែថ្ងៃនេះ «គំនិត»
នឹងលើកយកមកនូវវិធីមួយជូនប្រិយមិត្តដើម្បី ពិសោធលេងកម្សាន្ត
ឬក៏អាចយកទៅល្បងប្រាជ្ញាជាមួយនឹងមិត្តភក្តិ ឬបងប្អូនបាននោះគឺ
វិធីធ្វើឲ្យស៊ុតអណ្តែតក្នុងទឹក ។ វិធីធ្វើ
គឺពិតជាងាយស្រួល
ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធតែជារបស់ ប្រើប្រាស់ ប្រចាំថ្ងៃ។
មិនតែប៉ុណ្ណោះ
ការពិសោធន៍នេះក៏នឹងបង្រៀនអ្នកឲ្យយល់ដឹងអំពីដង់ស៊ីតេរបស់វត្ថុទៀត
ផង។
ឧបករណ៍ៈ ស៊ុតមាន់ ឬទាមួយ ទឹក អំបិល និងកែវញ៉ាំទឹកវែងមួយ
វិធី៖
១-ចាក់ទឹកចូលទៅក្នុងកែវឲ្យបានកន្លះកែវ។
២-ដាក់អំបិលឲ្យច្រើនចូលទៅក្នុងទឹកនោះ (៥-៦ស្លាបព្រាបាយ) រួចហើយកូរវាឲ្យសព្វ។
៣-បន្ទាប់មកចាក់ទឹកបន្ថែមទៀតចូលទៅក្នុងកែវសន្សឹមៗដោយប្រុងប្រយ័ត្នរហូតដល់ជិតពេញកែវ។
៤-ដាក់ស៊ុតចូលទៅក្នុងកែវ ហើយពិនិត្យមើលថាមានអ្វីកើតឡើង។
តើមានអ្វីកើតឡើង?
ដង់ស៊ីតេរបស់ទឹកអំបិលគឺធ្ងន់ជាងទឹកសុទ្ធធម្មតា
ហើយរាល់វត្ថុរាវណាដែលមានដង់ស៊ីតេកាន់តែ ធ្ងន់នោះ
នឹងធ្វើឲ្យវត្ថុនានាកាន់តែងាយស្រួលអណ្តែតនៅលើវា ។
នៅពេលដែលអ្នកដាក់ស៊ុត ចូលទៅក្នុងកែវ
ស៊ុតនោះនឹងលិចចុះទៅក្រោមដោយធ្វើដំណើរឆ្លងកាត់ទឹកសុទ្ធធម្មតារហូត ដល់
វាប៉ះនឹងទឹកអំបិល។ នៅពេលដល់ចំនុចដែលមានទឹកអំបិល
ទឹកអំបិលមាន ដង់ស៊ីតេ (គេហៅបានម្យ៉ាងទៀតថា ទម្ងន់ជាក់លាក់)
ខ្ពស់ជាងស៊ុត ដែលបាតុភូតនេះធ្វើឲ្យស៊ុតនោះអណ្តែត ក្នុងទឹក។
ប្រសិនបើអ្នកបានបន្ថែមទឹកធម្មតាចូលទៅក្នុងកែវដោយប្រុងប្រយ័ត្ននោះ
ទឹកអំបិលនិងទឹកធម្មតានឹងមិនរលាយចូលគ្នា
ហើយធ្វើឲ្យស៊ុតរបស់អ្នកនឹងអណ្តែតនៅពាក់កណ្តាលកែវ។ ផ្ទុយទៅវិញ
ប្រសិនបើ ទឹកនឹងទឹកអំបិលរលាយចូលគ្នានោះ
អ្នកនឹងឃើញស៊ុតអណ្តែតនៅលើទឹក។
ដូច្នេះ ការពិសោធន៍នេះបង្រៀនឲ្យយើងដឹងពីដង់ស៊ីតេរបស់វត្ថុ។
នៅពេលវត្ថុណាមួយមានដង់ស៊ីតស្រាលជាងវត្ថុរាវ
នោះវានឹងអណ្តែតនៅលើវត្ថុរាវនោះ។