មានសិស្សមិនតិចទេដែលគិតថា
មុខវិជ្ជាគណិតវិទ្យាគឺជាមុខវិជ្ជាដែលពិបាក និងគួរឲ្យធុញទ្រាន់។
មិនតែប៉ុណ្ណោះ មានសិស្សខ្លះតែងយល់ថា ពួកគេនឹងគ្មានឱកាស នឹង
ប្រើប្រាស់មុខវិជ្ជាដ៏ពិបាកនេះក្នុងជីវភាពប្រចាំថ្ងៃរបស់គេឡើយ។
អ្វីដែលគួរឲ្យសោកស្តាយនោះ
កម្មវិធីសិក្សាមិនបានធ្វើការពិភាក្សា និងបង្រៀនសិស្សថា
គណិតវិទ្យាមានទំនាក់ទំនងនឹងជីវភាពរស់នៅប្រចាំថ្ងៃនោះឡើយ។
នេះគឺជាកត្តាមួយក្នុងចំណោមកត្តាជាច្រើន ដែលធ្វើឲ្យសិស្សធុញទ្រាន់
និងមិនចូលចិត្តរៀនគណិតវិទ្យា
ដោយសារតែពួកគេមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃមុខវិជ្ជានេះ
ក្នុងជីវភាពប្រចាំថ្ងៃ។ តើគណិត
មានភាពចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃយ៉ាងម៉េចទៅ? បើចង់ដឹងនោះ
សូមមកតាមដានជាមួយ”គំនិត”ទាំងអស់គ្នា!
ការគ្រប់គ្រងប្រាក់កាស
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ធ្វើការទិញដូរ
ឬធ្វើការវិនិយោគទៅលើអ្វីមួយនៅក្នុងជីវិតប្រចាំថ្ងៃ។ កិច្ចការទាំងនេះ
គឺត្រូវការគណិតវិទ្យាជាចាំបាច់។
ទោះបីជាអ្នកធ្វើការទិញដូររបស់តូចតាចក៏ដោយ
ក៏អ្នកត្រូវតែប្រើប្រាស់គណិតវិទ្យាដើម្បីធ្វើជាជំនួយដែរ
ដូចជាការធ្វើប្រមាណវិធីបូកដកជាដើម។ បើពុំនោះទេ
អ្នកប្រាកដជាមិនដឹងថាតើអ្នកត្រូវប្រគល់លុយឲ្យគេប៉ុន្មាន
ឬក៏ត្រូវទទួលលុយអាប់វិញប៉ុន្មាននោះទេ។
កិច្ចការដែលទាក់ទងទៅនឹងលុយកាក់កាន់តែស្មុគស្មាញ
នឹងតម្រូវឲ្យអ្នកចេះគណិតវិទ្យាកាន់តែជ្រៅ។
ប្រសិនបើអ្នកចង់ធ្វើការវិនិយោគ
អ្នកប្រាកដជាត្រូវការគណិតដើម្បីធ្វើការគណនាដើម្បីឲ្យបានដឹងថា
តើអ្នកអាចនឹងទទួលផលចំណេញប៉ុន្មានពីការវិនិយោគនោះ។
ប្រសិនបើអ្នកមិនសូវពូកែផ្នែកគណិតដើម្បីធ្វើការគណនាចំណូលចំណាយនោះទេ
អ្នកនឹងប្រឈមមុខនឹងបញ្ហាក្នុងការប្រើប្រាស់ប្រាក់កាសឲ្យបានល្អ
និងឲ្យចំគោលដៅ។
ការគ្រប់គ្រងពេលវេលា
គណិតវិទ្យាគឺមានសារៈសំខាន់ណាស់ក្នុងការរៀបចំគម្រោងប្រចាំថ្ងៃ។
នៅពេលដែលអ្នកភ្ញាក់ពីដំណេកនាពេលព្រឹកព្រលឹម
និងធ្វើការរៀបចំខ្លួនប្រាណសម្រាប់ទៅសាលារៀនឬទៅធ្វើការនោះ
អ្នកនឹងប្រើប្រាស់គណិតក្នុងការគណនាថាតើអ្នកអាចឈរតែងខ្លួននៅមុខ
កញ្ចក់បានប៉ុន្មាននាទី ឬក៏អាចអង្គុយញ៉ាំអាហារបានរយៈពេលប៉ុន្មាន?
នៅពេលដែលអ្នកត្រឡប់មកដល់ផ្ទះវិញ
អ្នកនឹងត្រូវប្រើគណិតដើម្បីធ្វើការគណនាថាតើអ្នកមានពេលទំនេរប៉ុន្មាន
បន្ទាប់ពីការញ៉ាំអាហារហើយ
ហើយមានរយៈពេលប៉ុន្មានដើម្បីធ្វើអ្វីផ្សេងៗទៀត?
ដោយសារតែសកម្មភាពនេះគឺប្រព្រឹត្តទៅក្នុងជីវភាពប្រចាំថ្ងៃ
របស់អ្នកស្ទើរតែរាល់ថ្ងៃ
អ្នកអាចនឹងភ្លេចថាអ្នកកំពុងតែប្រើប្រាស់គណិតវិទ្យាគ្រប់ពេលវេលា
ទាំងអស់។
ការចំអិនម្ហូប
អ្នកមិនអាចចូលទៅក្នុងចង្ក្រានធ្វើម្ហូបដោយមិនមានចំណេះដឹងខ្លះៗ
ផ្នែកគណិតវិទ្យានោះទេ។
អ្នកត្រូវតែប្រើប្រាស់គណិតក្នុងការប៉ាន់ស្មានថាតើគួរដាក់គ្រឿង
ប៉ុន្មាន តើត្រូវប្រើឆ្នាំងទំហំណាដើម្បីអោយល្មមនឹងមុខម្ហូប
និងទំហំសមាជិកគ្រួសាររបស់អ្នក។ នៅពេលខ្លះ
កិច្ចការចំអិនម្ហូបតម្រូវឲ្យប្រើប្រាស់គណិតដែលមានភាពស្មុគស្មាញថែមទៀត
ផង។
ការសាងសង់ និងជួសជុលផ្ទះ
នៅរាល់ពេលដែលអ្នកធ្វើការសង់ផ្ទះ ឬក៏ជួសជុលនោះ
អ្នកចៀសមិនផុតពីការប្រើប្រាស់គណិតវិទ្យានោះទេ។ ឧទាហរណ៍
ប្រសិនបើអ្នកចង់ទិញគ្រែ តុ ទូ
និងវត្ថុផ្សេងៗទៀតដើម្បីដាក់ក្នុងបន្ទប់គេងនោះ
អ្នកនឹងប្រើប្រាស់គណិតក្នុងការគណនាទំហំរបស់វត្ថុនីមួយៗដើម្បីឲ្យ
ស័ក្តសមនិងទំហំបន្ទប់របស់អ្នក។
ប្រសិនបើអ្នកមិនចេះមូលដ្ឋានគ្រឹះគណិតវិទ្យាទេនោះ
អ្នកនឹងបរាជ័យក្នុងការសាងសង់ផ្ទះ និងការជួសជុលផ្ទះ
ឬក៏នឹងត្រូវចំណាយច្រើនលើសពីតម្រូការ។
ខាងលើនេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះ
នៅមានកិច្ចការជាច្រើនទៀតដែលទាមទារឲ្យអ្នកចេះគណិតវិទ្យាដើម្បី
ធ្វើកិច្ចការនោះបាន។ ហេតុដូចនេះហើយ
គណិតវិទ្យាពិតជាសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃរបស់យើង។