ប្លែកទៀតហើយ! គេហទំព័រគំនិតថ្ងៃនេះនឹងនាំមកជូនប្រិយមិត្តនូវវិធីមួយដើម្បីជាការកំសាន្ត គឺល្បិចដុតលុយមិនឲ្យឆេះលុយ។
ល្បែងនេះ
ប្រិយមិត្តអាចយកទៅសាកល្បងលេងជាមួយមិត្តភ័ក្តបានដើម្បីជាការ
ល្បងប្រាជ្ញា និងបង្កើនចំណេះដឹងផ្នែកគីមីវិទ្យាទៀតផង។
តើយើងត្រូវការអ្វីខ្លះសម្រាប់អនុវត្តការពិសោធន៍នេះ?
ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណដុល្លាកាន់តែល្អ) ដង្កៀប ឈើគូសឬដែកកេះ អំបិល(ប្រសិនបើអ្នកចង់បានភ្លើងពណ៌ក្រហម) ទឹក និង អាល់កុល។
តើអ្នកមានរបស់របរដែលត្រូវការខាងលើហើយឬនៅ? បើមានហើយ តោះយើងចាប់ផ្តើមប្រតិបត្តិការរបស់យើង!
វិធី៖
១- ធ្វើការរៀបចំសូលុយស្យុងរវាងទឹក និងអាល់កុល។
យើងត្រូវលាយទឹក៥០មីលីលីត្រ និងអាល់កុល
៥០មីលីលីត្របញ្ចូលគ្នានៅក្នុងចានមួយ
(អ្នកអាចលាយច្រើនជាងនេះបានដោយក្នុងកម្រិតទឹក៥០% និងអាល់កុល
៥០%)។
២- ប្រសិនបើអ្នកចង់បានភ្លើងឆេះពណ៌ក្រហម
អ្នកត្រូវបន្ថែមអំបិលបន្តិចទៅក្នុងសូលុយស្យុងខាងលើ។
ចំហេះដែលឆេះដោយអាល់កុលសុទ្ធនោះនឹងមានភ្លើងពណ៌ខៀវ
ដូចនេះប្រសិនបើយើងបន្ថែមជាតិអំបិលនោះ
យើងនឹងទទួលបានពណ៌ភ្លើងដូចនឹងចំហេះធម្មតា។
៣- ជ្រលក់ក្រដាសប្រាក់ចូលក្នុងសូលុយស្យុងខាងលើ។ ចូរចាំថា អ្នកត្រូវជ្រលក់ប្រាក់ឲ្យសោមជោគគ្រប់ទីកន្លែងទាំងអស់។
៤- ប្រើប្រាស់ដង្កៀបដើម្បីគាបក្រដាសប្រាក់ចេញពីសូលុយស្យុង
និងទុកសម្រាប់ចាប់ក្រដាសប្រាក់នៅពេលដុត។
ការប្រើប្រាស់ដង្កៀបមិនមែនជាការចាំបាច់ប៉ុន្មាននោះទេ
អ្នកអាចប្រើប្រាស់ដៃផ្ទាល់ក៏បានដែរ។ ប្រសិនបើអ្នកប្រើដៃផ្ទាល់
ហើយមានភ្លើងឆេះដៃនោះ សូមកុំមានការស្លន់ស្លោ
អ្នកគ្រាន់តែរលាស់ដៃចោលនោះ ភ្លើងនឹងរលត់ភ្លាម។
៥- ពេលនេះគឺជាពេលដុតលុយហើយ ប្រើប្រាស់ដែកកេះ
ឬឈើគូសដើម្បីដុតក្រដាសប្រាក់។ នៅពេលដែលអ្នកដុត
អ្នកនឹងឃើញភ្លើងឆេះយ៉ាងសន្ធរសន្ធៅ
បីដូចជាការឆេះលុយពិតប្រាកដយ៉ាងដូចច្នេះដែរ។ ប៉ុន្តែការឆេះនេះ
គឺមិនប៉ះពាល់អ្វីដល់ក្រដាសប្រាក់នោះទេ។
តើវិទ្យាសាស្ត្របកស្រាយយ៉ាងម៉េចចំពោះការដុតលុយនេះ?
ប្រិតិកម្មចំហេះខាងលើគឺកើតឡើងរវាងអាល់កុល និងអុកស៊ីសែន ដែលបង្កើតបានជាចំហេះ និងពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និងទឹក។
C2H5OH(អាល់កុល) + 4 O2 -> 2 CO2 + 3 H2O +ថាមពល
ដោយសារតែអាល់កុលមានសំពាធចំហាយខ្ពស់(Vapor Pressure)
ធ្វើឲ្យអាល់កុលស្ថិតបរិវេណជុំវិញក្រដាសប្រាក់ និងទឹក។
នៅពេលដែលក្រដាស់ប្រាក់នោះត្រូវបានដុត
គឺមានតែអាល់កុលប៉ុណ្ណោះដែលឆេះ។ សីតុណ្ហភាពនៃចំហេះអាល់កុល
គឺវាមិនគ្រប់គ្រាន់សម្រាប់ធ្វើឲ្យទឹកហួតនោះទេ ហេតុនេះហើយ
ក្រដាសប្រាក់នឹងនៅតែសើមជោគដដែល
ដែលជួយការពារក្រដាសប្រាក់នោះគេចផុតពីចំហេះនេះបាន។
ក្រោយពេលអាល់កុលឆេះអស់ហើយនោះ ភ្លើងនឹងរលត់
ដោយបន្សល់ទុកនូវក្រដាសប្រាក់របស់អ្នកឲ្យនៅដដែល។
សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តការពិសោធន៍មួយនេះ។
ការពិសោធន៍ខាងលើនេះមិនត្រឹមតែជាការកម្សាន្តនោះទេ
វាថែមទាំងផ្តល់នូវចំណេះដឹងវិទ្យាសាស្ត្រទៀតផង។
សូមកុំភ្លេចឧស្សាហ៍ចូលមកគេហទំព័រគំនិតដើម្បីទទួលបានចំណេះដឹងល្អៗ
បន្ថែមទៀត។
សំគាល់៖
- ហាមមិនឲ្យយកមេតាណុលមកជំនួសអាល់កុលជាដាច់ខាត ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់។
-ប្រសិនបើអ្នកនៅក្មេងមិនទាន់ពេញវ័យនោះ
អ្នកត្រូវមានមនុស្សពេញវ័យម្នាក់ដើម្បីជួយមើលការខុសត្រូវនៅពេល
អនុវត្តការពិសោធន៍ខាងលើនេះ។
ត្រូវអនុវត្តការពិសោធន៍នេះនៅកន្លែងដែលមានសុវត្ថិភាព
និងអោយឆ្ងាយពីកន្លែងដែលងាយឆាបឆេះ និងផ្ទុះ។
ការពិសោធន៍នេះគឺមិនមានគ្រោះថ្នាក់អ្វីនោះទេ
ប៉ុន្តែប្រសិនបើមានអ្វីកើតឡើងជាយថាហេតុដោយសារការពិសោធន៍នេះ
គេហទំព័រគំនិតនឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតឡើយ។
http://kumnit.com/973/
