Social Icons

​ក្មេងប្រុស អាយុ ១៥ ឆ្នាំ បាន​បង្កើត​បច្ចេកទេស​ផលិត​ថាមពល​ពី​ស្លែ​

ទោះបី​ក្មេងប្រុស​នេះ​មាន​អាយុ​ត្រឹមតែ ១៥​ឆ្នាំ​ក្តី ក៏​ប៉ុន្តែ​អ្វី​ដែល​ក្មេង​នេះ​បានធ្វើ គឺជា​សក្ខី​​មួយ​បញ្ជាក់​ឱ្យឃើញ​ពី​ភាព​ឆ្លាត​វាងវៃ​របស់​វា ដែល​បាន​គូសព្រាង​ចេញ​ជា​មធ្យោបាយ​មួយ​ដើម្បី​ប្រើប្រាស់ ស្លែ និង​វត្ថុ​សំណល់​ផ្សេងៗ ឱ្យក្លាយ​ទៅ​ជា​ថាមពល​អាច​ប្រើការ​ជា​ជំនួស​ប្រេងឥន្ធនៈ​បាន ។
​​ក្មេងប្រុស​នេះ​គឺ​ជា​សិស្សសាលា​ម្នាក់ មានឈ្មោះ​ថា ហា​វី​យេ ហ្វឺ​ណាន់​ដេ​ហាន់ (Javier Fernandez-Han) បាន​ទទួល​ប្រាក់សុទ្ធ​ចំនួន ពីរ​ម៉ឺន​ដុល្លារ ចំពោះ​គំនិត​ដ៏​ឆ្លាត​វៃ​របស់​វា នឹង​ត្រូវបាន​គេ​វាយតម្លៃ​ថា​ជា​បច្ចេកទេស​​មួយ ដែល​នឹង​អាច​ជួយ​ដល់​ប្រទេស​ក្រីក្រ​ជាច្រើន​ក្នុង​ពិភពលោក ឱ្យ​អាច​ប្រើប្រាស់​ស្លែ​សម្រាប់​ការផលិត ថាមពល​
​ប្រភេទ ជីវ​ឧស្ម័ន និង​មេតាន សម្រាប់​ប្រើប្រាស់ ។ អ្វី​ដែល​ក្មេងប្រុស​ម្នាក់​នេះ​បាន​រកឃើញ បានធ្វើឱ្យ​អ្នកវិទ្យាសាស្ត្រ​​មួយចំនួន មាន​ការកោតសរសើ​យ៉ាងខ្លាំង ពីព្រោះ​វា​ជា​បច្ចេកទេស​ដ៏​ទំនើប​មួយ​មិន​ធ្លាប់​ត្រូវបាន​គេ​នឹកគិត​ដល់​សោះ​​តាំងពី​ពេល​មុន​មក តែ​ក្មេង​នេះ​បាន​គិត​ច្នៃ​ចេញ​មក​បាន វា​ជា​រឿង​មួយ​ដែល​គេ​គិតថា​វា​មាន​ប្រយោជន៍ យ៉ាង​ប្រពៃ​​ចំពោះ​មនុស្សជាតិ ។​
​តាម​ការបញ្ជាក់​របស់​អ្នក​ដែល​បាន​វាយតម្លៃ​ចំពោះ​បច្ចេកទេស​នេះ បានគិត​ថា​វា​អាច​ត្រូវបាន​គេ​ផលិត​ជា​រូបរាង​នឹង​អាច​ប្រើការ​បាន ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ត្រឹមតែ ២០០ ដុល្លារ​តែ​ប៉ុណ្ណោះ ។ មិន​ត្រឹមតែ​វា​ជា​ឧបករណ៍​ផលិត​ជីវឧស្ម័ន​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នៅ​បាន​ផលិត​ជា​ចំណី​សម្រាប់​សត្វ​ចិញ្ចឹម​ដូចជា ពពែ ជ្រូក និង​ត្រី​ថែមទៀត​ផង ។ ក្រៅពីនេះ វា​ក៏​ជា​អ្នក​ជួយ​កាត់បន្ថយ ការ​បំពុលបរិយាកាស​របស់​ពិភពលោក​យើង​ផង​ដែរ ។​
​​ក្មេងប្រុស​ម្នាក់​នេះ បាន​ទទួល​គំនិត​នៃ​ការច្នៃប្រឌិត​នេះ ពី​អ្នកវិទ្យាសាស្ត្រ​ម្នាក់ ដែល​បាន​បង្កើត​ឧបករណ៍​​ចម្រោះ​ទឹក​ដោយ​ប្រើ​កាំរស្មី​យូ​វី បន្ទាប់ពី​បាន​ឃើញ​ពី​គំនិត​ច្នៃប្រឌិត​របស់​អ្នកវិទ្យាសាស្ត្រ​រួចមក ក្មេង​នេះ​បាន​ដុះ​​នូវ​គំនិត​កែ​ចៃ្ន​ដោយ​ខ្លួនឯង​ជា​បន្ថែម តែ​អ្វី​ដែល​ក្មេង​ម្នាក់​នេះ​បានធ្វើ មិន​បាន​យក​គំរូ​តាម​អ្នកណា​ម្នាក់​ឡើយ តែ​ជា​​ការគិត​ឃើញ​របស់​វា​តែប៉ុណ្ណោះ ។ នៅពេល​ដែល​អ្នកវិទ្យាសាស្ត្រ​រូបនោះ បាន​បង្កើតឱ្យមាន​ជា​កម្មវិធី​ប្រកួតប្រជែង​មួយ ដែល​ប្រធានបទ​របស់​វា​គឺ​​រក​វិធី​គ្រប់យ៉ាង​ដើម្បី​កែច្នៃ​ធ្វើ​ឱ្យ​ការរស់នៅ​របស់​មនុស្ស​កាន់តែ​ប្រសើរ​ឡើង នឹង​ធ្វើឱ្យ​ពិ​ភ​ភព​លោក​នេះ ស្ថិតក្នុង​សភាព​ស្រស់បំព្រង សម្រាប់​មនុស្ស​គ្រប់រូប ។​ ក្មេង​នេះ​បានរៀបចំ​និង​ច្នៃ​បង្កើត​ឧបករណ៍​នេះ​ឡើង ហើយ​បាន​ដាក់​វា​​ចូលទៅ​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​គេ​ឯង​ដែរ ។ នៅ​ទីបំផុត អ្វី​ដែល​ក្មេង​នេះ​គិត​ចេញមក បានក្លាយ​ទៅ​បច្ចេកទេស​មួយ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បានឡើយ ជាហេតុ​ធ្វើឱ្យ​វា​បាន​ទទួល​ជ័យលាភី​និង​ឈ្នះ​គេ​ក្នុង​ការប្រកួត ដែល​គេ​នឹកស្មាន​មិន​ដល់​សោះ ។