Social Icons

មាន​កូនជួយឲ្យ​បុរស​កាត់​បន្ថយ​រោគ​បេះ​ដូង

បុរស​អត់​កូន
នេះ ​ប្រហែល​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​បិតា​ៗ​ទាំង​ឡាយ​នៅ​ ក្នុង​លោក​ជា​មិន​ខាន ដោយ​សារ​តែ​ការ​ការ​សិក្សា​ថ្មី​មួយ​ បាន​បង្ហាញ​ថា បុរស​ដែល​ក្លាយ​ជា​ឪពុក​គេ គឺ​អាច​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន​​ដល់​ទៅជិត​ ​២០ភាគ​រយ​។ ការ​សិក្សា​រយៈ​ពេល​១០ឆ្នាំ ដែល​ចូល​រួម​ដោយ​បុរស ១៣៥០០០នាក់នេះ បាន​រកឃើញ​ថា បុរស​ណា​ដែល​មិនមាន​កូន គឺ​នឹង​ប្រឈម​នឹង​ហានីភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង​ ជាង​បុរស​ដែល​មាន​កូន​។
ក្រុម​អ្នកស្រាវ​ជ្រាវ​ជន​ជាតិអាមេរិក​ទាំង​នេះ បាន​និយាយ​ថា ការ​មិន​មាន​កូន គឺ​អាច​ជា​សញ្ញា​ព្រមាន​ដំបូង​បំផុត​ សម្រាប់​ការ​កើត​ជំងឺ​បេះ​ដូង​ទៅ​ថ្ងៃអនាគត​របស់​បុរស​។
លោកវេជ្ជ​បណ្ឌិត Michael Eisenberg មក​ពី​សាកល​វិទ្យាល័យ Stanford ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ថ្លែង​ថា គាត់​បាន​រក​ឃើញ​ភស្ដុតាង​ដែល​បង្ហាញ​ថា ការ​មិន​មាន​កូន អាច​ជះ​ឥទ្ធិ​ពល​ដែល​សុខ​ភាព​របស់​បុរស​ទៅ​ថ្ងៃ​ក្រោយ​។ គាត់​បាន​បន្ដ​ទៀត​ថា បុរស​ដែល​មិន​មាន​បុត្រ ក៏​មាន​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ខ្ពស់​ជាង​គេ​ផង​ដែរ ដែល​នេះ​គឺ​ជា​ការ​ព្រមាន​ដល់​បុរស​គ្រប់​រូប​ ឲ្យ​សង្វាត​ក្នុង​ការ​​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​កូន​។
នៅ​ក្នុង​ការ​សិក្សា​ដែល​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រ Human Reproductioin នេះ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​បុរស​ជាង ១៣ម៉ឺន​នាក់ ដែល​បាន​ចូល​និវត្តន៍ និង​មាន​អាយុ​លើស ៥០ឆ្នាំ​។ ក្រោយ​ពី​សិក្សា​រយៈ​ពេល​ ១០ឆ្នាំ​ បុរស​១០ភាគ​រយ​បាន​ស្លាប់ ហើយ​ ម្នាក់​ក្នុង​ចំណោម​៥នាក់ បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​។
នៅ​ពេល​ដែល​ត្រួត​ពិនិត្យទៅ​លើ​ទិន្នន័យ​នៃ​បុរស​ដែល​ស្លាប់​ដោយ​សារ​ ជំងឺ​បេះ​ដូង លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែល​មិន​មាន​កូន មាន​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​អ្នក​មាន​កូន​ ក្នុង​ការ​កើត​ជំងឺ​បេះ​ដូងដល់ទៅ ១៧ភាគ​រយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​បុរស​គ្មាន​កូន ប្រឈម​នឹង​ជំងឺ​បេះ​ដូង គឺ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។ លោក​វេជ្ជ​បណ្ឌិត​ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​បញ្ជាក់​ថា នេះ​ប្រហែល​ជា​មក​ពី​កត្តា​ជីវ​សាស្រ្ដ ប៉ុន្ដែ​ការ​សិក្សា​ផ្សេង​ទៀត នឹង​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត​ប្រាកដ​។

គេង​តិច​ពេក មិនល្អ​សម្រាប់​បេះ​ដូង​នោះ​ទេ​!

អ្នក​លេង​អ៊ីនធើណិត​ពេល​យប់

ការ ​គេង​តិច​ពេក ពោល​គឺ​គេង​តិច​ជាង ៦ម៉ោង​ក្នុង​មួយ​យប់ ត្រូវ​បាន​គេ​រក​ឃើញ​ថា អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​គាំង​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល (ស្រ្ដូក)​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​ ដែល​សិក្សា​លើ​មនុស្ស​ចំនួន​ជាង ៣០០០នាក់ ដែលមាន​អាយុ​លើស ៤៥ឆ្នាំ បាន​បង្ហាញ​ថា អ្នក​ដែលគេង​តិច​ជាង​៦ម៉ោង​ក្នុង​មួយ​យប់ គឺ​មានហានីភ័យ​នៃ​ជំងឺ​គាំងបេះ​ដូង និង​ជំងឺ​ស្រ្ដូក​ ពីរ​ដង​លើស​អ្នកដែល​គេង​ពី​៦ទៅ​៨ម៉ោង​ក្នុង​មួយ​យប់​។
លោក​វេជ្ជ​បណ្ឌិត Rohit R. Arora អ្នក​​ជំនាញ​ខាង​ជំងឺ​បេះ​ដូង​មក​ពី​សាលា​វេជ្ជ​សាស្រ្ដ Chicago បាន​ថ្លែង​ថា រយៈពេល​នៃ​ការ​គេង​ដែល​ល្អ គឺ​ពី​៦ទៅ៨ម៉ោង។
គួរ​កត់​សម្គាល់​ផង​ដែរ​ថា នេះ​មិន​មែន​ជា​ការ​ស្រាវ​ជ្រាវលើក​ដំបូង​នោះ​ទេ ដែល​រក​ឃើញ​ពី​ទំនាក់​ទំនង​នៃ​ការ​គេង ជាមួយ​នឹង​សុខ​ភាព​បេះ​ដូង​ ប៉ុន្ដែ​វា​ជាការ​ស្រាវ​ជ្រាវ​ដែល​ធំ​ជាង​គេ​។
យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា មនុស្ស​ជា​ច្រើន​ដែល​នៅ​ទីក្រុង​ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះ​ដូង ដោយ​សារ​តែ​ពួក​គេ​គេង​មិន​សូវ​បាន​គ្រប់​គ្រាន់​នោះ​ទេ​។ នៅ​កម្ពុជា​យើង​មិន​ទាន់​មាន​ទិន្នន័យ​នៃ​អ្នក​ដែល​គេង​តិច​ជាង ៦ម៉ោង​នោះ​ទេ ប៉ុន្ដែ​នៅ​អាមេរិក មនុស្ស​ពេញ​វ័យ​ដល់ទៅជិត ៣០ភាគ​រយ​ គេង​តិច​ជាង​៦ម៉ោង​ក្នុង​មួយ​យប់​។
យ៉ាង​ណាមិញ ហេតុ​ផល​ដែល​ការ​គេង​ជះ​ឥទ្ធិពល​ដល់​បេះ​ដូង គឺ​មិន​ច្បាស់​នោះ​ទេ​ ពោល​គឺ​ថាតើ​វា​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់ ឬ​ដោ​យ​ប្រយោល​។ ប៉ុន្ដែ​បើ​តាម​អ្នកជំនាញ​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​គេង​មិនគ្រប់​គ្រាន់​ នោះ​មនុស្ស​អាច​ក្លាយ​ជា​ស្រ្ដេស បញ្ចេញ​អ័រម៉ូន​ដែល​ជំនួយ​ដល់​បេះ​ដូង និង​បង្កើន​កម្រិត​ឈាម។ ​
ប្រសិនបើ​មាន​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត ទាក់​ទង​នឹង​រឿង​នេះ ខ្មែរសារិកា នឹង​នាំ​មក​ជូន​ប្រិយមិត្ត​ជា​បន្ត​ទៀត!

ផលលំបាក​នៃការ​ចូល​គេង​យប់​ជ្រៅ​

late_nightសុភាព ​​ស្ត្រី​ដែល​​មាន​ទម្លាប់​ចូល​គេង​យប់​ជ្រៅ ឬ​គិត​ចាប់​តាំង​ពី​ក្រោយ​ម៉ោង​ ១១ទៅ​១២​នោះ តើ​​លោ​ក​អ្នក​ជ្រាប​ឬ​ទេ​ថា ទង្វើ​​នេះ​កំពុង​តែ​បំ​ផ្លា​ញ​​សុខ​ភាព​រាង​កាយ​ជា​​ប្រយោល ពិសេស​ថ​ង់​​ប្រមាត់ ព្រោះ​ថា​នៅ​ក្នុង​អំ​ឡុង​​ពាក់​​កណ្តាល​អាធ្រាត​បែប​នេះ ​វា​ជា​ពេល​វេលា​ដែល​ថង់​ប្រ​មា​ត់​​​កំពុង​បំពេញ​ការ​ងារ​ដើម្បី​ជួយ​រំលាយ ​ជាតិ​ខ្លាញ់​ដែល​យើង​​បាន​ទទួល​ទាន​ចូល​​ទៅ​ក្នុង​ថ្ងៃ​​និមួយៗ​នោះ។
ប្រ​​សិន​បើ​យើង​មា​ន​ទម្លាប់​អត់​ងងុយ​ជា​ញឹក​ញាប់ ក្រៅ​ពី​មិន​អាច​រំលាយ​ខ្លាញ់​បាន​ទៅ​តាម​ធម្មជាតិ​ហើយ​នោះ លទ្ធផល​ចុង​ក្រោ​យ គឺ​រោគ​ធាត់​​ដុះ​ក្បាល​ពោះ​ស្អុយ​និង​កើត​មាន​ឡើង។ កា​រ​អត់​ងងុយ​វា​ថែម​ទាំង​ធ្វើ​អោយ​តួនាទី​ការងារ​រប​ស់​ថង់​ប្រមាត់​កើត​ មាន​ភាព​ខុស​ប្រក្រតី​រ​ហូ​​ត​​ក្លា​យ​ទៅ​ជា​គ្រួស​ក្នុង​ថង់​ប្រមាត់​បាន​ ទៀត​ផង។ ក៏​ប៉ុន្តែ​ក៏​មាន​វិធី​អាច​ដោះ​ស្រា​យ​បាន​ខ្លះៗ​ដូច​គ្នា សំរាប់​អ្នក​ថែ​ទាំ​ថង់​ប្រមាត់​អោយ​រំ​លា​​​យ​​អា​ហារ​បាន​ល្អ​ជា​ប្រក្រតី ​ក្នុង​ពេល​វេលា​យប់​ជ្រៅ​នោះ គឺ​ការ​ស្វែង​រក​ទឹក​ខ្ញី​ក្តៅ​ឧណ្ហៗ​មក​លាយ​ជាមួយ​និង​ទឹក​ឃ្មុំ​បន្តិច ហើយ​ទទួល​ទា​ន​ក្នុង​​ពេល​យប់​ជ្រៅ​ដែល​លោក​អ្នក​ចាំ​បាច់​ត្រូវ​អត់​ងងុយ​ ពិតៗ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បា​ន​ក៏​មិន​គួរ​ចូល​គេង​យប់​ជ្រៅ​ពេក​ នោះ​ដែ​រ​ ព្រោះ​​អវយវៈ​ផ្សេងៗ​ក្នុង​រាង​កាយ​របស់​យើង​មិន​បាន​បំពេញ​ការងារ​យ៉ាង​មាន ​ប្រសិទ្ធ​ភាព​ទៅ​តាម​ធម្មជាតិ ហើយ​យើង​ក៏​មិន​ចាំ​បាច់​ប្រ​ឈ​ម​​​ទៅ​និង​រោគ​កំណាច​ណា​មួយ​ផ្សេង​ទៀត​ផង​ ដែរ៕

ការងារ​អង្គុយ​នៅ​នឹង​កន្លែង​យូរ​ ធ្វើ​ឲ្យ​អាយុ​ខ្លី​

មនុស្ស ​ភាគ​ច្រើនប្រាថ្នា​ចង់​ធ្វើ​ការ​ងារ​នៅ​នឹង​កន្លែង និយាយ​ឲ្យ​ចំគឺ​ការ​ងារ​ដែល​អង្គុយ​នៅ​តុ​ការិយាល័យ​។ ប៉ុន្ដែ​ការ​ងារ​ដែល​អង្គុយ​នៅ​នឹង​កន្លែង​រាប់​ម៉ោង​ ដែល​អ្នក​ចង់​បាន​នោះ ត្រូវ​បាន​ក្រុម​អ្នកជំនាញ​ព្រមាន​ថា វា​អាច​បណ្ដាល​ឲ្យ​អ្នក​មិន​មាន​អាយុ​វែង ពោល​គឺ​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាលា​សុ​ខ​ភាព​សារធារណៈ​នៃ​សាកល​ វិទ្យា​ល័យ​ស៊ីដ​នី ប្រទេស​អូស្រ្ដាលី​ បាន​ធ្វើ​ការ​សិក្សា​ក្នុង​ទំហំ​យ៉ាង​ធំ​ ដែល​ចូល​រួម​ដោយ​​​មនុស្ស​ទាំង​ប្រុស​ ទាំង​ស្រី​ចំនួន ២៦ម៉ឺន​នាក់​ នៅ​តំបន់​ New South Wales។
ក្រុម​អ្នក​ស្រាវ​ជ្រាវទាំង​នេះ​​បាន​រក​ឃើញ​ថា មនុស្ស​ដែល​អង្គុយ​ជាប់​នៅ​នឹង​តុ​ធ្វើ​ការ​ងារ​លើស​ពី​១០ម៉ោង​ក្នុងមួយថ្ងៃ ​ នឹង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ដល់​ទៅ ៤៨ភាគ​រយ​ បើ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដែល​អង្គុយ​តិច​ជាង​៤ម៉ោង​ក្នុង​មួយថ្ងៃ​។
បន្ថែម​លើ​នេះ​ទៀត ការ​កើន​ឡើង​នៃ​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​នេះ គឺ​នៅ​តែ​ខ្ពស់ បើ​ទោះ​បី​ជា​ពួក​គេ​​​ហាត់​ប្រាណ​ជា​ប្រចាំ​យ៉ាង​ណា​ក៏​ដោយ​។
លោក Adrian Bauman ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ថ្លែង​បញ្ជាក់​ថា មនុស្ស​គ្រប់​រូប​នឹង​មាន​ហានីភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​តិច​ ប្រសិន​បើ​អ្នក​នោះ​ហាត់​ប្រាណ​បាន​ទៀត​ទាត់ ហើយ​មិន​អង្គុយ​យូរ​។ ប្រសិន​បើ​អ្នក​អង្គុយ​យូរ​ជ្រុល​នោះ ទោះ​បី​ហាត់ប្រាណ​យ៉ាង​ណា​ ក៏​អ្នក​នៅ​តែ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ស្លាប់​លឿន​ដដែល​។
ខណៈ​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ នៅ​តែ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ ថា​ហេតុ​អ្វី​បាន​គ្រាន់​តែ​អង្គុយ​យូរ​ជ្រុល​ បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត ពួក​គេ​បាន​សន្មត​ថា ការ​អង្គុយយូរ​ពេក នឹង​ធ្វើ​ឲ្យ​បង្កើន​កង្កើន​ជាតិស្ករ​នៅ​ក្នុង​ខ្លួន​។
លោក​ Bauman បាន​ពន្យល់​ថា អ្វី​ដែល​កើត​ឡើង​នៅ​ពេល​ដែលអង្គុយ​ គឺ​អាហារ​ដែល​ទើប​នឹង​ញ៉ាំ​ហើយ បាន​ប្រែ​ក្លាយ​ទៅ​ជា​ស្ករ ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​ឡើង​ខ្ពស់​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​អង្គុយ​ក្នុង​រយៈ​ពេល​យូរ​ ដែល​មិន​អាច​ខាន​បាន អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​បង្កើន​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​​ជាង​ធម្មតា​។

មនុស្ស​ស្រី​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ជំងឺ​ ខ្លាំង​ជាង​បុរស​

ស្រ្ដី​
ការ ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បានបង្ហាញ​ថា​ ចំនួន​ក្រូម៉ូសូម​ដែល​លើស​នៅក្នុង​ខ្លួន​របស់​ស្រ្ដី​ បាន​ធ្វើ​ឲ្យ​ស្រ្ដី​មាន​លក្ខណៈ​ប្រសើរ​ជាង​បុរស ក្នុង​ការ​ទប់​ស្កាត់​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។ ការ​សិក្សា​ដែល​បាន​រាយ​ការណ៍​ក្នុង​ Daily Mail បានដឹក​នាំ​ដោយ​លោក​វេជ្ជ​បណ្ឌិត​ Claude Libert មក​ពី​សាកល​វិទ្យា​ល័យ​ Ghent នៃ​ប្រទេស​ប៊ែល​ហ្សិក​នេះ បាន​រក​ឃើញ​ថា ខណៈ​ដែល​ស្រ្ដី​មាន​ចំនួន​ក្រូម៉ូសូម​​ X បុរស​មិនមាន​នោះ​ទេ ហើយ​​ក្រូ​ម៉ូសូម​ Y ដែល​បុរស​មាន ក៏​តិច​ជាង​ស្រ្ដី​នោះ​ដែរ​។
លោក​វេជ្ជ​បណ្ឌិត Libert បាននិយាយ​ថា ស្រ្ដី​គឺ​ជា​ភេទ​ដែល​រស់​នៅ​បាន​យូរ​ជាង​បុរស (មាន​អាយុ​វែង​ជាង​បុរស)​ ហើយ​ក៏មាន​លទ្ធ​ភាព​ខ្ពស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​ផ្សេង​ៗ​ខ្លាំង​ជាង​បុរស​ផង​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ បាន​រក​ឃើញ​ថា ការ​ដែល​មនុស្ស​ស្រី​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្លាំង​ជាង​មនុស្ស​ប្រុស គឺ​ដោយ​សារ​តែ​ ក្រូម៉ូសូមអិច (X) ដែល​មាន​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ​។
ឆ្លើយ​តបទៅ​នឹង​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ អ្នក​អ្នក​ស្រី​​វេជ្ជ​បណ្ឌិត Eleanor Fish មក​ពី​សាកល​វិទ្យាល័យ Toronto ដែល​ជា​សាស្រ្ដាចារ្យ​ផ្នែក​ប្រព័ន្ធ​ភាព​ស៊ាំ បាន​សរសេរ​ក្នុង​ប្លុក​ព្រឹត្តបត្រ​សុខ​ភាព Bio-Essays ថា នេះ​គឺ​ជា​អត្ថប្រយោជន៍​នៃ​ការ​មាន​ក្រូម៉ូសូម​អិចលើស​ចំនួន​ ប្រសើរ​ជា​ការ​មាន​តែ ក្រូម៉ូសូម​អិច​តែមួយ និង​ក្រូម៉ូសូម​វ៉ាយ (Y) តែ​មួយ​។
អ្នក​ស្រី​វេជ្ជ​បណ្ឌិត​រូប​នេះ បានថ្លែង​ថា MicoRNAs (ក្រូម៉ូសូម​អិច) គឺ​ពិត​ជា​សំខាន់​បំផុត សម្រាប់​ធ្វើ​ឲ្យ​​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ខ្លួន​ដំណើរ​ការល្អ​។ វា​អាច​ជួយ​ទប់​ស្កាត់​ជំងឺ​មហារីក​ផង​ដែរ និង​ជួយ​ជម្រុញ​ប្រូតេអ៊ីន​ដែល​ល្អ​។
អ្វី​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ស្រ្ដី​មាន​ភាពស៊ាំ​ខ្លាំង​ជាង​បុរស គឺ​ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន ដោយ​សារ​តែ​សភាព​ជាក់​ស្ដែង​គឺ​ដូច្នេះ​មែន ដោយ​សារ​អាយុ​សង្ឃឹម​រស់​របស់​ស្រ្ដី​នៅ​ប្រទេស​ភាគ​ច្រើន​ គឺ​វែង​ជាង​បុរស​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​មាន​ការ​ជំទាស់​ផង​ដែរ ដោយ​លើក​ឡើង​ថា ស្រ្ដី​ទន់​ខ្សោយ​ជាង​បុរស ងាយ​រង​ជំងឺ​ឆ្លង​ផ្សេង​ៗ​។

ថ្នាំ​​មហារីក​សុដន់​ អាច​ធ្វើ​ឲ្យ​កើត​ទឹក​នោម​ផ្អែម​?

tamoxifenការ ​សិក្សា​ថ្មី​មួយ​របស់​កាណា​ដា បាន​បង្ហាញ​ថា ស្រ្ដី​វ័យ​ចំណាស់​ដែល​ប្រើ​ប្រាស់​នូវ​ឱសថ​ព្យាបាល​ជំងឺ​មហារីក​សុដន់ អាច​បង្កើន​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ស្រ្ដី​ដែល​មិន​ប្រើ​ឱសថ​ដូច​គ្នា​នេះ​។
ការ​រក​ឃើញ​ដែល​បោះ​ពុម្ភ​នៅក្នុង​ព្រឹត្តិបត្រ​ជំងឺ​មហារីក​នេះ មិន​បាន​បង្ហាញ​ថា​ថ្នាំ តាម៉ូស៊ីហ្វ៊ែន (tamoxifen) ដែល​ជា​ថ្នាំ​ប្រើ​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​ បាន​ចូល​រួម​ចំណែក​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ប៉ុន្ដែ​មិន​មែន​ដោយ​ផ្ទាល់​នោះ​ទេ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​​និយាយ​ថា ក្រៅ​តែ​ពី​កត្តា​ដែល​បង្កឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ដែលមាន​ដូច​ជា​ ការ​ធាត់​ជ្រុល ឬ​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ ការ​ប្រើ​ប្រាស់​ថ្នាំ​ តាម៉ូស៊ី​ហ៊្វែន ក៏​ជា​កត្តា​រួម​ផ្សំ​ផង​ដែរ​។
ការ​សិក្សា​នេះ បាន​ធ្វើ​ឡើង​ចំពោះ​ស្រ្ដី​ច្រើនជាង ១៤០០០នាក់ ដែល​កើត​ជំងឺ​មហារីកសុដន់ មាន​អាយុ​ចាប់ពី ៦៥ឆ្នាំ​ឡើង​ទៅ​។ ក្នុង​រយៈ​ពេល​១០ឆ្នាំ​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គេ​បានរកឃើញ​ថា ស្រ្ដីចំនួន ១០ភាគ​រយ​បាន​កើត​ជំងឺ​ទឹក​នោម​ផ្អែម​។
ក្នុង​នោះ​ដែរ ស្រ្ដី​ដែលកំពុង​​ប្រើ​ប្រាស់ថ្នាំ​ តាម៉ូស៊ីហ៊្វែន​ មាន​អត្រា​ក្នុង​ការ​កើត​ទឹក​នោម​ផ្អែម​ខ្ពស់​ជាង​ស្រ្ដី​ដែល​មិន​ប្រើ ដល់​ទៅ​ ២៥ភាគ​រយ។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ អ្នកស្រី Lorraine L. Lipscombe មកពី​សាកល​វិទ្យាល័យ​តូរ៉ុនតូ នៃ​ប្រទេស​កាណាដា ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ការ​កើន​ឡើង​នៃ​កម្រិត​គ្រោះថ្នាក់ គឺ​តូច​ណាស់ ដូច្នេះ ការ​រកឃើញ​នេះគួរ​តែ​មិន​ចាំ​បាច់​ប្រកាស​ប្រាប់​ស្រ្ដី​ដែល​កំពុង​ប្រើ​ ថ្នាំ​នេះ​ទេ​។​ ថ្នាំ​ តាម៉ូស៊ីហ្វ៊ែន គឺ​ជា​ថ្នាំ​ដ៏សំខាន់​បំផុត​ ដូច្នេះ​ អ្នក​ស្រី​មិ​ន​ចង់​ឲ្យ​ស្រ្ដី​ទាំង​ឡាយឈប់ប្រើ​វា​នោះទេ​។
អ្នក​ស្រី​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​សិក្សា​របស់​គាត់​ និង​សហការី​នេះ គឺ​ជា​ការ​សិក្សា​ដែល​បង្ហាញ​ជាលើក​ដំបូង​នៃ​ការ​ទាក់​ទង​គ្នា​រវាងថ្នាំ​ តាម៉ូស៊ីហ្វ៊ែន និង​ជំងឺ​ទឹក​នោម​ផ្អែម​ ដូច្នេះ​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ជាច្រើន​ផ្សេងទៀត ដើម្បី​រក​ឲ្យឃើញ​កាន់​តែ​ច្បាស់​។ ក្រៅ​ពី​នេះ ការ​សិក្សា​ផ្សេង​ទៀត គួរ​តែ​បញ្ចូល​ស្រ្ដី​វ័យ​ក្មេង​ដែរ ព្រោះ​ថា​ការ​សិក្សារ​បស់​គាត់​លើក​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​តែ​ស្រ្ដី​វ័យ​ចំណាស់​ប៉ុណ្ណោះ​ ដើម្បី​ដឹង​ថា​ស្រ្ដី​វ័យ​ក្មេង​មាន​កម្រិត​គ្រោះថ្នាក់​ដូច​គ្នា​ដែរ​ឬ​ទេ​ ។
ប្រសិន​បើ​ថ្នាំ​ តាម៉ូស៊ី​ហ្វ៊ែន ពិត​ជា​បង្កើន​ហានីភ័យ​នៃជំងឺ​ទឹក​នោម​ផ្អែម​មែន នោះ​វា​នឹង​ធ្វើ​ឲ្យ​ថ្នាំ​នេះ​កាន់​តែ​មាន​ឈ្មោះមិន​ល្អ​បន្ថែម​ទៀត ព្រោះបើយោង​តាម​វិទ្យាស្ថាន​ជាតិ​មហារីក​នៃ​សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ថា ថ្នាំ​នេះ​បាន​បង្កើន​កម្រិត​គ្រោះ​ថ្នាក់​នៃ​ជំងឺដាច់​សរសៃឈាម​ក្នុង​ខួរ​ក្បាល ជំងឺ​ឈាម​កក ជំងឺ​មហារីក​ស្បូន និង​ជំងឺ​ភ្នែក​ឡើង​បាយ
យ៉ាង​ណាមិញ អត្ថ​ប្រយោជន៍​នៃ​ថ្នាំ​ តាម៉ូស៊ីហ្វ៊ែនសម្រាប់​ជំងឺ​មហារីក​សុដន់​ ​គឺ​វា​បាន​លប់​បាត់​លើ​ហានីភ័យ​ទាំង​នោះ​បាត់​ទៅ​ហើយ​។

កង្វក់​ខ្យល់​ ធ្វើ​ឲ្យ​ស្រ្ដី​កើត​កូន​មិន​គ្រប់​ខែ​

ឡាន​មួយ​ផ្សែង​ប៉ុណ្ណឹង ចុះ​ទម្រាំឡាន​រាប់​ម៉ឺន​គ្រឿង​ទៀត?
ស្រ្ដីមាន ​ផ្ទៃពោះ​ទាំង​ឡាយ​ ចូរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ការ​ពារ​ខ្លួនឲ្យ​បាន​ខ្លាំង​ក្លា​ ព្រោះ​ការ​សិក្សា​ចុង​ក្រោយ​មួយ​បាន​រក​ឃើញ​ថា កង្វក់​បរិយាកាស​ដោយ​សារ​ខ្យល់​កខ្វក់ អាច​ធ្វើឲ្យ​ស្រ្ដី​ដែល​រស់​នៅ​ទីក្រុង​ កើន​ឡើង​ហានីភ័យ​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​ដល់​ទៅ ៣០ភាគ​រយ​។ ការស្រាវ​ជ្រាវ​ដែល​ធ្វើ​ឡើង​ចំពោះ​ទារក​ដែល​ទើប​កើត​ថ្មី​ចំនួន ១០ម៉ឺន​នាក់នេះ បាន​រក​ឃើញ​ថា សារធាតុ​គីមី​ពុល​ក្នុង​ខ្យល់​ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​ឡានម៉ូតូក្នុង​តំបន់​ដែល​មាន​ចរាចរ​ច្រើន (ទីក្រុង) បាន​បំផ្លាញ​សុខ​ភាព​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ ក៏​ដូច​ជា​ម្ដាយ​ទារក​ផង​ដែរ​។
ខ្យល់​ដែល​កាន់​តែ​មាន​ជាតិ​ពុល​ច្រើន​បំផុត​នោះ គឺ​ខ្យល់​ក្នុង​ខែ​ត្រជាក់ មិន​មែន​ខែ​ក្ដៅ​នោះ​ទេ ហើយ​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្ទ​ គឺ​ជា​តំបន់​ដែលមាន​ជាតិ​ពុល​ច្រើន​។
លោក​វេជ្ជ​បណ្ឌិត Beate Ritz មក​ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ ប្រចាំ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា កង្វក់​ខ្យល់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ទំនាក់​ទំនង​នឹង​ការ​កើត​កូន​មុន​កាល​កំណត់ និង​ការ​កើត​កូន​ដែល​មិន​គ្រប់​ទម្ងន់​។ លទ្ធ​ផលនៃការ​សិក្សា​នេះ ​បាន​បង្ហាញ​ថា កង្វក់​ដែល​បណ្ដាល​ពី​ចរាចរ​តាម​ដង​ផ្លូវ គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ ដូច្នេះ​ត្រូវ​តែ​ចេះ​ការ​ពារ​ខ្លួន។
នៅ​ក្នុង​ការ​សិក្សា​​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​សុខ​ ភាព Environment Health នេះ បាន​ធ្វើ​ឡើង​ក្នុង​ទំហំ​យ៉ាង​ធំ​ ពោល​គឺ​ ទៅ​លើ​ទារក​ដល់​ទៅ ១០ម៉ឺន​នាក់​ នៅ​ឡូស​ អ៊ែន​ជើលែស ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០០៤​មក​។
ក្រោយ​ពី​មាន​ការ​សហការ​ពី​ក្រុម​​មន្រ្ដី​សុខា​ភិបាលក្នុង​តំបន់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ស្រូប​យក​ខ្យល់​កខ្វក់ ដែល​បង្ក​ឡើង​ដោយ​ផ្សែង​រថ​យន្ត​ បាន​បង្កើន​ហានីភ័យ​នៃ​ការ​កើតកូន​មុន​កំណត់ ដល់​ទៅ​៣០ភាគ​រយ​ឯ​ណោះ​។
មិន​ត្រឹម​តែ​ការ​សិក្សា​ដែល​រក​ឃើញ​បែបនេះ អ្វី​ដែល​យើង​គ្រប់​គ្នា​បាន​ដឹង​នោះ​គឺ​ ខ្យល់​កខ្វក់​នៅ​មាន​ផល​អាក្រក់​ជា​ច្រើន​ទៀត ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ធ្វើគឺ​ត្រូវ​ចេះ​ការ​ពារ​ខ្លួន​។ ប្រសិន​បើ​យើង​ចេញ​ទៅ​ក្រៅ យើង​គួរ​ពាក់​ម៉ាស់ការពារ​ ព្រោះ​វា​អាច​ជួយ​ទប់​ស្កាត់​ខ្យល់​កខ្វក់​ទាំង​នោះ​បាន​ផង​ដែរ​។

គួរ​បញ្ឈប់​ការ​ចាប់​ដៃ ដើម្បី​ការពារ​ជំងឺ​ផ្ដាសាយ​?

shake-handការ ​ចាប់​រលាក់​ដៃ​គ្នា​រវាង​ក្រុម​អ្នក​ជំនួញ អ្នក​និយោបាយ​ និង​មនុស្ស​គ្រប់​រូប​ គួរ​តែ​ត្រូវ​បញ្ចប់​ដែរ​ឬ​ទេ នៅ​ពេល​ដែល​ពេល​នេះ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​បញ្ជាក់​ថា មនុស្ស​គ្រប់​រូប​មិន​គួរ​ចាប់​ដៃ​អ្នក​ដទៃ​នោះ​ទេ ព្រោះ​វា​ជា​មូល​ហេតុ​នៃ​ការ​រីក​សាយភាយ​នៃ​ជំងឺ​ឆ្លង​ផ្សេង​ៗ ជា​ពិសេស​គឺ​ជំងឺ​ផ្ដាសាយ​។
លោកវេជ្ជ​បណ្ឌិត​ Nathan Wolfe ដែល​ជា​អ្នក​ជំនាញ​ខាង​មេរោគ មក​ពីសាកល​វិទ្យាល័យ​ Stanford នៅ​កាលីហ្វ័រញ៉ា បាន​ស្នើ​ឲ្យ​យើង​គ្រប់​គ្នា គួរ​តែ​ប្រើ​ប្រើ​វិធី​ផ្សេង​ ក្រៅ​ពី​ការ​ចាប់​រលាក់​ដៃ​គ្នា ព្រោះ​វា​មាន​សុវត្ថិ​ភាព​ជាង ដូច​ជា​អោន​ក្បាល​ដាក់គ្នា ដូច​វប្បធម៌​ជប៉ុន (ការ​សំពះ​ដូច​ស្រុក​ខ្មែរ​យើង គឺ​កាន់​តែ​ល្អ)។
យោង​តាម​សារព័ត៌មាន Sunday Times លោកវេជ្ជ​បណ្ឌិត Wolfe បាន​ថ្លែង​ថា ជំងឺ​ឆ្លង​ ដែលមាន​ដូច​ជា​ផ្ដាសាយជាដើម​នោះ គឺ​ងាយ​នឹង​រីក​រាល​ដាល​ខ្លាំងណាស់ តាម​រយៈ​ការ​ប៉ះ​ពាល់​ស្បែក​។
អ្នក​ជំនាញ​រូប​នេះ​ ក៏​បាន​បញ្ជាក់​នៅ​ក្នុង​សៀវ​ភៅ​ថ្មី​របស់​គាត់​ផង​ដែរ​ថា យើង​គួរ​តែ​ធ្វើ​ការ​តស៊ូមតិ​កុំ​ឲ្យ​មានការ​ចាប់ដៃ​គ្នា​ ដើម្បី​បញ្ជាក់​ពី​មិត្ត​ភាព​ត​ទៅទៀត ដោយ​ងាក​មក​ធ្វើ​ការ​គោរព​គ្នា​តាម​រយៈ​ការ​ឱនក្បាល​ (ឬ​សំពះ) វិញ ព្រោះ​វា​អាច​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្ដាសាយ​បាន​។
លោក Ben Killingley ដែល ជា​អ្នក​ជំនាញ​ខាង​មេរោគ​ឆ្លង​មក​ពី​សាកល​វិទ្យាល័យ Nothingham ក៏​បាន​និយាយ​មិន​ខុស​ពី​លោក Wolfe ដែរ ដោយ​បាន​ថ្លែង​ថា ដៃ​អាច​ចម្លង​ជំងឺ​ផ្ដាសាយ​បាន​ ប៉ុន្ដែ​បើ​សិន​ជា​យើង​លាង​ដៃ​របស់យើង​ឲ្យ​បាន​ជា​ប្រចាំ នោះ​យើង​មិន​ចាំ​បាច់​បញ្ឈប់​ការ​ចាប់​ដៃ​គ្នា​នោះទេ​។
មេរោគ​ អាច​រីក​រាល​ដាល​តាម​រយៈ​ខ្យល់ នៅ​ពេល​ដែលមាន​អ្នកកើត​ផ្ដាសាយ​ណា​ម្នាក់​ កណ្ដាស ឬ​ក្អក ជា​ពិសេស​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​ច្រើន​។ អ្វី​ដែល​កាន់ ​តែ​គ្រោះ​ថ្នាក់​ជា​ង​នេះ​ទៀតនោះ គឺ​ការ​រីកសាយ​ភាយ​នៅ​ក្នុង​ការិយាល័យ​ ដែល​អ្នក​រូម​ការ​ងារ​នឹង​គ្នា ចាប់​ដៃ ពេលជួប​គ្នា​ច្រើន​ដង​។ ទោះ ​ជា​យ៉ាង​ណា​ក្ដី ដូច​ជា​ពិបាក​ណាស់​ ក្នុង​ការ​បញ្ឈប់​នូវ​របៀប​របប​បែបអឺរ៉ុប​មួយ​នេះ ដូច្នេះ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ គឺ​ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់។

ជក់​បារី​ អាច​បណ្ដាល​ឲ្យ​ខ្វាក់បាន

អ្នក​ជក់​បារី​

ការ ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ទើតែ​៦នាក់​ ក្នុង​ចំណោម​អ្នក​ជក់​បារី​១០នាក់ ឬ​ស្មើ​នឹង ៥៧,៥ភាគ​រយនៃ​អ្នក​ជក់​បារី​ទាំង​អស់​ នៅ​ក្នុង​ប្រទេស​សិង្ហបុរី គឺ​ខ្វាក់​​ ដែល​និយាយ​ឲ្យ​ចំ គឺ​ការ​ជក់​បារី​គឺ​អាច​បណ្ដាល​ឲ្យ​ខ្វាក់​បាន​។ ការ​ស្រាវ​ជ្រាវ​ដែលធ្វើ​ឡើង​ដោយ​ក្រុម​វេជ្ជ​បណ្ឌិត​សឹង្ហបុរី និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ ធ្វើ​ឡើង​លើ​អ្នក​ជក់​បារី ២០០នាក់ ចន្លោះ​អាយុ​ពី ១៤ ទៅ ៨៣ឆ្នាំ​។
ការ​ខ្វាក់​ភ្នែក គឺ​ជា​ពិការ​ភាព​ដែល​មនុស្ស​គ្រប់​រូប​ភ័យ​ខ្លាច​បំផុត ប៉ុន្ដែ​ចំពោះ​អ្នក​ជក់​បារី មាន​តែ​៤នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០នាក់ ដែល​បាន​ដឹង​ពី​ហានីភ័យ​នេះ។
ដូច​ដែល​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ការ​ជក់​បារី​ គឺ​ប្រៀប​ដូចជា​ការ​ដុត​លុយ និង​ដុត​ជីវិត​ខ្លួន​ឯង​ចោល​ដូច្នេះ​ដែរ ពោល​គឺ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ច្រើនណាស់ ដូច​ជា​មហារីក​សួត គាំង​បេះ​ដូង និង​ជំងឺ​សាហាវ​ៗ​ជាច្រើន​ទៀត ប៉ុន្ដែ​អ្នកជក់​បារី​គឺ​នៅ​តែ​មាន​ដដែល​​។
ការ​រក​ឃើញ​ដដែលនេះ ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ភ័យ​ខ្លាច​ខ្វាក់​ភ្នែក​ គឺ​ជា​ការ​ជម្រុញ​ធំ​ទី​ពីរ​សម្រាប់​ឲ្យ​អ្នក​ជក់​បារី​ទាំង​ឡាយ​សម្រេច​ ចិត្ត​ឈប់​ជក់​បារី​ ខណៈដែល​ ជំងឺ​មហារីក​សួត គឺ​ជា​ការ​ភ័យ​ខ្លាច​ធំ​ទី​ពីរ​។
ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ក្រុមអ្នកចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​ ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​ឈប់ជក់​បារី​ផង​ដែរ ក្រោយ​ពី​ឃើញ​នូវ​ការ​ព្រមាន​ស្ដី​ពី​គ្រោះថ្នាក់​ចំពោះ​សុខ​ភាព​។
ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្រ្ដ​បាន​និយាយ​ថា ការ​រក​ឃើញនា​ពេលនេះ ចាំ​បាច់​ត្រូវ​តែ​ធ្វើឲ្យ​ដឹង​ដល់​សាធារណៈជន ព្រោះ​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ដឹង​ថា បារី​អាច​ធ្វើ​ឲ្យ​ខ្វាក់​បាននោះ​។
ក្រៅ​តែ​ពី​ឈប់​ជក់​បារី ក៏​នៅ​មាន​វិធី​ផ្សេង​ទៀត​ដែរ ដើម្បី​បង្ការ​ការ​ងងឹត​ភ្នែក ដូច​ជា​ការ​ទទួល​ទាន​នូវ​អាហារ​ដែល​សម្បូរ​បន្លែ​ និង​ជាតិ​វីតាមីន​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​។

សូកូឡា កាត់​បន្ថយ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​

ស្រ្ដី​ញ៉ាំ​សូកូឡា

ក្រុម ​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៃ​ប្រទេស​ស៊ុយ​អែត ដែល​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្រ្ដី​ជន​ជាតិ​ស៊ុយ​អែតចំនួន ៣៣០០០នាក់ បាន​រក​ឃើញ​ថា ស្រ្ដី​ដែលញ៉ាំ​សូកូឡា​ច្រើន​ មាន​អត្រា​នៃ​ការ​កើត​ជំងឺ​ស្រ្ដូក​តិច​។ លទ្ធ​ផល​នេះ បាន​បន្ថែម​នូវ​ភស្ដុតាង​ដែល​ថា សូកូឡា គឺ​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព ប៉ុន្ដែ​ទោះ​យ៉ាង​ណា​ក្ដី អ្នក​ស្រី Susanna Larsson ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា ការ​រក​ឃើញ​នា​ពេល​នេះ មិន​ទាន់​អាច​បញ្ជាក់​បាន​ថា សូកូឡា ពិត​ជា​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ស្រ្តូក​បាន​នៅ​ឡើយ​ទេ។ អ្នក​ស្រី​បាន​ជឿជាក់​ថា សូកូឡា ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព ប៉ុន្ដែ​ការ​ញ៉ាំ​វា​ច្រើន​ពេក វា​នឹង​បង្ក​ជា​បញ្ហា​វិញ​។
អ្នក​ស្រី​ដែល​ជា​អ្នក​ជំនាញ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា សូកូឡា គួរ​តែ​ត្រូវ​ទទួល​ទាន​ក្នុង​កម្រិត​សម​ល្មម ដោយ​សារ​តែ​វា​មាន​កាឡូរី​ខ្ពស់ ជាតិ​ស្ក​ខ្ពស់ ហើយ​កម្រិត​ជាតិ​ធាត់​ក៏​ខ្ពស់​ដែរ​។ ក្នុង​នោះ​ដែរ សូកូឡា​ព៌ណ​ខ្មៅ​ មាន​ជាតិ​កាកាវ​ច្រើន និង​មាន​ជាតិស្ក​តិចជាង​សូកូឡា​ទឹក​ដោះ​គោ ដូច្នេះ​ការ​ញ៉ាំ​សូកូឡា​ពណ៌​ខ្មៅ​គឺ​ល្អ​ជាង​។
នៅក្នុង​ការ​ស្រាវ​ជ្រាវ​នេះ ក្រុម​អ្នក​ស្រី Larsson បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​ស្រ្ដី​ដែលមាន​អាយុ​ពី ៤៩ឆ្នាំ ដល់ ៨៣ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៩៧​មក​។ ជាង​១០ឆ្នាំ​ក្រោយ​មក មាន​អ្នក​កើត​ជំងឺ​ស្រ្ដូក​ចំនួន ១៥៤៩​នាក់ ដែល​ក្នុង​នោះ​អ្នក​ដែល​ញ៉ាំ​សូកូឡា​ច្រើន មាន​កម្រិត​ហានីភ័យ​ទាប​។
លទ្ធ​ផល​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​សូកូឡា​ច្រើន​ជាង​គេ (លើស ៤៥​ក្រាម​ក្នុង​មួយ​សប្ដាហ៍) មាន​អត្រា​កើត​ជំងឺ​ស្រ្ដូក ២នាក់​ក្នុង​១០០០នាក់​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ខណៈ​ដែល​ស្រ្ដី​ដែល​ញ៉ាំ​សូកូឡា​តិច​ជាង​គេ​បំផុត (តិច​ជាង ៨,៩ក្រាម​ក្នុង​មួយសប្ដាហ៍) មាន​អត្រា​ ៧,៨នាក់ ក្នុង​១០០០នាក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​។
សូម​បញ្ជាក់​ផង​ដែរ​ថា ជន​ជាតិអាមេរិកាំង​ជិត ៨០ម៉ឺន​នាក់​ បានរង​គ្រោះ​ដោយ​សារ​ជំងឺ​ស្រ្ដូក​ជា​រៀង​រាល់ឆ្នាំ​ ហើយ​ប្រហែល​មួយ​ភាគ​៦​នៃ​ពួកគេ​ បាន​ស្លាប់​ដោយ​សារ​ជំងឺនេះ​ ហើយ​ជា​ច្រើន​នាក់​ទៀត​បាន​ធ្លាក់ខ្លួន​ពិការ​។
វិធី​ការ​ពារ​ជំងឺ​នេះ គឺ​ ត្រូវ​ធ្វើ​កុំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ បញ្ឈប់​ការ​ជក់​បារី ហាត់​បា្រណ​ឲ្យ​បាន​ច្រើន និង​ទៀង​ទាត់ ព្រម​ទាំង​ញ៉ាំ​អាហារ​ដែល​ត្រឹម​ត្រូវ​។
បុរស​លេប​ថ្នាំ​វីតាមីន E
ក្រុម ​អ្នក​ស្រាវ​ជ្រាវ​នៃ​សហរដ្ឋ​អាមេរិក​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​ថា វីតាមីន E អាច​បង្កើន​ហានីភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​បាន​។ រយៈ​ពេល​មួយ​ទសវត្ស​នៃ​ការ​សិក្សា​ទៅលើ​បុរស​ជាង ៣៥០០០ពាន់​នាក់​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មានជាតិ​វីតាមីន E ច្រើន ឬលេប​ថ្នាំ​ដែល​ផ្សំ​ដោយ​វីតាមីន​ E អាច​បង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​ក្រពេញប្រូស្ដាត​ ដ៏​គ្រោះ​ថ្នាក់​របស់​បុរស​នេះ។​
ការ​សិក្សា​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សិក្សា​មុន​មួយ​ បាន​រក​ឃើញ​ថា សេលេញ៉ូម ឬ​វីតាមីន E ប្រហែល​ជា​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ​បាន​។ ការ​សិក្សា​នេះ​ បាន​រក​ឃើញ​ផ្ទុយ​ពី​ការ​សិក្សា​មុន​នោះ ក្រោយពី​បាន​ធ្វើ​ការ​សិក្សា​អស់​រយៈពេល​ជា​យូរ លើបុរស​ជា​ច្រើន​នាក់​ ដូច​បាន​បង្ហាញ​ខាង​លើ​។
យោង​តាម​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​បង្ហាញ​ថា ​មិន​មាន​ហេតុ​ផល​ណាមួយ​ដែល​បុរស​ត្រូវ​បង្កើន​ជាតិ​វីតាមីន E នោះ​ទេ ព្រោះ​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ច្រើន​នោះ​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ទៀត​ផង​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ឆ្នាំ​២០០១​មក​ម្លេះ ហើយ​បន្ដ​រហូត​ដល់​ពេល​នេះ ដោយ​បាន​បំបែក​ក្រុម​បុរស​ដែល​ចូល​រួម​ជា​បួន​ក្រុម​ផ្សេង​គ្នា​។
ជា​សរុប​ ក្រុម​បុរស​ចំនួន ៦២០នាក់ ដែល​ប្រើ​វីតាមីន E បាន​កើន​អត្រា​កើត​មហារីក​ក្រពេញ​ប្រូស្ដាត​ចំនួន ១៧ភាគ​រយ ។
ក្រុម​បុរស​ទាំង​នោះ មិនមាន​សញ្ញា​នៃ​ជំងឺ​នេះ​ទេ មុន​ពេល​ចូល​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ ពោល គឺ​មាន​សុខភាពល្អ​ធម្មតា ដូច្នេះ​គេ​អាច​សន្និដ្ឋាន​​បាន​ថា វីតាមីន​ E ពិត​ជា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​មែន​។
យោង​តាម​ American Cancer Society បាន​បង្ហាញ​ថា​ ករណីថ្មី​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រស្ដាត នឹង​មាន ២៤០៨៩០​ ក្នុង​ឆ្នាំ​២០១១​នេះ ដោយ​បុរស ៣៣៧២០នាក់ នឹង​ស្លាបប់​ដោយ​សារ​ជំងឺ​នេះ​នៅ​សហរដ្ឋ​អាមេរិក​។ វា​ជា​ប្រភេទ​ជំងឺ​មហារីក​របស់​បុរស​ ដែល​កើត​ច្រើន​លំដាប់​ទី​ពីរ​បន្ទាប់​ពី​មហារីក​ស្បែក​។

ធ្វើដូច​ម្តេច​​ទើប​គេង​ឆាប់​លក់

ដំណេក​ល្អ សុខភាពល្អ

ដំណេកគឺជាតម្រូវការដ៏ចាំបាច់មួយ ហើយ​ក៏​ជា​ទម្លាប់​មួយ​ផង​ដែរ​សំរាប់​មនុស្ស​សត្វ​គ្រប់​អាត្មា។ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​បញ្ជា​រាង​កាយ​របស់​ខ្លួន​អោយ​ គេង​លង់​លក់​តាម​ចិត្ត​ចង់​បាន​នោះ​ទេ យើង​ភាគ​ច្រើន​ទទួល​ស្គាល់​ថា យើង​មាន​ការ​លំបាក​នឹង​ធ្វើ​អោយ​ខ្លួន​យើង​គេង​ឆាប់​លក់  ទោះ​បី​យើង​ខំ​ប្រឹង​តាំង​ចិត្ត សម្រួល​អារម្មណ៍​ លែង​គិត​លែង​ខ្វល់​ពី​អ្វីៗ​ទាំង​អស់​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ធ្វើ​អោយ​យើង​គេង​លក់​ឡើយ ហើយ​ការ​ដែល​គេង​មិន​លក់​នេះ​ អាច​ផ្តល់​ផល​មិន​ល្អ​ដល់​សុខ​ភាព​របស់​យើង​។ អត្ថបទ​ខាង​ក្រោម​នេះ ​ជួយ​ផ្តល់​យោបល់​ដល់​អ្នក អំពី​បច្ចេកទេស​ក្នុង​ការ​គេង​ឆាប់​លក់​។ ក្នុងករណីអ្នកបានព្យាយាមសាកល្បងនូវបច្ចេកទេសទាំងនេះ ហើយនៅតែមានអាចគេងលក់ទៀត ហើយ​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា អ្នកគួរតែឆាប់ស្វែងរកជំនួយពីគ្រូពេទ្យជំនាញ។
  1. ពិនិត្យមើលរបបចំណីអាហាររបស់អ្នកឡើងវិញ៖ មានអាហារមួយចំនួនដែលអាចជាជំនួយដល់ការឆាប់ងុយគេងដូចជា ពពួកអាហារដែលមានសារជាតិកាបូនអ៊ីដ្រាតេ ចេក សណ្តែកដី ទឹកដោះគោ និង នំប៉័ងជាដើម។ អាហារទាំងនេះក៏មានផ្ទុកសារជាតិ ទ្រីតូផាន ដែលជាអ្នកបង្កើតជាតិមេឡាតូនីន ដែលជួយអោយយើងងុយគេង។ គួរជៀសវាងអាហារទាំងឡាយណា ដែលមានជាតិប្រូតេអុីនខ្ពស់ មានជាតិហិរ កាហ្វេ តែមុនពេលគេង និងជៀសវាងបរិភោគច្រើនជ្រុលមុនពេលគេង។ កុំចូលគេងទាំងឃ្លាន មិនទាន់បានញ៉ាំអ្វីចូលពោះ ពីព្រោះពេលយើងឃ្លានពិបាកនឹងគេងលក់ណាស់។

  2. ជៀសវាងការហាត់ប្រាណក្នុងរយះពេលបីម៉ោងមុនចូលគេង៖ បើអាចទៅរួចអ្នកគួរហាត់ប្រាណនៅពេលព្រឹកព្រលឹម ព្រោះ​វាជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយបានពេញមួយថ្ងៃ។ ការហាត់ប្រាណកៀកនឹងម៉ោងចូលគេង អាចធ្វើអោយយើងលែងងងុយគេង។

  3. ជៀសវាងការគេងថ្ងៃច្រើនពេក៖ គួរគេងថ្ងៃយ៉ាងយូរបំផុត ១៥ នាទី។ គេងថ្ងៃយូរពេកអាចធ្វើអោយអ្នកពិបាកគេងលក់នៅពេលយប់។

  4. កាត់បន្ថយស្ត្រេស ការបារម្ភ ភ័យ្រពួយ គិតច្រើន៖ បើអ្នកមានអាការៈទាំងនេះ គួតែជួបគ្រូពេទ្យផ្នែកចិត្តវិទ្យា ឬហាត់ប្រាណបែបយ៉ូហ្កាដើម្បីកាត់បន្ថយស្ត្រេស។

  5. ងូតទឹកក្តៅមុនចូលគេង៖ វិធីនេះក៏អាចជួយបានដែរ វាធ្វើអោយមានអារម្មណ៍ធូរស្បើយ។

  6. បង្កើតអោយមានទម្លាប់ធ្វើអ្វីមួយមុនចូលគេង៖ សាកល្បងទម្លាប់ធ្វើអ្វីមួយដដែល ជាប្រចាំមុនចូលគេងដូចជា អានសៀវភៅ ងូតទឹក សរសេរកំណត់ហេតុជាដើម។

  7. ចូលគេង និងភ្ញាក់ពីគេងអោយទៀងម៉ោង៖ ធ្វើរបៀបនេះជាប្រចាំ យូរទៅនឹងក្លាយជាទម្លាប់ ចង់មិនចង់ដល់ពេលអ្នកត្រូវគេង អ្នកប្រាកដជាមានអារម្មណ៍ថាងុយគេង។

  8. ជ្រើសរើសសំលៀកពាក់ណាដែលស្រួលស្លៀកពាក់៖ គួរស្លៀកពាក់សំលៀកបំពាក់ណាដែលមានលក្ខណៈរលុង ទន់ មិនស្កៀប មិនទើសទែង និងដែលធ្វើអោយអ្នកមានអារម្មណ៍កក់ក្តៅ។

  9. អាកាសធាតុសមល្មម៖ បើបន្ទប់អ្នកមានម៉ាស៊ីនត្រជាក់ គួរកំរិតសីតុណ្ហភាពអោយសមល្មមដែលអ្នកពេញចិត្ត មិនគួរដាក់អោយរងាត្រជាក់ពេកទេ។ ជាទូទៅសីតុណ្ហភាពសមស្របក្នុងការគេងគឺ ២៦អង្សា។ ចំពោះអ្នកដែលគ្មានម៉ាស៊ីនត្រជាក់ ក៏គួរតែមានកង្ហារ (កង្ហារអគ្គីសនីក៏បាន កង្ហារធម្មជាតិក៏បាន)។

  10. ពន្លឺសមល្មម៖ បើអាចបិទអោយល្ងិតបានរឹតតែល្អ តែមានមនុស្សមួយចំនួនចូលចិត្តមានភ្លើងព្រឹមៗទើបគេងលក់ ។

សុភមង្គល​ មិន​ប្រកាន់​អាយុ​នោះ​ទេ​!

គ្រួសារ​ដែល​មាន​សុភ​មង្គល
ភាគ ​ច្រើន​នៃ​មនុស្ស​យើង តែង​តែគិត​ថា យុវវ័យ​គឺ​ជា​វ័យ​ដែល​មានសុភ​មង្គល​ជាង​គេ ពោល​គឺ​ជា​ពេល​ដែល​សប្បាយ​រីក​រាយ​ជាង​គេក្នុង​ជីវិត​ ប៉ុន្ដែ​ធាតុ​ពិត​គឺ​មិនមែន​នោះ​ទេ​។ សុភ​មង្គល​ គឺ​មិន​ប្រកាន់​អាយុ​នោះទេ ដែល​នេះ​មាន​ន័យ​ថា មិន​ថា​ចាស់​ ឬ​ក្មេង​ នោះទេ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​បាន​ដូច​គ្នា​។ ព្រះ​ពុទ្ធជាម្ចាស់នៃ​យើង​ បាន​មាន​ពុទ្ធ​ដិការ​ថា យើង​គឺ​ជាផល​នៃ​អ្វី​ដែល​យើង​បាន​គិត តាមន័យ​នេះ សុភ​មង្គល​មិន​ដែល​ទៅ​ណា​ឆ្ងាយ​ពី​យើង​នោះ​ទេ ឲ្យ​តែ​យើង​គិត​ថា​យើង​​មាន​សុភ​មង្គល​។ ពេល​ដែល​អ្នក​គិតបែប​​នេះ​​ហើយ នោះ​អ្នក​ប្រាកដ​ជា​ប្រឹង​ប្រែង​ធ្វើ​​យ៉ាង​ណា​ឲ្យ​សុភ​មង្គល​នោះ​កើត​មាន​ ចំពោះ​អ្នក​មែន​។
ខាង​ក្រោម​នេះ គឺ​ជា​វិធី​ខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែ​សប្បាយ និង​មានសុភ​មង្គល​ បើ​ទោះ​បី​ជា​យើង​ចាស់​ទៅ​ៗ​ក៏ដោយ​៖
១- មាន​ការ​គិត​ប្រកប​ដោយ​វិជ្ជមាន
មនុស្ស​ដែលគិត​ក្នុង​ផ្លូវ​វិជ្ជមាន​ គឺ​តែង​តែ​ទទួល​បាន​នូវ​ជីវិត​ដ៏​សប្បាយ​រីក​រាយ និង​ងាយ​ស្រួល​។ សូម​មាន​សុទ្ទិដ្ឋិនិយម​ក្នុង​ខ្លួន ហើយ​លប់​បំបាត់នូវ​គំនិត​អវិជ្ជ​មាន​ទាំង​ឡាយ​ ដែលធ្វើ​ឲ្យ​អនាគត​អ្នក​មិន​ប្រសើរ​។
២- លុបបំបាត់​អារម្មណ៍​ស្រ្ដេស​
ដូចដែល​ដឹង​ហើយ​ថា ជីវិតនៅ​ក្នុង​សម័យ​នេះ គឺ​ស្រ្ដេស​ណាស់​ ប៉ុន្ដែ​អ្នក​ត្រូវ​រិះ​រក​វិធី​ដើម្បី​កាត់បន្ថយ (ឬ​លុប​បំបាត់) ​ឱកាស​នៃ​ការ​ធ្លាក់ចូល​ទៅ​ក្នុង​អន្លង់ដ៏​ងងឹត​​នៃ​ភាព​ស្រ្ដេស​នេះ​ឲ្យ​ បាន​។
៣- រាក់​ទាក់​
ការ​ដាក់​ខ្លួន​ និង​រួស​រាយ​រាក់ទាក់ គឺ​ជា​វិធីមួយ​ដ៏​ល្អ​បំផុតសម្រាប់​អ្នក​​។ អ្នក​​អាច​បង្កើត​មិត្ត​ភក្ដិ​បាន​យ៉ាង​ងាយ ប្រសិន​បើ​យើង​ធ្វើ​បែប​នេះ​បាន ហើយ​ទំនាក់​ទំនង​យើង​ជាមួយ​នឹង​មិត្ត​ភក្ដិ​ គឺ​ចេញ​ពី​បេះ​ដូងដ៏​បរិសុទ្ធ​ និ​ងជា​រៀង​ដរាប។ សុជីវធម៌​របស់​អ្នក​ គឺ​នឹង​ជួយ​ជម្រុញ​ឲ្យ​អ្នក​ដទៃ​ចូល​ចិត្ត​អ្នក​ និង​ចង់​និយាយ​ជាមួយ​អ្នក​។
៤- កុំ​បន្ត​ទម្លាប់​មិនល្អ​
ការ​ផឹក​គ្រឿ​ងស្រវឹង​ជា​ប្រចាំ ការ​ជក់​បារី ការ​ញ៉ាំអាហារ​មិន​ត្រឹម​ត្រូវ ឬ​ញ៉ាំ​តាម​តែ​ចិត្ត​ចង់​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​របស់​យើង​នោះ​ទេ​។ ចូរ​ជៀស​វាង​ធ្វើ​អំពើ​ណា​ដែលសង្គម​ស្អប់ខ្ពើម និង​មិន​ទទួល​ស្គាល់​។
៥- សុខ​ភាព​ជា​ចម្បង​
សុខ​ភាព​របស់​យើង​ម្នាក់​ៗ​គឺ​សំខាន់​ខ្លាំង​ណាស់​ បាន​ន័យ​ថា​វា​ជា​ចំណុច​អទិភាព​បំផុត​។ សុខ​ភាព​ និង​សុភ​មង្គល​ គឺ​ដើរ​ទន្ទឹម​គ្នា មិន​អាច​អត់មួយ​ណាបាន​ទេ បើ​សុខ​ភាព​មិនល្អ​ហយ សុភ​មង្គល​ក៏​មិន​នៅ​ជាមួយ​នឹង​យើង​ដែរ​។ ការ​ថែ​រក្សា​សុខ​ភាព​ មាន​ដូច​ជា​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ ដែល​សម្បូរ​ទៅ​ដោយ​បន្លែ​បៃតង និង​កុំ​ភ្លេច​ផ្លែ​ឈើ។
៦- ផ្ដល់​ពេល​វេលា​សម្រាប់​ខ្លួន​អ្នក​
ទោះ​បី​រវល់​យ៉ាង​ណាក៏​ដោយ  មិនគួរ​ណាភ្លេច​ផ្ដល់​ពេល​វេលាឲ្យ​ខ្លួន​ឯង​នោះ​ដែរ​។ ចូរ​ធ្វើ​ការ​វិភាគ​លើ​ខ្លួន​ឯង​ និង​រក​ឲ្យ​ឃើញនូវ​អ្វី​ដែលត្រូវ​កែ​លម្អ​បន្ថែម​។ ត្រូវ​ចង​ចាំ​ថា​ អ្នក​គឺ​ជា​ចៅក្រមសម្រាប់​ខ្លួន​អ្នក​ដ៏​ល្អ​បំផុត​។
៧- តាំង​សមាធ
មនុស្ស​ភាគ​ច្រើន​ប្រហែល​មិន​ធ្លាប់​បាន​តាំងសមាធិ​ ធ្វើ​ឲ្យ​ចិត្ត​ស្ងប់​នោះ​ទេ បើ​ទោះ​បិ​ជា​វាមានប្រយោជន៍​យ៉ាង​ណាក៏​ដោយ។ ការ​តាំងសមាធិ អាច​ឲ្យ​អ្នក​លុប​បំបាត់​អារម្មណ៍​ស្រ្ដេស​បាន​យ៉ាង​ប្រសើរ​។
ជាចុង​ក្រោយ សូមបញ្ជាក់​ថា សុភ​មង្គល​គឺ​យើង​ជា​អ្នក​បង្កើត គ្មាន​អ្នកណា​ម្នាក់​អាច​ផ្ដល់​សុភ​មង្គល​ឲ្យយើង​បាននោះ​ទេ។​ ចូរ​ប្រយុទ្ធ​ប្រឆាំង​ នឹងអារម្មណ៍​ព្រួយ​ភ័យ ហើយ​ងាកមក​សប្បាយ​នៅក្នុង​ជីវិត​របស់យើង​វិញ​។

ក្មេង​ស្រី​ធាត់​ គ្រោះ​ថ្នាក់​ជាង​ក្មេង​ប្រុស​ធាត់​

ក្មេង​ជំទង់​ធាត់ៗ
ការ ​ធាត់​លើស​ទម្ងន់​ គឺ​មិន​ល្អ​ចំពោះ​សុខ​ភាព​នោះ​ទេ ប៉ុន្ដែ​តើ​ចំណុច​អវិជ្ជមាន​ចំពោះ​សុខ​ភាព​នេះ គឺ​ស្មើ​គ្នា​ឬ​ទេ រវាង​មនុស្ស​ប្រុស​ និង​ស្រី​? ចម្លើយ​គឺ​ខុស បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អាមេរិក​ ដែលបាន​បង្ហាញ​ថា ការ​ធាត់​បង្ក​ឲ្យ​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម​ចំពោះ​ក្មេង​ជំទង់​ស្រី ជាង​ក្មេង​ជំទង់ជាប្រុស។
ដូចដែល​ធ្លាប់​បាន​ដឹង​មក​ហើយ​ថា ជំងឺ​សម្ពាធ​ឈាមឡើង​ខ្ពស់ ឬ​ហៅ​ឲ្យ​ខ្លី​ថា លើស​ឈាម គឺ​ជា​កត្ដា​ហានីភ័យ​ចម្បង​បំផុត​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​បេះ​ដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល (ស្រ្ដូក) នៅ​ពេលឈាន​ដល់​វ័យ​ចំណាស់​។
ការ​សិក្សា​ទៅលើ​ក្មេង​ជំទង់​ ១៧០០នាក់ បាន​រក​ឃើញ​ថា ក្មេង​ស្រី​មាន​ហានីភ័យ​លើស​ក្មេង​ប្រុស​ដល់​ទៅ​បី​ដង​ឯណោះ​ ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​លើស​ឈាម​។
ស្រ្ដី​អ្នក​នាំ​ពាក្យ​របស់​មូល​និធិ​បេះ​ដូង​របស់ ​អង់​គ្លេស​បាន​និយាយ​ដែរ​ថា មួយ​ភាគ​បី​នៃ​ក្មេង​ជំទង់​នៅ​អង់គ្លេស​ គឺ​ធាត់​ជ្រុល ឬ​លើស​ទម្ងន់​។
អ្នក​ដែលចូល​រួម​ក្នុងការសិក្សា​នេះ គឺ​ជា​ក្មេង​ជំទង់ធាត់ៗ​​ ដែលមាន​អាយុ​ចន្លោះ​ពី ១៣ ទៅ​១៧ឆ្នាំ​។ ក្រោយពី​បាន​ធ្វើ​ការ​វាស់ស្ទង់​ពីកម្រិត​ឈាម ក៏ដូច​ជា​វិភាគ​រួច​មក​ ក្រុមអ្នក​ស្រាវជ្រាវដែល​មក​ពី​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​នេះ ​បាន​រក​ឃើញ​ថា ក្មេងប្រុសដែល​ធាត់​ គឺ​មាន​អត្រា​វិវឌ្ឍ​ទៅ​រក​ជំងឺ​លើស​ឈាម​ ៣,៥ដង​ លើស​ក្មេង​ប្រុស​ដែលមិន​ធាត់​។
ប៉ុន្ដែ​ទន្ទឹម​នឹង​នេះដែរ អ្វី​ដែល​ធ្វើ​ឲ្យ​គេចាប់​អារម្មណ៍​ គឺលទ្ធផល​បាន​បង្ហាញ​ទៀត​ថា ក្មេង​ស្រី​ដែលធាត់​មាន​អត្រា​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម​ដល់​ទៅ ៩ដង​ លើស​ក្មេង​ស្រី​ដែល​មានទម្ងន់​ធម្មតា​។
លោក​វេជ្ជបណ្ឌិត Rudy Ortiz ដែល​ដឹក​នាំការ​ស្រាវជ្រា​វនេះ​បាន​ថ្លែង​ថា ជា​សរុប​រួម​គឺ​គឺ​ទាំង​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ដែល​ធាត់​លើស​ទម្ងន់​ គឺ​សុទ្ធ​តែ​ប្រឈម​មុខ​នឹង​ការ​លើស​ឈាម ដែល​នឹង​នាំ​ទៅ​រក​ជំងឺបេះ​ដូង​ទៅ​ថ្ងៃអនាគត ប៉ុន្ដែក្មេង​ស្រីហាក់ដូច​ជា​ប្រឈម​មុខ​ខ្លាំងជាង។
លោក​វេជ្ជបណ្ឌិត​រូបនេះ​ បាន​បញ្ជាក់​ដែរ​ថា ការ​ខុស​គ្នា​រវាង​ក្មេងប្រុស​ និង​ក្មេង​ស្រី គឺ​អាច​មក​ពី​កម្រិតនៃការ​ហាត់​ប្រាណ​ខុស​គ្នា​។ ជា​ទូទៅ​ក្មេង​ស្រី​បាន​បញ្ចេញ​នូវ​សកម្មភាព​ផ្នែក​រាង​កាយ​តិច​ជាង​ ក្មេងប្រុសពី​ ៥០ទៅ​៦០ភាគ​រយ​ បើ​យោង​តាម​ការ​ស្ទង់​មតិ​កន្លង​មក​របស់ក្រុម​អ្នក​ជំនាញ​។

អាហារ​​៥ប្រភេទ ជួយ​ការពារ​ជំងឺ​មហារីក​!

អាហារ​ដែល​ជួយ​ការពារ​មហារីក

អាហារ ​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​ពិត​ជាសំខាន់​ខ្លាំង​ណាស់ ហើយ​ការ​ធ្វើ​មុខម្ហូបដែល​ឆ្ងាញ់​ពិសារ និងល្អ​ចំពោះ​សុខ​ភាពពេល​ខ្លះ​ក៏​មិន​ស្រួលប៉ុន្មាន​ដែរ​។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី អ្នក​ត្រូវ​ចងចាំ​ថា ការ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះសុខ​ភាព​ គឺ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​របស់​អ្នក​មាំ​មួន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែ​ម​ទាំង​អាច​ជួយ​ការ​ពារ​អ្នក​ពី ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។ ថ្ងៃ​នេះ​ដែរ ខ្មែរ​សារិកា សូម​នាំ​មក​ជួន​លោក​អ្នក​នូវ​អាហារ​ប្រាំ​ប្រភេទ ដែល​អាចជួយ​អ្នក​គេ​ច​ផុតពី​ជំងឺ​មហារីក​បានមួយ​ចំនួន​។ អាហារ​ទាំង​៥ខាង​ក្រោម​នេះ មាន​ជា​ប្រភេទ​បន្លែ ផ្លែ​ឈើ និង​គ្រឿង​ទេស​សម្រាប់​ធ្វើ​ម្ហូប​ផ្សេង​ៗ​ផង​ដែរ។
សូម​មើលលម្អិត​ដូច​​ខាង​ក្រោម​នេះ​​៖

១- សណ្ដែក
សណ្ដែក
សណ្ដែក​ គឺ​ជា​ប្រភេទ​អាហារ​ដែល​មិន​បាច់​ចំណាយច្រើន​ក្នុង​ការ​រក​ទិញ ប៉ុន្ដែ​អត្ថ​ប្រយោជន៍​របស់​វា​ពិត​ជា​ច្រើន​។ សណ្ដែក​មាន​ផ្សំ​ទៅ​ដោយ​ ប្រូតេអ៊ីន វីតាមីន និង​សារធាតុប្រឆាំង​អុក​ស៊ីត​កម្ម​។
សណ្ដែក​មាន​ច្រើន​ប្រភេទ ប៉ុន្ដែ​វា​សុទ្ធ​សឹង​តែ​មាន​ប្រយោជន៍​ទាំង​អស់ ដែល​ពួក​វា​អាច​ជួយ​គ្រប់​គ្រង​ទម្ងន់​របស់​អ្នក​ និង​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺបេះដូង និង​ជំងឺ​មហារីក​ច្រើន​ប្រភេទ​ផង​ដែរ​។
២- ផ្លែប៊ើរី
ប៊ើរី
ផ្លែ​ប៊ើរី មិនមែន​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​ដុះ​នៅ​ស្រុក​ខ្មែរ​នោះ​ទេ ប៉ុន្ដែ​យើង​អាច​រក​ទិញ​វា​បាន​នៅ​តាម​ផ្សារ​នានា។ វា​មាន​​ច្រើន​ប្រភេទ​ណាស់ ដូច​ជា ស្រ្ដរប៊ើរី, ប៊្លូ​ប៊ើរី, រ៉ាសប៊ើរី, គ្រែន​ប៊ើរី, ឬ​ក៏​ប៊្លែក​ប៊ើរី​ជា​ដើម​។ ប៊ើរី មាន​សារធាតុ​ហ្វៃប៊ើ និង​សារធាតុប្រឆាំង​អុក​ស៊ីតកម្ម​ ដែល​អាច​ជួយ​ពន្យា​ភាពចាស់​ជា​វ័យ​ផង​ដែរ​។
ប៊ើរី​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់ការ​ពារ​ការ​បាត់​បង់​ការ​ចង​ចាំ និងជាពិសេស​គឺ​កាត់​បន្ថយ​ហានីភ័​យ​នៃជំងឺ​មហារីក​។
៣- បន្លែ​ប្រភេទ​ស្ពៃ​
ស្ពៃ​ប្រូកូលី
ការ​ជ្រើស​រើស​នូវ​បន្លែ​ប្រភេទ​ស្ពៃ ដែល​មានដូច​ជា​ ប្រូកូលី ស្ពៃ​ក្ដោប ខាត់​ណា និង​ស្ពៃ​ជា​ច្រើន​ប្រភេទ​ទៀត គឺ​ពិត​ជាល្អ ដោយ​សារ​តែ​វា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ ហ្វៃប៊ើ ដែលជា​ភ្នាក់​ងារ​កាត់​បន្ថយ​គ្រោះថ្នាក់នៃ​ជំងឺ​មហារីក​បានមួយចំនួន​ ក៏​ដូច​ជា​ជួយ​ថែរក្សា​ទម្ងន់​មិន​ឲ្យ​ឡើង​ជ្រុល​។ អ្វី​ដែល​គួរ​បញ្ជាក់​ផង​ដែរ​នោះ គឺ​ប្រូកូលី (ក្នុង​រូប) គឺ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ស្ដេច​នៃ​បន្លែ ដោយ​សារ​តែ​វាមានអត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន ជា​ពិសេស​គឺមាន​ជាតិកាល់ស្យូម​ច្រើន ពោល​គឺស្មើ​នឹង​ទឹក​ដោះ​គោ​មួយ​កែវ​ មាន​វីតាមីន C ច្រើន​ជាង​ផ្លែ​ក្រូច និង​ការពារ​ខួរក្បាល​។
៤- ខ្ទឹម​ស
ខ្ទឹម​ស
ខ្ទឹម​ស មាន​អត្ថ​ប្រយោជន៍​សុខ​ភាព​ជាច្រើន​ ដោយ​សារ​វាមាន​​សារធាតុ​ប្រឆាំងអុក​ស៊ីតកម្ម ដូច​ជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើងខ្ពស់ និង​អ្វី​ដែល​ចង់​បញ្ជាក់នៅ​ទី​នេះ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​មហារីក​បាន​ជាច្រើន​ប្រភេទ​ផង​ ដែរ​។
៥- ខ្ញី
ខ្ញី
ខ្ញី​ គឺ​ជា​មើម​រុក្ខជាតិ​ដែល​គេ​ប្រើ​សម្រាប់​ជា​ឱសថ​រាប់​សតវត្សមក​ហើយ​។ វា​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​មហារីក និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ ។

ស្រ្ដី​ដែល​ស្រ្ដេសន៍ ច្រើន​កើត​បាន​កូន​ស្រី​

ស្រ្ដី​ដែលស្រ្ដេសន៍
ការ ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្រ្ដី​ទាំង​ឡាយ​ណា​ដែល​មាន​អារម្មណ៍ស្រ្ដេស​ន៍​កំឡុង​ពេល​ចង់​បានកូន គឺ​អាចនឹង​កើត​បានកូន​ស្រី​។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ស្រ្ដី​ដែល​ស្ថិត​នៅ​ក្នុង​សម្ពាធ​នៅកន្លែងការងារ នៅ​ផ្ទះ ឬ​មាន​បញ្ហា​ស្នេហានៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មុន​ពេល​មានផ្ទៃ​ពោះ គឺ​មាន​អត្រា​ខ្ពស់​ក្នុង​ការ​ផ្ដល់កំណើតឲ្យ​កូនស្រី ជាជាង​កូន​ប្រុស​។ ការ​រក​ឃើញ​នេះ គឺ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យាល័យ Oxford ចក្រភព​អង់គ្លេស និង​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាមេរិក។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ ក៏​បាន​បញ្ជាក់​ដែរ​ថា បញ្ហា​ធ្លាក់​ចុះ​នៃ​សេដ្ឋ​កិច្ច​ក៏​អាច​បណ្ដាល​ឲ្យ​ស្រ្ដី​ភាគ​រយ​​មាន​កូន ​ស្រី​ខ្ពស់ជាងកូនប្រុស​ផង​ដែរ។
បន្ថែម​លើ​នេះ​ទៀត ក្រោយ​ពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការវាយ​ប្រហារ​ ១១​កញ្ញា នៅ​អាមេរិក​ គេ​សង្កេត​ឃើញ​ថា​ចំនួន​កូន​ប្រុស​ដែល​ទើប​នឹង​កើត​នៅ​ទីក្រុងញូវយ៉ក​មានការ ​ធ្លាក់ចុះយ៉ាង​ខ្លាំង​ ខណៈ​ដែល​បញ្ហា​សេដ្ឋកិច្ច​ដាំក្បាល​ចុះនៅ​ក្រោយ​ពេល​ដែលជញ្ជាំង​ប៊ែឡាំង​ដួល ​រលំនៅ​ឆ្នាំ​១៩៩១ ក៏​គេ​ឃើញមាន​ចំនួនកូន​ប្រុស​ថយ​ចុះ​យ៉ាង​គំហុគ​ផង​ដែរ​។
ប៉ុន្ដែ​ការ​សិក្សា​ចុង​ក្រោយ​បំផុត​នេះ គឺ​ជា​ការ​សិក្សា​ជាលើក​ដំបូង​ដែល​រក​ឃើញ​ការ​ពិត​ ថា​ស្រ្ដេសន៍​របស់​ស្រ្ដី នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ គឺ​ជា​ការ​ធ្វើ​ឲ្យ​ស្រ្ដី​ទាំង​នោះ​ប្រឈម​មុខ​នឹងការ​បាន​កូន​ស្រី​។ ការ​សិក្សា​នេះបាន​ធ្វើឡើង​ចំពោះ​ស្រ្ដី​ចំនួន ៣៣៨នាក់ នៅ​អង់គ្លេស។
ជាលទ្ធផល​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​មាន​កម្រិត​ស្រេ្ដសន៍​ខ្លាំង គឺ​មាន​អត្រា​ដល់ទៅ ៧៥ភាគរយ​ក្នុង​ការ​កើត​បាន​កូនស្រី បើ​ប្រៀ​ប​ធៀប​ជាមួយស្រ្ដីដែលមិនសូវមានអារម្មណ៍ស្រ្ដេសន៍​។ អារម្មណ៍ស្រ្ដេសន៍របស់​ស្រ្ដី​ទាំង​នោះ​ គឺ​ភាគ​ច្រើន​បណ្ដាល​មក​ពី​កន្លែង​ការងារ និង​បញ្ហាគ្រួសារ​។

ទី​បំផុត​វ៉ាក់សាំង​គ្រុនចាញ់​ដំបូង​បំផុត ​បង្កើតបាន​ហើយ​!

លោក Joe Cohen (រូប​ភាព Reuters)
ទីបំផុត​លោក Joe Cohen ដែល ​ជា​អ្នក​វិទ្យាសាស្រ្ដ ដែល​បាន​ចំណាយ​ពេល​ ២៤ឆ្នាំ​ ក្នុង​ការ​ព្យាយាម​បង្កើតនូវ​វ៉ាក់សាំង​គ្រុនចាញ់​ជា​លើក​ដំបូង​លើ​លោក​បាន​ សម្រេចតាម​ការ​ព្យាយាម​របស់លោក​ហើយ​នៅ​ថ្ងៃ​ ១៨ តុលា ២០១១ ម្សិលម៉ិញ​នេះ​។ លោក Cohen បាន​ប្រាប់​រ៉យ​ទ័រ​ថា គាត់​បាន​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​ណាស់​ក្នុង​​រយៈ​ពេល​ជាច្រើនឆ្នាំ​ដែល​ គាត់​តែងតែ​គិត​ថា តើគាត់​អាច​ធ្វើ​វា​បាន​ដែរ​ឬ​ទេ​? តើ​គាត់​គួរ​តែ​បន្ត​វា​ទៀត​ឬ​ទេ? គឺ​វា​ពិត​ជា​តឹង​តែង​ខ្លាំង​ណាស់​សម្រាប់​គាត់​។ នៅ​ទីផុត​ការ​គិត​របស់គាត់​ដែល​ថា​អាច​នោះ គឺ​ពិត​ជា​អាច​ ដោយ​សារ​តែ​វ៉ាក់​សាំង RTS,S របស់​គាត់​ ត្រូវ​បាន​គេ​ដាក់​បង្ហាញនៅក្នុង​សន្និសិទ​អន្ត​រជាតិ​ស្ដី​ពី​ជំងឺ​ គ្រុនចាញ់។
គាត់​បាន​បញ្ជាក់​ពី​អារម្មណ៍​រំភើប​ស្ទើ​តែ​ហោះ​ផុត​ពី​ដី​របស់​គាត់ ដោយ​សារ​តែ​គាត់​អាច​សម្រេច​វា​បាន​។ សុបិន​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​គឺ​ចង់​ឃើញ​ស្នាដៃ​ខ្លួន​ឯង​ចេញ​ជា​ ផ្លែ​ផ្កា ដែល​អាច​ជួយ​ជីវិត​មនុស្ស​បាន​រាប់​លាន​នាក់នៅ​ទូទាំង​ពិភព​លោក​។ គាត់​បាននិយាយ​ថា គាត់​ពិត​ជា​សំណាង​ខ្លាំង​ណាស់​។
ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​ការ​សាក​ល្បង​នៃ​វ៉ាក់​សាំង​ RTS,S ឬ អាច​ហៅ​បានថា វ៉ាក់សាំង Mosquirix  ត្រូវបាន​គេ​ប្រើ​ប្រាស់​សម្រាប់​កុមារ​អាហ្វ្រិក​ដែលប្រឈម​នឹង​ជំងឺ​គ្រុន​ ចាញ់​ខ្ពស់​។ ពេល​នេះ​វា​បាន​ក្លាយ​ជា​វ៉ាក់សាំង​គ្រុនចាញ់​ដែល​ជោគ​ជ័យ​ដំបូង​បំផុតនៅ​លើ ​លោក ក្នុងការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​ដ៏​សាហាវ​នេះ​។
ដូច​ដែល​លោក​អ្នក​បាន​ដឹង​រួច​មក​ហើយ​ថា គ្រុ​ន​ចាញ់​គឺ​ជា​ជំងឺ​ដែលបង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីតម្យ៉ាង​ដែលនៅ​ក្នុង​ទឹក​ មាត់​របស់​មូស​ដែកគោល។ ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ ៧៨​ម៉ឺននាក់ក្នុង​មួយ​ឆ្នាំ ដែល​ភាគ​ច្រើន​គឺ​ជា​ទារក ឬ​កុមារ​ក្មេងៗ​នៅ​ទិ្វប​អាហ្រ្វិក​។
កុមារ​អាហ្វ្រិក​ជា​អ្នក​ប្រឈម​នឹង​ជំងឺ​គ្រុន​ចាញ់​ខ្ពស់​បំផុត

វីធីធ្វើអោយក្បាលពោះរាបស្មើល្អ

slimសុភាព ​នា​រី​ភាគច្រើន​​មាន​ក្បាល​ពោះគឺ​បណ្តាល​មក​ពី​ការ​​​ទទួល​ទានមិន​បាន​​ ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត រឺ​ក៏មាន​​ទំលាប់​ប្រចាំ​ថ្ងៃ​មិន​សូវ​ល្អ​។​ ថ្ងៃនេះ​ខ្មែរសារិកាសូម​ណែនាំ​វិធី​ ​ជួយ​អោយ​សុ​ភាព​​នារី​មាន​ក្បាល​ពោះ​រាប​ស្មើ​ល្អ។ សូមអនុវត្តន៍​ដូចខាងក្រោម​៖
-ផឹ​ក​​​ទឹក​អោយ​បាន​ច្រើន៖ ព្រោះ​​ទឹក​វា​អាច​ជួយ​រំលាយ​សូដ្យូម​​ចំណែក ​ណា​ដែល​លើស​បាន ហើ​យ​ទឹក​ក៏អាច​ជួយ​កា​ត់​បន្ថយ​អាការៈ​ហើម​ពោះ ឆ្អល់​ពោះ បាន​ទៀត​ផង។​
-បរិ​ភោ​គ​អាហារ​អោយ​យឺតៗ ៖ ត្រូវ​ទំពារ​អោយ​ម៉ដ្ឋ​ដើម្បី​អោ​យ​បាក់​តេរី​ក្នុង​ក្រពះ​មាន​ពេល​រំ​លា​ យ​កាន់​តែ​ច្រើន​ឡើ​ង ដើម្បី​កុំអោយ​កើត​ជាតិ​ឧស្ម័ន​ក្នុង​ក្រពះ​អាហារ។​
-ទុ​ក​កែវ​អំ​បិល​អោយ​ឆ្ងាយ៖ ឬ​បរិភោគ​អំបិល​អោយ​តិច​បំផុត អាច​​ប្តូរ​ជា​គ្រឿង​ទេស​ជំនួស​វិ​ញ​​ក៏​បាន។
-បន្ថែម​ជាតិ​សរសៃ​ទៅ​អោយ​រាង​កាយ៖ ត្រូវ​បរិភោគ​ផ្លែឈើ​អោ​យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ពោះ ឆ្អល់​ពោះ​បាន។
-រក្សា​សុខ​ភា​ព​ពោះ​វៀន៖ គួរ​ទទួល​ទាន​ទឹក​ដោះ​គោ​ជូរ​អោយ​បាន​ជា​ប្រ​ចាំ ដើម្បី​កំចាត់​បាក់​តេរី​ដែល​មិន​មាន​ប្រយោជន៍​អោ​យ​ចេញ​ពី​រាង​កា​​យ ព្រោះ​បាក់តេរី​ទាំង​អស់​នេះ​ជា​មូល​ហេតុ​នាំ​អោយ​ហើម​ពោះ។
-ម៉ា​ស្សា​ខ្លួន​ដោ​យ​ប្រេង​ក្រអូប​ឆួល៖ ការ​ម៉ាស្សា​ប្រេង​នេះ វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ពោះ តឹង​ពោះ​បាន​យ៉ាង​ប្រសើរ។ ប្រេង​ដែល​ណែ​នាំ​នេះ​គឺ ប្រេង​បេស៊ីល ប្រេង​បឺខាម៉ត់ ឬ​ប្រេង​ខាម៉ូ​ម៉ាយរ៍ ដោយ​ត្រូវ​រឹត​ម៉ាស្សា​ទៅ​តាម​ទិស​នៃ​ទ្រ​និច​នាឡិកា។

ទូរសព្ទ​ដៃ​មិន​ចម្លង​ជំងឺ​មហារីក​​ខួរ​ក្បាលនោះទេ​

moblie phone and cancer no linkការ​សិក្សា​ថ្មី​​មួយ​បាន​បញ្ជាក់​ថា​ជំងឺ​មហារី​ក​ខួរ​ក្បាល​ មិន​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ការ​ប្រើប្រាស់​ទូរសព្ទ​ដៃ​ទ្បើយ។
ការ​សិក្សា​ស្រាវ​ជ្រាវ​ចុង​ក្រោយ​នេះ​ដែល​បាន​ដឹក​នាំ​ដោយ​ វិទ្យា​ស្ថាន  Institute of Cancer Epidemiology ក្នុង​ប្រទេស Denmark បាន​សិក្សា​​ទៅ​លើ​មនុស្ស​ប្រមាណ ៣៥០ ០០០​នាក់ ដោយ​ពួកគេ​ទាំងអស់គ្នា​បាន​ប្រើ​ប្រាស់​ទូរសព្ទ ក្នុង​រយៈពេល​ប្រហែលជា ១៨​ឆ្នាំ។
អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នកប្រើ​ប្រាស់​ទូរសព្ទ​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់ជាងអ្នក​ដែល​មិន​ប្រើ​ ទូរសព្ទ​នោះទេ ហើយ​ការ​រក​ឃើញ​នេះ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​វែប​សាយ British Medical Journal។
ក្នុង​ចំណោម​មនុស្ស​ ៣៥០ ០០០​នាក់​ដែល​ប្រើ​ទូរសព្ទ​ក្នុង​រយៈពេល​ដ៏​យូរ​ គេ​បាន​ពិ​និត្យ​ទៅ​ឃើញ​ថា​ មិន​មាន​ការរីក​​រាល​ដាល​នៃ​ ជំងឺ​មហារីក​ខួរ​ក្បាល​​នោះទេ ហើយ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​អ្នក​មិន​ប្រើទូរសព្ទវិញ​គឺ​កំរឹត​នៃ​ជំងឺ​ មហារីក​ខួរ​ក្បាល​មិន​ខុស​គ្នា​ប៉ុន្មានទេ។
ត្រង់​នេះ​គេ​ចង់​បញ្ជាក់ថា បើ​មាន​មនុស្ស​ពី​នាក់ ហើយ​គាត់ទាំងពីរ​នាក់​នោះ​កើត​ជំងឺ​មហារីក​ខួរក្បាលដូច​គ្នា​ ហើយ​មួយ​ប្រើ​ទូរសព្ទ មួយ​ទៀត​មិន​បាន​ប្រើ​ទូរសព្ទទេ ជា​លិទ្ធផល​ដែល​ទទួល​បាន​ គេ​រក​ឃើញ​ថា​ជំងឺ​មហារីក​នៃ​អ្នក​ទាំង​ពី​រ​នោះ មិន​​មាន​ការ​រីក​លូត​លាស់​ខុស​គ្នា​នោះទេ។
ទោះជា​មាន​ការ​រក​ឃើញ​បែប​នេះ​ក៏​ដោយ ក៏​អង្គការ​សុខភាពពិភពលោក WHO  នៅ​តែ​​ចាត់ទុក​ថា​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ដូច​ការ​ផឹក​កាហ្វេ​ដែរ​។ ហើយ​គេ​ក៏​​បាន​​អប់​រំ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ កុំ​ឲ្យ​និយាយ​ទូរសព្ទ​យូរ​ពេក ហើយ​និយាយ​នៅពេល​ដែល​មាន​រឿង​ដែល​ចាំបាច់​និយាយ​តែ​ប៉ុណ្ណោះ ព្រោះ​ថា​អាច​ប៉ះពាល់​ដល់​សុខភាព​ក្មេង​ក្នុង​ករណី​ណា​មួយ។

វិធី​​ងាយៗ​៧​យ៉ាងដើម្បីមានអាយុ​វែង​ និង​គ្មានជំងឺ​

បើយោង ​តាម​វេជ្ជ​បណ្ឌិត​រោគ​បេះ​ដូង​ដ៏​ល្បី គឺ​លោកវេជ្ជ​បណ្ឌិត Clyde Yancy បាន​ឲ្យ​ដឹង​ថា មនុស្ស​អាចរស់នៅបានដល់អាយុ​១០០ឆ្នាំ ដោយ​គ្រាន់តែ​ធ្វើតាមវិធី​សាមញ្ញ​ចំនួន​៧ប៉ុណ្ណោះ​។ ការ​ផ្លាស់ប្ដូរទម្លាប់នៃការ​រស់នៅ ដូចជា​រក្សទម្ងន់​ឲ្យ​បានត្រឹមត្រូវ កុំជក់បារី ហើយ​គ្រប់គ្រង​កម្រិត​កូឡេស្ទេរ៉ូល​ក្នុងខ្លួន​ឲ្យ​បានល្អ​ គឺ​ជា​វិធីដ៏​ងាយ​ស្រួល​ដែល​អាច​នាំ​ឲ្យយើង​រស់នៅ​បាន​អាយុ​វែង​។
ពិត​ណាស់​ប្រសិន​បើវែង​តែអាយុ តែរាងកាយ​ត្រូវទ្រុធទ្រោមដោយ​សារជំងឺនោះ ក៏​មិន​មែ​ន​ជា​អ្វី​ដែលមនុស្សចង់បាន​នោះ​ទេ តែ​វិធីដែលនឹង​បង្ហាញខាងក្រោម គឺ​ជា​វិធីធ្វើមិនឲ្យ​មាន​ជំងឺ​គ្រោះថ្នាក់មកបៀត​បៀនយើងបាន។ លោកវេជ្ជបណ្ឌិតជំនាញខាងលើនេះ បាន​និយាយ​ថា មនុស្សដល់ទៅ​៩០ភាគរយ​ដែលធ្វើតាមដំបូន្មាន​របស់គាត់ គឺអាចរស់នៅបានដល់៩០ ឆ្នាំ​ ឬ​ដល់១០០ឆ្នាំ​។ វិធីទាំង​៧ នោះ គឺអាច​កាត់បន្ថយ​គ្រោះថ្នាក់នៃការកើតជំងឺឃាតករដ៏​សាហាវបំផុតក្នុង​លោក ដូចជា​ ជំងឺ​បេះដូង និងជំងឺទឹកនោមផ្អែមជាដើម។
ខាង​ក្រោម​នេះ គឺ​ជា​វិធីងាយ​​ៗ​សាមញ្ញ​ទាំង​៧ ដែល​ណែ​នាំ​ដោយ​វេជ្ជបណ្ឌិត Clyde Yancy ៖
១- បញ្ចេញសកម្មភាពរាងកាយ​ ៖ បើនិយាយ​ឲ្យ​ស្រួល​ស្ដាប់គឺការ​ហាត់ប្រាណ។ កា​រធ្វើ​ឲ្យ​រាងកាយ​មានសកម្មភាព គឺអាច​ជួយបង្កើន​​ជីវិតមនុស្ស​លើស​អាយុ​សង្ឃឹមរស់ដល់ទៅ​ជិត​​៤ឆ្នាំ​ឯ​ណោះ​។ មនុស្សដែលអត់សូវបញ្ចេញសកម្មភាព ឬអត់ហាត់ប្រាណ គឺនឹងប្រឈមនឹង​ហានីភ័យ​នៃជំងឺបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាល (ស្រ្ដូក) ដល់ទៅ​២ដងលើស​អ្នកហាត់ប្រាណ​។
២- ដឹង​ និង​ចេះ​គ្រប់គ្រងកម្រិតកូឡេស្ទេរ៉ូល ៖ ការមានកម្រិតកូឡេស្ទេរ៉ូលក្នុង​ឈាមខ្ពស់ គឺអាចបណ្ដាលឲ្យ​ឈានទៅដល់​កា​រកើត​ជំងឺ​បេះ​ដូង (មេឃាតករ​កំពូល) និង​ជំងឺ​ស្រ្ដូកបាន ដូច្នេះ​មិនត្រូវភ្លេចគិត​ពីរឿង​កូឡេស្ទេរ៉ូលក្នុង​ខ្លួន​នោះទេ។
៣- ញ៉ាំ​អាហារ​ដែលមានប្រយោជន៍​ចំពោះសុខ​ភាព ៖ ការ​ទទួល​ទាន​នូវអាហារ​ដែលមានប្រយោជន៍​ចំពោះសុខភាព ដែលរួមមាន​ផ្លែ​ឈើ និង​បន្លែ គឺ​ជា​វិធី​មួយ​ក្នុង​ចំណោមវិធីដ៏​ល្អបំផុតក្នុង​ការ​ជួយ​ថែរក្សាសុខ​ ភាពរបស់​លោកអ្នក​។
៤- ដឹង​ និង​ចេះ​គ្រប់គ្រង​សម្ពាធឈាម ៖ ការឡើង​សម្ពាធ​ឈាមខ្ពស់ ឬ​ហៅ​ជា​សាមញ្ញ​ថាលើស​ឈាម គឺ​ត្រូវបានគេ​ហៅ​ថា ជា​ឃាតករដ៏​ស្ងៀម​ស្ងាត់បំផុតមួយ ដោយ​សារ​តែ​វា​មិនមាន​រោគសញ្ញា​ ឬ​អាការៈ​បង្ហាញ​ឲ្យ​ដឹងមុននោះ​ទេ ដែល​បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​អស់​មិន​តិច​ឡើយ​។ ការ​ដឹង​ និងចេះគ្រប់គ្រងសម្ពាធឈាមរបស់ខ្លួន​ឯង​បាន​ អ្នក​អាចកាត់បន្ថយ​ហានីភ័យ​នៃជំងឺស្រ្ដូកបានដល់ទៅ ៤០ភាគរយ ហើយ​ក៏​កាត់បន្ថយការ​គាំង​បេះ​ដូង​បាន​ដល់ទៅ​ ២៥ភាគរយ​ផងដែរ​។
៥- ធ្វើឲ្យ​មានទម្ងន់មួយ​ដែលសមស្របចំពោះ​សុខ​ភាព​ និង​ថែរក្សាទម្ងន់នោះ ៖ មនុស្ស​ស្ទើតែ​២ភាគ​៣នៅក្នុង​ប្រទេស​អ្នកមាន គឺកំពុងតែ​ប្រឈមមុខ​នឹងការធាត់លើសទម្ងន់។ ការ​ធាត់​លើស​ទម្ងន់នេះ​ហើយ ដែល​ជា​កត្តា​គ្រោះថ្នាក់ដ៏​ចម្បង​មួយ ដែល​ធ្វើ​ឲ្យ​ឈានទៅដល់ការ​កើត​ជំងឺ​បេះដូង និង​ស្រ្ដូក​។ ការ​ធាត់លើសទម្ងន់ គឺ​អាចកាត់​បន្ថយ​អាយុ​សង្ឃឹមរស់ដល់ទៅ ៤ឆ្នាំឯ​ណោះ​។
៦- ការ​ពារជំងឺទឹកនោមផ្អែម ៖ ជំងឺទឹកនោមផ្អែម​ អាចបង្កើនគ្រោះថ្នាក់ក្នុងការឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាម ជាពិសេស​វា​កាន់​តែ​គ្រោះ​ថ្នាក់​មួយ​កម្រិត​ទៀត ប្រសិន​បើ​អ្នកមិន​បាន​ត្រួត​ពិនិត្យ​មើល និង​គ្រប់គ្រង​កម្រិត​ជាតិស្កនៅក្នុង​ឈាម។​
៧- ជៀសវាងឲ្យ​ផុតពី​ថ្នាំជក់ ៖ ពាក់កណ្ដាលនៃ​អ្នក​ជក់បារីរយៈពេលយូរ បានស្លាប់មុនអាយុ​ ដោយ​សារ​តែ​បារី​បានបង្កឲ្យ​កើត​ជំងឺ​គ្រោះថ្នាក់ជា​ច្រើន​ ដូច​ជា​ ជំងឺ​បេះ​ដូង ជំងឺមហារីកសួត និង​ជំងឺ​ជាច្រើន​ទៀត​។ ប្រសិន​បើ​អ្នក​ឈប់​ជក់​បារីបាន​កាន់តែ​ឆាប់ នោះ​ហានីភ័យ​នៃ​ការ​កើត​ជំងឺបេះដូង និង​ជំងឺ​ផ្សេង​ទៀត​បានកាន់តែឆាប់ដែរ​។
ទឹក​សណ្ដែក
ការ ​រក​ឃើញ​ថ្មី​មួយរបស់​ក្រុម​អ្នក​ស្រា​វជ្រាវ​​បាន​បង្ហាញ​ថា ប្រតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​សណ្ដែក គឺ​ពិត​ជា​ល្អ​ជាង​ប្រតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ ដោយ​សារ​វា​អាច​បង្កើន​កម្រិត​កូឡេស្ទេរ៉ូល HDL (កូឡេស្ទេរ៉ូល​ល្អ) ​ដើម្បី​ជួយ​ទ្រទ្រង់​សុខ​ភាព​របស់​យើង​ម្នាក់ៗ​ ព្រម​ទាំង​អាច​កាត់​បន្ថយ​កម្រិត​តេលិកា​ឈាម​ (blood lipids) ផង​ដែរ​​។ លោក​វេជ្ជ​បណ្ឌិត​ Elaine Krul ដែល​ជា​សហ​ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ បាន​បញ្ជាក់ថា ជំងឺ​បេះ​ដូង គឺ​ជា​ជំងឺ​ដែលជាប់​លេខ​មួយ​ក្នុង​នា​ម​ជា​អ្នកសម្លាប់​មនុស្ស​ច្រើន​ជាង​គេ ​លើ​លោក​។ ការ​កាត់​បន្ថយ​កម្រិត​តេលិកាឈាម គឺ​ស្មើ​នឹង​ការ​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង និង​ជំងឺ​ស្រ្ដូក ដូច្នេះ​ប្រតូអ៊ីន​ដែល​មាន​ក្នុង​ទឹក​សណ្ដែក​គឺ​ពិត​ជា​អាច​កាត់បន្ថយ​គ្រោះ ​ថ្នាក់​នៃការ​កើត​ជំងឺ​ដ៏​សាហាវ​ទាំង​ពីរ​នេះ​បាន​ផងដែរ​។
ក្រុម​អ្នក​ជំនាញ​ដែល​មក​ពី​សាកល​វិទ្យាល័យ​ Mississippi, សាកល​វិទ្យាល័យ Tulane និងKaiser Permanente Southern California បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​ដែល​បានមក​ពីការ​សិក្សា​លើ​​មនុស្ស​ពេញ​ វ័យ​ដែល​មានសុខ​ភាព​ល្អ​នៅ​អាមេរិក​ចំនួន​ ៣៥២នាក់ ដែលមាន​អាយុ​ជា​មធ្យម ៤៧,៧ឆ្នាំ​។
ក្រោយ​ពី​បាន​ធ្វើ​ការ​តាម​ដាន​លើការ​សិក្សា​នេះ​រយៈ​ពេល​៥ឆ្នាំ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថាប្រតេអ៊ីន​ក្នុង​ទឹក​សណ្ដែក​គឺ​ធ្វើ​ ឲ្យ​មាន​ការ​កើន​ឡើង​កូឡេស្ទេរ៉ូល HDL ចំនួន​ ១,៥៤mg/dl ខណៈ​ដែល​ ប្រតេអ៊ីន​ដែល​មានក្នុងទឹក​ដោះ​គោ គឺ​បែរ​ជាកាត់​បន្ថយ​កូឡេស្ទេរ៉ូល HDL ដែល​ល្អ​នេះចំនួន ១,១៣​ mg/dl ​ទៅ​វិញ។
លោក​វេជ្ជ​បណ្ឌិត Krul បាន​បញ្ជាក់​ផង​ដែរ​ថា ប្រសិន​បើ​អ្នក​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅប្រចាំ​ថ្ងៃ​ ដោយទទួល​ទាន​ទឹក​សណ្ដែក​ជា​ប្រចាំ នោះ​វា​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន​ចំពោះ​សុខ​ភាព​របស់​លោ​ក​អ្នក​។
ការ​ស្រាវ​ជ្រាវ​នេះ​ ក៏​នឹ​ង​បន្ដ​ឲ្យ​ឃើញថា ប្រតេអ៊ីន​ទឹក​សណ្ដែក​ អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្ទេរ៉ូល LDL (កូឡេស្ទេរ៉ូល​មិន​ល្អ) ដែល​ជា​អ្នក​បង្ក​ជំងឺ​បេះ​ដូង​។
ក្រោយ​ពី​រក​ឃើញ ការ​សិក្សា​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ភផ្សាយ​នៅក្នុង​ព្រឹត្តប័ត្រ​ European Journal of Clinical Nutrition។

ឲ្យ​ក្មេង​​លេង​នៅ​ខាង​ក្រៅ​អាច​​កាត់​បន្ថយ​ជំងឺ​មីញ៉ូប​

out doorការ ​សិក្សា​ថ្មី​មួយ​នៅ​សកលវិទ្យា​ល័យ Cambridge ប្រទេស​អង់គ្លេសដោយ​លោក ​Justin Sherwin​ ​​បាន​រក​ឃើញ​ថា​ការ​ចំណាយពេលវេលា​នៅ​ខាង​ក្រៅ​ផ្ទះ​​គឺ​ជួយ​ឲ្យ​ក្មេង​ៗ​ កាត់​បន្ថយ​ការ​កើត​ជំងឺ មីញ៉ូប​ភ្នែក​។​
យើង​បាន​ឃើញ​ហើយ​ថា​មាន​ក្មេង​ជា​ច្រើន​កំពុង​តែ​កើត​ជំងឺ​ មីញ៉ូប​ភ្នែក ជាពិសេស​នៅ​ក្នុងទី​ក្រុង​ធំៗ​តែ​ម្តង ក្នុង​នោះទី​ក្រុង​ភ្នំពេញ​ក៏​មាន​ក្មេង​ៗ​ដែល​មីញ៉ូប​ភ្នែក​កើន​ទ្បើង​ ច្រើន​ដែរ ជាពិសេស​សិស្ស​សាលា​។ ប៉ុន្តែ​បើ​យើង​ក្រ​លេក​មើល​ទៅ​តាម​ទីជនបទ​វិញ គឺ​ក្មេង​ៗ​មិន​សូវ​មានជំងឺ​មីញ៉ូប​ភ្នែក​កើន​​ទ្បើង​ច្រើន​ទេ។
នេះ​បញ្ជាក់ថា ការ​សិក្សា​ថ្មី​នេះ​គឺ​ពិតជា​ត្រឹម​ត្រូវ​ណាស់ ពីព្រោះ​នៅ​ក្នុង​ទី​ក្រុង​ ក្មេង​ៗភាគ​ច្រើន​​មិន​សូវ​ជា​ចេញ​ទៅ​ក្រៅ​ប៉ុន្មានទេ ហើយ​ភាគ​ច្រើន​គេ​ចំណាយពេល​នៅ​ក្នុង​ផ្ទះ ឬ​នៅ​បន្ទប់​រៀន​​ ខុសគ្នា​ពី​ក្មេង​នៅជន​បទ ពួកគេ​ចំណាយពេល​ច្រើន​នៅទី​វាល។
ការ​សិក្សា​នេះ​គេ​បាន ពន្យល់ថា កាលណា​ក្មេង​ៗមើល​ទៅ​វត្ថុ​ទាំងទ្បាយ​ណា​ដែល​មាន​ចំងាយ​ឆ្ងាយពី​ភ្នែក ក្មេង​នោះ​​នឹង​អាច​កាត់​បន្ថយ​​ជំងឺ​មីញ៉ូប​ភ្នែកបាន ហើយ​ពន្លឺ​ធម្មជាតិ​ដែល​បាន​មក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ក៏​ជា​កត្តា​ដ៏​ សំខាន់​សម្រាប់​សុខភាព​ភ្នែក​របស់​ក្មេង​ៗ​ដែរ។
បើ​យើង​គិត​ឲ្យ​បាន​ស៊ីជម្រៅ​នោះ​ យើង​នឹង​ឃើញ​ថា កាលណា​ក្មេង​នៅ​ក្នុង​ផ្ទះ​ច្រើន ភ្នែក​របស់វា​នឹង​ទទួល​បាន​ពន្លឺ​មិន​គ្រប់​គ្រាន់ ដូច​នេះ​វា​អាច​មើល​របស់​ផ្សេងៗ​ស្រវាំង​មិន​ច្បាស់ ហើយ​កាលណា​វា​នៅ​ក្នុង​ផ្ទះ​ច្រើន គឺ​វា​អាច​មើល​ទូរទស្សន៍​ច្រើន ឬ​ក៏​ប្រើ​កុំព្យូទ័រ​ច្រើន ឬ​ក៏​ប្រើ​ប្រាស់ទូរសព្ទទំនើប​ច្រើន​ម៉ោង ដែល​កត្តាទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួក​វា​អាច​នឹង​ឆាប់​ ខូចភ្នែក​ ហើយ​ក្លាយជា​មីញ៉ូម។
ដូច​នេះ​យើង​គួរ​ឲ្យ​ក្មេង​នៅ​ខាង​ក្រៅ​ផ្ទះ​ឲ្យ​បាន​ច្រើន ជា​ពិសេស​នៅពេល​ថ្ងៃ​ដើម្បី​ឲ្យ​ភ្នែក​របស់ទទួល​ពន្លឺ​ធម្មជាតិបាន​ច្រើន តែ​យើង​ត្រូវ​ចង​ចាំថា ពន្លឺ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ក្មេង​មានជំងឺ​មហារីកស្បែកបាន​។
ទទួល​ពន្លឺ​ថ្ងៃ ក្នុង​កំរឹត​សម​ស្រប​ណា​មួយ​ គឺ​ពិតជា​ល្អ​សម្រាប់​សុខភាព​របស់អ្នក ហើយ​ភ្នែក​របស់អ្នក​ក៏​ល្អ​ដែរ។

គេង​មិនលក់ បង្កើន​គ្រោះថ្នាក់​នៃ​ជំងឺ​គាំង​បេះ​ដូង​

1ការ ​គេង​មិន​លក់ គឺ​ស្ទើ​តែ​កើត​មាន​ឡើង​លើ​មនុស្ស​គ្រប់​គ្នា​ទៅ​ហើយ ជា​ពិសេស​គឺ​ចាស់​ៗ ដែល​វា​បាន​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​។ ជាង​នេះ​ទៅ​ទៀត ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​បាន​បញ្ជាក់ថា វា​ក៏​ជា​អ្នក​បង្ក​ឲ្យ​កើត​ជំងឺ​គាំង​​បេះ​ដូង​ផង​ដែរ​។
ការសិក្សា​ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​រក​ឃើញថា អ្នក​ដែ​ល​គេង​មិន​លក់​ នឹង​ប្រឈម​មុខ​នឹងហានីភ័យដ៏​ខ្ពស់​​នៃ​ជំងឺ​គាំង​បេះ​ដូង​ ពោល​គឺ​លើស​អ្នកដែល​គេង​លក់​ធម្មតា​ដល់ទៅ​ ៤៥​ភាគ​រយ​ឯណោះ​។
លោក​វេជ្ជ​បណ្ឌិត Lars Erik Laugsand ម​កពី​សាកលវិទ្យាល័យ Norwegian University of Science and Technology នៅ​ប្រទេស​ណ័រ​វេ ហើយ​ក៏​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ បាន​និយាយ​ថា បញ្ហា​នៃការ​គេង​មិនលក់ គឺ​បាន​ក្លាយ​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ហើយ​វា​ក៏​មិន​ពិបាក​ក្នុ​ងការ​ព្យាបាល​ដែរ តែ​យ៉ាង​ណា​ក៏​ដោយ​មនុស្ស​គ្រប់​រូបត្រូវ​តែ​ដឹង​ពី​ទំនាក់​ទំនង​រវាង​ការ​ គេង​មិនលក់​នេះ ជាមួយ​នឹង​ជំងឺ​គាំង​បេះ​ដូង​ ហើយ​ត្រូ​វ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​កំពុង​តែ​គេង​មិន​លក់​ មែន​នោះ​។
ការ​សិក្សា​ដែល​បោះ​ពុម្ភ​ផ្សាយ​នៅក្នុង​ព្រឹត្តបត្រ Journal of the American Heart Association នេះ បាន​ធ្វើ​ការ​ពិនិត្យ​លើ​ហានីភ័យ​នៃ​ជំងឺ​គាំង​បេះ​ដូង​ចំពោះ​អ្នក​ដែល​គេង​ មិន​លក់ ហើយ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​គេង​លក់​ធម្មតា​។
ជា​លទ្ធផល​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អ្នក​​ដែល​ពិបាក​ក្នុង​ការ​គេង​លក់ស្ទើ​តែ​រៀង​រាល់​យប់ក្នុង​មួយ​ខែ​ចុង​ ក្រោយ បាន​ប្រឈម​មុខ​​នឹង​គ្រោះ​ថ្នាក់​នៃជំងឺ​ដ៏​សាហាវ​នេះ​ដល់​ទៅ ៤៥ភាគ​រយ​ឯណោះ។
ការ​សិក្សា​នេះ បាន​ធ្វើ​ឡើង​ចំពោះ​មនុស្ស​ពេញ​វ័យ​ជា​ជន​ជាតិ​ណ័រ​វេ ចំនួន ៥២៦១០នាក់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​វិភាគ​លើ​ទិន្នន័យ​របស់​មន្ទីរ​ពេទ្យ​ ដើម្បី​ចេញ​ជាលទ្ធផល​ដូច​ខាង​លើ​នោះ​។
លើស​ពី​នេះទៀត គេ​ក៏​បាន​រក​ឃើញ​ដែរ​ថា ៣៣ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន​ណ័រ​វេ​ទាំង​អស់​ បាន​កើត​ជំងឺ​គេង​មិន​លក់​នេះ​។
អ្វី​ដែល​ធ្វើ​ឲ្យ​ការ​សិក្សា​នេះ​កាន់​តែ​អាច​ជឿ​បាននោះ គឺ​ដោយ​សារ​តែ​មាន​ការ​សិក្សា​មុន​នេះ​ជាច្រើន​ទៀត ក៏​បាន​រក​ឃើញស្រដៀង​គ្នា​នេះ​ដែរ ពោល​គឺ​គេង​មិនលក់​ នឹង​ប្រឈម​មុខ​នឹង​ជំងឺ​លើស​ឈាម និង​គាំង​បេះ​ដូង​។
សរុប​មក​វិញ ប្រសិន​បើ​អ្នក​ជួប​ប្រទះ​នូវ​បញ្ហា​គេង​​មិនសូវ​លក់​នា​ពេ​​ល​យប់ ចាំ​បាច់​ត្រូវ​ជួប​ពេទ្យ ដើម្បីរក​ដំណោះ​ស្រាយ ព្រោះ​ជំងឺ​គាំង​បេះ​ដូង គឺ​ជា​ជំងឺ​ដ៏​សាហាវ ប្រៀប​បាន​ឃាតករ​ស្ងៀម​ស្ងាត់​មួយអញ្ចឹង​។

ផឹក​ស្រា ក៏​ធ្វើ​ឲ្យ​កើត​មហារីក​សួត​ដែរ!

សូម ​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​ចូល​ចិត្ត​គ្រឿង​ស្រវឹង  ព្រោះ​ថា​វា​មិន​ត្រឹម​តែ​បង្ក​ឲ្យ​កើត​មហារីក​ថ្លើម​ដូច​អ្នក​ទាំង​អស់​ គ្នា​ធ្លាប់​បាន​ដឹង​នោះ​ទេ ប៉ុន្ដែ​វា​ក៏​អាច​បង្ក​ឲ្យ​កើត​មហារីក​សួត​ផង​ដែរ បើ​តាម​ការ​រក​ឃើញ​ថ្មីមួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​។
ការ​សិក្សា​ដ៏​ថ្មី​បំផុត​នេះ បាន​រក​ឃើញ​ថា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក ឬ និយាយ​ឲ្យ​ស្រួល​ស្ដាប់​ថា ផឹក​ទាល់​តែ​ស្រវឹង​ គឺ​នឹង​អាច​អភិវឌ្ឍ​ទៅ​រក​ការ​កើត​ជំងឺ​មហារីក​សួត​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​​មក​ពី​កាលីហ្វ័រ​ញ៉ា សហរដ្ឋ​អាមេរិកនេះ បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ទិន្នន័យ​សុខ​ភាព​ដែល​បាន​កត់​ត្រា​ទុក​ចំនួន ១២៦២៩៣នាក់ ចាប់​ពីឆ្នាំ ១៩៧៨ ដល់​ឆ្នាំ​២០០៨។​ គ្រប់​អ្នក​ចូល​រួម​ទាំង​អស់​ ត្រូវ​តម្រូវ​ឲ្យ​ប្រាប់​ពី​ការ​ជក់​បារី ការ​ផឹក​គ្រឿ​ងស្រវឹង និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត​។
កំឡុង​ពេល​នៃ​ការ​តាម​ដាន​ក្នុង​ការ​សិក្សា​នេះ អ្នក​ចូលរួម​ប្រមាន ១៨៥២នាក់ បាន​កើត​មហារីកសួត​។
ស្រប​ពេល​ដែល​ បារី​គឺ​ជា​ភ្នាក់​ងារ​ដ៏​ខ្លាំង​បំផុត​ក្នុង​ការ​បង្ក​ឲ្យ​កើត​មហារីក​សួត​ នោះ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ក៏​អាច​បង្កើន​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​ផង​ ដែរ​។
បន្ថែម​លើ​នេះ​ទៀត ការ​ផឹក​ស្រា​ គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​ស្រាបៀ​បើ​គិត​លើ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​សួត​។
លោក​ Stanton Siu ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​បញ្ជាក់​ថា ការ​ញ៉ាំ​ស្រា​ច្រើ​ន​ពេក គឺ​នឹង​បង្ក​ជា​ផល​ប៉ះពាល់​ច្រើន​ណាស់​ ទាក់​ទង​នឹង​ជំងឺ​បេះដូង ជំងឺ​ថ្លើម ហើយ​ពេល​នេះ​គឺ​ជំងឺ​មហារីក​សួត​មួយ​ទៀត​។
ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ចង់​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ជំងឺ​មហារីក​សួត ក៏​អាច​ធ្វើ​បាន​ដែរ ពោល​គឺ​ញ៉ាំ​តែ​ខ្មៅ និង​ផ្លែ​ឈើ​។ ការ​អះ​អាង​បែប​នេះ​ គឺ​យោង​តាម​ការ​ស្រាវ​ជ្រាវ​មួ​យ​ផ្សេង​ទៀត​ របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដែលមក​ពី​សាធារណៈ​រដ្ឋ​ឆែក។
ជា​ចុង​ក្រោយ​ អ្វី​ដែល​អ្នក​ជំនាញ​ចង់​បញ្ជាក់​ប្រាប់​ដែរ​នោះ គឺ​ត្រូវ​កាត់​បន្ថយការ​ទទួលទាន​ជាតិ​អាល់​កុល​ឲ្យ​បាន​សម​ល្មម​ ដើម្បី​ការ​ពារ​ខ្លួន​ពីជំងឺសាហាវ​ៗ​នានា ក៏​ដូច​ជា​ការ​ពារ​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​ផង​ដែរ​។

អាហារ​ឆ្លាត​វៃ​ទាំង​៦ ជួយ​ឲ្យ​អ្នក​មាន​សុខ​ភាព​ល្អ​!

1អាហារ ​ទាំង​៦ ប្រភេទ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​អាហារ​វ័យ​ឆ្លាត សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​សារ​សុខ​ភាព​ល្អ​នេះ គឺ​ល្អ​ជាង​ឱសថ​ទៅ​ទៀត ដោយ​សារ​តែ​ឱសថ​ជា​អាវុធ​មុខ​ពីរ តែ​ពួក​វា​ទាំង​៦​ ដែល​ប្រិយមិត្ត​នឹង​ឃើញ​ខាង​ក្រោម​នេះ គឺ​មិន​មាន​ផល​ប៉ះ​ពាល់​សុ​ខភាព​នោះ​ទេ។ ជាមួយ​នឹង​សារធាតុ​ពី​ធម្មជាតិ​ដែល​អាច​ជម្រុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ នឹង​ជំងឺ វា​នឹង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​សុខ​ភាពល្អ​ប្រសើរ។
អាហារ​ទាំង​៦ប្រភេទនោះ​ មាន​ដូច​ខាង​ក្រោម៖
១- អាហារ​បៃ​តង
ពាក្យ​ថា​អាហារ​បៃ​តង​​នៅ​ទីនេះ គឺ​សំដៅ​លើ​បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃ​តង ដែល​ពួក​វា​មាន ១០០កាឡូរី​ក្នុង​មួយ​ ដែល​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សម្រក​ទម្ងន់។ បន្លែ​បៃ​តង​ ក៏​ផ្ទុក​ទៅ​ដោយ​ប្រភព​ល្អៗ​ដ៏​សំបូរ​បែប​ដូច​ជា ហ្វៃប៊ើ អាស៊ីតហ្វូលីច វីតាមីនសេ ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ផង​ដែរ​។
សារធាតុទាំង​នោះ អាច​ជួយ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក និង​ជំងឺ​បេះ​ដូង​។ បន្ថែម​លើ​នេះ​ទៀត ពួក​វា​ក៏​មាន​ សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ទៀត​ផង ដូច​ជា Lutein និង Zeaxanthin ដែល​ជួយ​ការ​ពារ​ភ្នែក​ឲ្យ​ភ្លឺ​ច្បាស់​។
បើយោង ​តាម​ការ​សិក្សា​ផ្សេង​ៗ​ជា​ច្រើន បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​បន្លែ​បៃ​តង​មួយ​ថ្ងៃ​ឲ្យ​បាន​ម្ដង​ គឺ​នឹង​ជួយ​កាត់​បន្ថយ​ជំងឺ​បេះ​ដូង​បាន​ ១១ភាគ​រយ​ ហើយ​ប្រសិន​បើ​ញ៉ាំ​លើស​ពី​ម្ដង​ឡើង​ទៅ នោះ​វា​ក៏​នឹង​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​បាន ៩ភាគ​រយ​ផង​ដែរ​។ បន្លែ​ស្លឹក​បៃតង​ ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក និង​កាល់​ស្យូម​ ដែល​សំខាន់​សម្រាប់​ជំនួយ​ឆ្អឹង​លោក​អ្នក​ផង​ដែរ​។
២- ខ្ទឹម​បារាំង
ប៉ុន្មានថ្ងៃ​មុន​នេះ លោក​អ្នក​បាន​ដឹង​រួច​មក​ហើយ​ថា ខ្ទឹម​បារាំង​ក៏​ស្ថិត​ក្នុង​ចំណោម​អាហារ​​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ក្លិន​មិន ​ល្អ ប៉ុន្ដែ​ទន្ទឹម​នឹង​ចំណុចអវិជ្ជមាន​តូច​មួយ​នេះ ខ្ទឹម​បារាំង​ក៏​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​ដែរ។ ខ្ទឹម​បារាំង ជា​ប្រភព​ដ៏​ល្អ​បំផុត​ ដែល​ជួយ​ការ​ពារ​លោក​អ្នក​ឲ្យ​ជៀស​ផុត​ពី​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត។ លើស​ពី​នេះ​ទៀត ដោយ​មាន​ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ខ្ពស់ គឺ Quercetin ខ្ទឹម​បារាំង​ នឹង​កាត់​បន្ថយ​កោសិកា​ដែល​ងាប់​ក្នុង​ករណី​កើត​មហារីក​ពោះ​វៀន​។
៣- ផ្សិត
យោង ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្សិត​១០ក្រាម​ ក្នុង​មួយ​ថ្ងៃ​ នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​កើត​មហារីក​សុដន់ ដល់​ទៅ​៦៤ភាគ​រយ។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក ញ៉ាំ​តែ​បៃ​តងមួយ​ពែង​ ជាមួយ​នឹង​ផ្សិត​ ជា​រៀង​រាល់​ថ្ងៃ​ ក៏​នឹង​ជួយ​កាត់​បន្ថយ​ជំងឺ​ដ៏​សាហាវ​នេះ រហូត​ដល់ ៨៩​ភាគ​រយ​ឯណោះ។
ផល​ប្រយោជន៍​ផ្សេង​ទៀតរបស់​ផ្សិត រួម​មាន​ ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​ពារ​ការ​ខូច​ខាត​ DNA ផង​ដែរ​។
៤- ប៊ើរី
ដូច ​ដែល​ប្រិយ​មិត្ត​ធ្លាប់​បាន​អាន​ក្នុង​អត្ថ​បទ​សុខ​ភាព​មុន​ៗ​របស់​ខ្មែរ​ សារិកា​មក​ហើយ​ថា ពពួក​ផ្លែ​ប៊ើរី គឺ​មាន​ច្រើន​ប្រភេទ​ ដូច​ជា​ស្រ្ដ័រប៊ើរី ប៊្លូ​ប៊ើរី និង​ប៊្លែក​ប៊ើរី​ជាដើម ហើយពួក​វា​ សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មដូច​គ្នា ដែល​នឹង​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​បាន​។
លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ប៊ើរី ក៏​នឹង​ជួយ​បង្កើន​ការ​ចង​ចាំ​ និង​ជម្រុញ​សកម្ម​ភាព​ក្នុង​ខួរ​ក្បាល​បាន​ទៀត​ផង​។
៥- សណ្ដែក
សណ្ដែក ​ គឺ​ជា​ប្រភព​ដ៏​ល្អបំផុត​ នៃ​កាបូហ៊ីដ្រាត​ ហើយ​ក៏​អាច​ការ​ពារ​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ផងដែរ​។ ការ​ទទួល​ទាន​សណ្ដែក​ ឲ្យ​បាន​យ៉ាង​តិច​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ គឺ​នឹង​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ជំងឺ​មហារីក​ពោះ​វៀន​ ដល់​ទៅ​៥០ភាគ​រយ​។
៦- គ្រាប់​ធញ្ញជាតិ
គ្រាប់ ​ធញ្ញជាតិ​ មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​មាន​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា​សារធាតុរ៉េ និង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ជាច្រើន​ទៀត​។
គ្រាប់​ធញ្ញជាតិ​ដែល​ល្អ​ រួម​មាន គ្រាប់​ផ្កា​ឈូក​រ័ត្ន និង​ គ្រាប់​ល្ពៅ​ជាដើម​។​ គ្រាប់​ផ្កា​ឈូក​រ័ត្ន​មាន​ផ្ទុក​ទៅ​ដោយ​ ប្រូតេអ៊ីន និង​ជាតិ​រ៉ែ, គ្រាប់​ ខណៈ​ដែល​គ្រាប់​ល្ពៅ មាន​ជាតិ​ដែក កាល់​ស្យូម និង​សង្កសី។

ស្រ្ដរ​ប៊ើរី អាច​ជំនួយ​ក្រពះ​របស់​អ្នក​ផឹក​គ្រឿង​ស្រវឹង

ប្រសិន ​បើអ្នក​ជា​មនុស្ស​ចូល​ចិត្ត​ទទួល​ទាន​គ្រឿង​ស្រវឹង នេះ​គឺ​ជា​ដំណឹង​ល្អ​ថ្មីមួយ​​សម្រាប់លោក​អ្នក​។ យោងតាម​ការ​រក​ឃើញ​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ស្រ្ដរប៊ើរី ឬ​ផឹក​ទឹក​ផ្លែ​ស្រ្ដរប៊ើរី នឹង​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​របស់​គ្រឿង​ស្រវឹង​ចំពោះក្រពះរបស់​អ្នក​បាន ​។
ប្រិយមិត្ត​ទាំង​អស់គ្នា​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​ផឹក​គ្រឿង​ស្រវឹង​ គឺ​ពិត​ជា​មិនល្អ​នោះ​ទេ​សម្រាប់​ក្រពះរបស់​យើង​​ ដែល​នេះគឺ​ដោយ​សារ​ជាតិ​អេតាណុល ដែលមាន​នៅ​ក្នុង​គ្រឿង​ស្រវឹង​ទាំង​នោះ បាន​បំផ្លាញ​ក្រពះ​ រហូត​ឈាន​ដល់​ការ​កើត​ជំងឺ​រលាក​​ក្រពះ​ទៀត​ផង​។
ដើម្បី​រកឲ្យ​ឃើញ​ពី​ផល​ប្រយោជន៍​នៃ​ស្រ្ដរ​ប៊ើរី​ក្នុង​​ការ​ការ​ពារ​ ក្រពះ ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង ក្រុមអ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​អ៊ីតាលី ស៊ើប៊ី និង​អេស្ប៉ាញ បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្ដុរ​។ ក្នុង​កំឡុង​ពេល​១០ថ្ងៃ​ កណ្ដុរ​សម្រាប់​ពិសោធន៍​​ទាំង​នោះ​ ត្រូវ​គេ​ផ្ដល់​ឲ្យ​នូវ​ផ្លែ​ស្រ្ដរប៊ើរី​ ៤០ក្រាម​ក្នុង​មួយ​ថ្ងៃ​ មុន​ពេល​បញ្រ្ចក​​ស្រា​ចូល​។
ក្រោយ​ពី​រយៈពេល​១០ថ្ងៃ​នេះ ក្រុម អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា សត្វ​កណ្ដុរ​ភាគ​តិច​ណាស់ដែល​កើត​ជំងឺ​រលាក​ក្រពះ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​កណ្ដុរ​ដែល​មិន​ទទួល​បាន​ផ្លែ​ស្រ្ដរ​ប៊ើរី​។
ឆ្លើយ​តប​ចំពោះ​ការ​រក​ឃើញនេះ លោក Sara Tulipani មក​ពី​សាកល​វិទ្យាល័យ​បាសេឡូណា​ ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ បាន​និយាយ​​ថា ផល​វិជ្ជមានរបស់ស្រ្ដរប៊ើរី គឺ​មិន​ត្រឹម​តែ​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្មប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ធាតុ​ពិត​វា​ថែម​ទាំង​អាច​ការ​ពារ​រាង​កាយ​យើង​ពី​ជំងឺ​បាន​ទៀត​ផង​ ។
គូរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​មិន​បាន​រក​ឃើញ​ថា ស្រ្ដរប៊ើរី​អាច​ជួយ​កាត់​បន្ថយ​ភាព​ស្រវឹង​បាន​នោះទេ គ្រាន់​តែ​អាច​ជួយ​ដល់​ក្រពះ​ដែល​កំពុង​លិច​លង់​ក្នុង​សុរា​ប៉ុណ្ណោះ​។

ទឹក​នោម​ផ្អែម​កើន​ឡើង​ពីរ​ដង​ដោយ​សារ​ធាត់​

អ្នក​ដែល​ធាត់​
ចំនួន ​នៃ​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បាន​កើន​ឡើង​យ៉ាង​លឿន​នៅ​ទូទាំង​ពិភព​លោក​ ជាពិសេស​នៅ​ប្រទេស​អ្នក​មាន​។ នៅ​ចក្រភព​អង់គ្លេស​ ជំងឺ​នេះ​បានកើន​ឡើង​ដល់​ទៅ ៥០ភាគ​រយ​ គ្រាន់​តែ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ប៉ុណ្ណោះ​ ដែល​ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ធាត់​លើស​ទម្ងន់​។ មនុស្ស​ពេញ​វ័យ​ និង​កុមារនៅអង់គ្លេស​​ប្រមាណ៣លាន​នាក់ បាន​រង​គ្រោះ​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ដែល​នេះស្មើ​នឹង​ការកើន​ឡើង ១១៧០០០នាក់ ក្នុងរយៈ​ពេល​១២ខែ​ចុង​ក្រោយ​។
ក្រុម​មូលនិធិ​ទឹក​នោម​ផ្អែម​ប្រចាំ​ចក្រ​ភព​អង់គ្លេស​បាន​ធ្វើ​ការ​ ព្រមាន​ថា ទឹក​ប្រាក់​ជា​ច្រើន​ពាក់​លាន​ដុល្លារ ត្រូវ​បាន​ចំណាយ​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ ដែល​នេះ​ស្ទើ​តែ​ស្មើ​នឹង​មួយ​ភាគ​ដប់​ នៃ​ទឹក​ប្រាក់ដែល​ចំណាយ​លើ​ជំងឺ​ផ្សេង​ៗ​។
៩០ភាគ​រយ​នៃ​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ គឺ​ប្រភេទ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ដែល​បណ្ដាល​មក​ពី​ការ​ធាត់​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​។
សល់​ប្រមាណ ១០ភាគ​រយ​ទៀត​តែ​ប៉ុណ្ណោះ ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​នោម​ផ្អែម​ប្រភេទ ១ ដែល​កើត​តាម​រយៈហ្សែន​ មិន​មែន​ដោយ​សារ​ធាត់​ជ្រុល​នោះទេ​។
កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​ របាយ​ការណ៍​ពីរ​ផ្សេង​គ្នា​បាន​ព្រមាន​អំពី​ការ​កើន​ឡើង​យ៉ាង​គំហុគ​នៃ​កុមា ​ដែល​ប្រឈម​នឹង​ទឹក​នោម​ផ្អែម​​ប្រភេទ​ពីរ​ ដែល​កាល​ពីមុនមាន​តែ​មនុស្ស​ពេញ​វ័យ​តែ​ប៉ុណ្ណោះ​ដែល​កើត​ជំងឺ​នេះ​។
ទិន្នន័យ​ពីការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា កុមារ ១៤០០នាក់ បាន​កើត​ទឹក​នោម​ផ្អែម​ប្រភេទ២ ដែល​ផ្ទុយ​ពី​ទសវត្ស​មុន ដែលមិ​ន​មាន​នោះ​ទេ​។
ក្រុមអ្នក​ជំនាញ​ខាង​សុខ​ភាព​បាន​ត្អូញ​ត្អែរ​ថា ការ​កើន​ឡើង​នៃកម្រិត​នៃ​ការ​ធាត់ ដែល​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ និង​ការ​មិន​ហាត់ប្រាណ​។ ជិត​មួយ​ភាគ​បួន​នៃ​មនុស្ស​ពេញ​វ័យ និង​មួយ​ភាគ​ប្រាំ​នៃ​កុមារ​អាយុ​ខ្ទង់​១០ឆ្នាំ​ គឺ​កំពុង​តែ​ស្ថិត​ក្នុង​សភាព​ធាត់​។
លើស​ពី​នេះ​ទៅ​ទៀត អ្នក​ដែល​កើត​ទឹក​នោម​ផ្អែម ក៏នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​បេះ​ដូង និង​ស្រ្ដូក​ដល់​ទៅ​៥ដង​ លើស​អ្នកដែលមិន​កើត​ទៀត​ផង​។
១អ្នក ​ប្រហែល​ជា​ដឹង​មក​ហើយ​ថា​ផ្លែ​ឈើ​មាន​អត្ថ​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​ សុខ​ភាព​យើង​ម្នាក់​ៗ ប៉ុន្ដែ​ភាគច្រើន​មិន​បាន​ដឹង​ពីអត្ថ​ប្រយោជន៍​របស់​វា​ថាមាន​អ្វី​ខ្លះ​ នោះទេ ដោយ​សារ​តែ​មិន​បាន​គិត​ដល់​។
ក្រៅ​ពី​បន្ថែម​រស​ជាតិ​សម្រាប់​អាហារ​ប្រចាំ​ថ្ងៃ ផ្លែ​ឈើ​គឺ​មាន​កាឡូរី​ទាប ហើយ​មាន​សារធាតុ​ចិញ្ចឹម វីតាមីន និង​សារជាតិ​រ៉ែ​ជា​ច្រើន​ទៀត​។ ការ​ញ៉ាំ​ផ្លែ​ឈើ អាច​ជួយ​ឲ្យ​យើង​ក្មេង​ជាង​វ័យ មាន​ថាម​ពល ជៀស​ផុត​ពីជំងឺ និង​បង្កើន​សម្រស់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​។
ខាង​ក្រោម​នេះ គឺ​ជា​អត្ថ​ប្រយោជន៍​៥យ៉ាង​ ដែល​អ្នក​ប្រហែល​ជាមិន​ធ្លាប់​គិត​ដល់៖
១- ជំនួយ​សក់ ព្យាបាល​សក់​ខូច
អ្នក​ប្រហែល​ជា​ធ្លាប់​អាន​អត្ថ​បទសុខ​ភាព​របស់​ខ្មែរ​សារិកា​នា​ពេល​ កន្លង​មក​ដែល​និយាយ​អំពី​អត្ថ​ប្រយោជន៍​នៃផ្លែ​ប៉ោម​រួច​មកហើយ​ ប៉ុន្ដែ​នា​ពេល​នេះ​អ្នក​នឹង​ដឹង​បន្ថែម​ទៀត​ថា ផ្លែ​ប៉ោម​អាច​ជួយ​ជម្រុញ​ការ​លូត​លាស់​សក់​របស់​អ្ន​ក​បាន​ផង​ដែរ​។
យោង​តាម​ក្រុម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ សារធាតុ​ប៉ូលីហ្វេណុល ឬ​ប្រូស៊ីយ៉ានីឌីន បេ-2 ដែល​មាន​នៅក្នុង​ផ្លែ​ប៉ោម​ អាច​ជួយ​ធ្វើ​ឲ្យ​សក់​លោក​អ្នក​លូត​លាស់​បាន​ល្អ ព្រម​ទាំង​ជួយ​​ព្យាបាល​បញ្ហា​អង្គែ​បាន​ទៀត​ផង​។
២- ព្យាបាល​មុខ​មុន
ផ្លែ​ស្រ្ដរប៊ើរ មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ចំពោះសុខ​ភាព​ជា​ច្រើន​នោះទេ ប៉ុន្ដែ​វា​ក៏​អាច​ជួយ​ព្យាបាល​បញ្ហា​មុខ​កើត​មុន​បាន​ទៀត​ផង​។ ផ្លែ​ស្រ្ដរប៊ើរី​ មាន​ផ្សំ​ទៅដោយ​ អាស៊ីត​អាល់ហ្វា​ហ៊ីដ្រុកស៊ី ដែល​ជួយ​កំចាត់​កោសិកា​ដែល​ខូច​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ទេ ស្រ្ដរ​ប៊ើរី​ក៏មាន​សារធាតុ​ប្រឆាំង​នឹង​ជំងឺមុន​ដ៏​ខ្លាំង​ក្លា​ផង​ដែរ កំចាត់​នូវ​ស្នាម​លើ​មុខ និង​ជួយ​ថែរក្សា​ស្បែក​ឲ្យ​រលោង។
បន្ថែម​លើ​នេះ​ទៀត ស្រ្ដរ​ប៊ើរី​ ក៏​ជួយ​សម្អាត​នូវ​ប្រព័ន្ធ​រំលាយ​អាហារ​ ដែល​ជួយ​កំចាត់​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​របស់​យើង ដែល​​ស្មើ​នឹង​ការ​កំចាត់​ភ្នាក់​ងារ​ចម្លង​ជំងឺ​មុន​ដែរ​។ វា​ក៏​ជួយ​ថែរក្សា​ជាតិ​ទឹក​នៅក្នុង​ខ្លួន ជួយ​ឲ្យ​ស្បែក​មាន​សំណើម។
យោង​តាម​ជន​ជាតិ​អេហ្ស៊ីប​បុរាណ ការ​យក​ស្រ្ដរ​ប៊ើរីយក​មក​បិត​ជាប់​នឹង​ផ្ទៃ​មុខ​ អាច​ជួយ​កំចាត់​មុន​បាន​។ អ្នក​ក៏​អាច​សាក​ល្បង​តាម​វិធី​បុរាណ​នេះ​ផង​ដែរ​។
៣- ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ
ការ​បន្ថែម​ផ្លែម្នាស់​ទៅ​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ គឺ​ពិត​ជា​ផ្ដល់​ផល​ល្អ​ឲ្យ​លោក​អ្ន​ក​ជាក់ជា​ពុំខាន​។ ផ្លែ​ម្នាស់​ មាន​ជាតិ​ម៉ង់កាណេស ដែល​ជា​សារធាតុ​រ៉ែ​ដែល​ចាំ​បាច់​សម្រាប់​ពង្រឹង​ឆ្អឹង​ឲ្យ​រឹង​មាំ​។
ការ​សិក្សា​ជា​ច្រើន​ បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ឆ្អឹង​មិន​រឹង​មាំ​ គឺ​មាន​កម្រិត​នៃកាល់​ស្យូម និ​ងម៉ង់​កាណេស​ទាប ដូច្នេះ​ការ​ញ៉ាំ​ទឹក​ផ្លែ​ម្នាស់ គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​លូត​លាស់​បាន​ល្អសម្រាប់​ ក្មេង​ៗ និង​ធ្វើ​ឲ្យ​ឆ្អឹង​រឹង​មាំ​សម្រាប់​មនុស្ស​ចាស់​។
៤- ជំនួយ​ភ្នែក
ផ្លែ​ទំពាំង​បាយ​ជូរ ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ម្ចាស់​ក្សត្រីនៃផ្លែ​ឈើ ដោយ​សារ​តែ​វា​មាន​ផ្សំទៅ​ដោយ​សារធាតុ​មានប្រយោជន៍​ជា​ច្រើន ព្រម​ទាំង​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​មាន​ឈ្មោះ​ថា proanthocyanidins ដែ​ល​អាច​ជួយ​កាត់​បន្ថយ​ការ​ខូច​ខាត​ជាលិកា​​ភ្នែក​។
ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញថា​ ទំពាំង​បាយ​ជូរ អាច​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ កាត់​បន្ថយ​ភាព​ស្រ្ដេស​នៃ​ភ្នែក និង​ការ​ពារ​ភ្នែក​ឡើង​បាយ​។ ទឹក​ទំពាំង​បាយ​ជូរ​ ក៏​អាច​ជួយ​ការ​ពារ​មិន​ឲ្យ​មាន​ស្នាម​ខ្មៅ​ខាង​ក្រោម​រង្វង់​ភ្នែក​បាន​ផង​ ដែរ​។
៥- បង្កើន​ថាម​ពល
ផ្លែគូលែន ដែល​មាន​ន័យថា អំណោយ​នៃ​ជីវិត​ដ៏​រីក​រាយ​ ក្នុង​ភាសា​ចិន គឺ​ជាផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ឆ្ងាញ់​ពិសារ។ ផ្លែ​នេះ​អាច​ជួយ​ជំនួស​ភេសជ្ជៈ​បង្កើន​ថាម​ពល​ដែល​គេ​ផឹក​ក្នុង​ពេល​លេង​ កីឡា​បាន​ទៀត​ផង​។
អ្នក​លេង​កីឡា​គួ​រ​ទទួល​ទាន​ទឹក​ផ្លែ​គូលែន ដោយ​សារ​តែ​វា​អាច​ជួយ​ជម្រុញ​សុខ​ភាព​រាង​កាយ​ទាំង​មូល ក៏​ដូច​ជា​ជួយ​បង្កើន​កម្រិត​ថាម​ពល។ វា​អាច​ជួយ​ពង្រឹង​ភាព​ខ្លាំង​នៃ​រាង​កាយ បន្សុទ្ធ​ឈាម និង​ការ​ពារ​ជំងឺ​ស្រ្ដូក​។
សរុប​មក​វិញ ផ្លែ​ឈើ​ពិត​ជា​មាន​ប្រយោជន៍​ច្រើន​ណាស់​ ដែល​អ្នក​មិន​គួរ​មើល​រំលង​នោះ​ទេ​។ ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ជាមួយ​ផ្លែ​ឈើ​ណា​ដែល​អ្នក​ចូល​ចិត្ត ដើម្បីសុខ​ភាព​ដ៏​ល្អ​ប្រសើរ​!

ពិស​ពីង​ពាង ​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់អ្នកកើត​មហារីក​សុដន់​

ពីង​ពាង
ជំងឺ ​មហារីក​សុដន់ គឺ​ជា​ជំងឺ​មហា​រីក​មួយ​ប្រភេទ​ក្នុង​ចំណោម​ជំងឺ​មហារីក​ដែល​កើត​ឡើង​ច្រើន​ ​ចំពោះស្រ្ដី​នៅ​ទូទាំង​ពិភព​លោក​ ហើយ​ការ​សិក្សា​ជា​ច្រើន​គឺ​នៅ​តែ​មិន​ទាន់​រក​ឃើញ​នូវ​វិធី​កំចាត់​ជំងឺ​ សាហាវ​នេះ​នៅ​ឡើយ​ទេ​។​ នៅ​ក្នុង​ឱកាស​នៃ​ខែ​នៃ​ទិវា​ជំងឺ​មហារីក​ពិភព​លោក សាកល​វិទ្យាល័យ​ Western Australia បាន​រក​ឃើញនូវ​វិធី​ព្យាបាល​ថ្មី​នៃ​ជំងឺ​នេះ​ហើយ​។
ក្រុម​អ្នក​ស្រាវ​ជ្រា​វ​ទាំង​​នេះបាន​រក​ឃើញ​ថា ពិស​ពីង​ពាង គឺ​អាច​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​កំចាត់នូវ​កោសិកា​នៃ​ជំងឺ​មហារីក​ សុដន់​។ នៅ ក្នុង​ការ​សិក្សា​ដែល​ធ្វើ​ឡើង​រយៈ​ពេល​២ឆ្នាំ​នេះ លោក​វេជ្ជ​បណ្ឌិត David Wilson និង​សហការី​របស់​គាត់​ បាន​ប្រមូល​នូវ​ពិស​ពីង​ពាង​ចំនួន ១០ប្រភេទ​សម្រាប់​យក​មក​ពិសោធន៍​។
យោង​តាម​លោកវេជ្ជ​បណ្ឌិត​ដដែល​នេះ ពិស​ពីង​ពាង​មាន​ផ្សំ​ទៅ​ដោយ​ម៉ូលេគុល​ ដែល​អាច​កំចាត់​នូវ​កោសិកា​នៃ​ជំងឺមហារីក​បាន​។ ការ​អះ​អាង​របស់​លោក​វេជ្ជ​បណ្ឌិត​នេះ​ គឺ​មិន​មែន​ជា​ការ​បញ្ជាក់​ជាលើក​ដំបូង​ពី​ប្រយោជន៍​នៃ​ពិស​ពីង​ពាង​នោះ​ទេ ជាក់​ស្ដែង​ការ​សិក្សា​មុន​ៗ​នេះ ក៏​បាន​រក​ឃើញ​ដែរ​ថា ម៉ូលេគុលនៃ​ពិស​ពីង​ពាង (ឬ​ពិស​ខ្ទួយ) ​ អាច​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​ព្យាបាល​រោគឈឺ​រ៉ាំ​រ៉ៃ​បាន​ទៀត​ផង​។
លោក​វេជ្ជ​បណ្ឌិត Norelle Daly ដែល​ជា​អ្នកជំនាញ​ខាង​មហារីក​សុដន់ បាន​និយាយ​ដែ​រ​ថា ក្ដីសង្ឃឹម​ថ្មី គឺ​ពិស​ក្នុង​ពីង​ពាង​នឹង​អាច​ជួយ​អ្នក​ជំងឺ​មហារីក​សុដន់ ឬក៏​អាច​សម្លាប់​នូវ​កោសិកា​ជំងឺ​នេះ​បាន​។
បន្ថែម​លើ​នេះ​ទៀត ក្រុម​អ្នក​ស្រា​វជ្រាវ​ដែល​មក​ពី​ មជ្ឈ​មណ្ឌល Peter MacCallum Cancer ក៏​បាន​អភិវឌ្ឍ​នូវ​ឱសថ​ដែល​អាច​កំចាត់​កោសិកា​ជំងឺ​នេះ​បាន​ដែរ។ ឱសថ​នេះ​នឹង​អាច​រួច​រាល់ ហើយ​បង្ហាញ​មុខ​នៅ​លើ​ទីផ្សារ​ក្នុង​រយៈ​ពេល ៥ឆ្នាំ​ទៀត​។

ផឹក​ច្រើន​បង្កើន​មហារីក​ក្រពះ​!

3បុរស ​ៗ​ដែល​ចូល​ចិត្ត​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ ជារៀង​រាល់​ថ្ងៃ​ គួរ​តែ​កាត់​បន្ថយ​ហើយ​នា​ពេល​នេះ ដោយ​សារ​តែ​ការ​រក​ឃើញ​ចុង​ក្រោយ​បំផុត​មួយ​បាន​បញ្ជាក់​ថា វា​នឹង​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ។
ការ​សិក្សា​ជាច្រើន​បាន​ព្យាយាម​ស្វែង​រក​ថា​តើ​ការ​ផឹក​គ្រឿង​ស្រវឹង​ ច្រើន អាច​បង្កើន​ហានីភ័យ​នៃជំងឺ​មហារីក​ក្រពះ​ដែរ​ឬ​ក៏​អត់ ហើយ​ទី​បំផុត​លទ្ធផល​បាន​បង្ហាញ​ថា ពិត​ជា​អញ្ចឹង​មែន​។
ការ​រក​ឃើញ​នេះ គឺ​បាន​មក​ពី​ការ​សិក្សា​លើ​មនុស្ស​ពេញ​វ័យ​នៅអឺរ៉ុប​ចំនួន ៥០ម៉ឺន​នាក់ ដែល​ជា​ការ​សិក្សា​ដ៏​ធំ​មួយ​។
នៅ​ពេល​ចាប់​ផ្ដើម​ស្រា​វជ្រាវ​ដំបូង​ បុរស​ជាង ១ម៉ឺន​នាក់ បាន​ប្រាប់​ថា​ពួក​គេ​ផឹក​ស្រា​ជាមធ្យម ៤កែវ​ក្នុង​មួយ​ថ្ងៃ ហើយ​ជា​លទ្ធផល​ពួក​គេ​បាន​កើត​ជំងឺ​មហារីក​ក្រពះ​លើស​អ្នក​ដែល​ផឹក​តិច​ជាង​ នេះដល់​ទៅ​ពីរ​ដងឯណោះ​​។
នៅ​ពេល​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​តាម​ដាន​ឲ្យ​ដិត​ដល់​ ជាង​នេះ ពួក​គេ​បាន​រក​ឃើញ​ថា​ គ្រឿង​ស្រវឹង​ដែល​​លេច​ធ្លោ​ជាង​គេ​គឺ​ស្រាបៀ​ (មាន​អត្រា​បង្ក​ជំងឺ​មហារីក​ក្រពះ​ខ្លាំង​ជាង​ស្រា)។
ទោះ​បី​ជា​ភាគ​ច្រើន​ជាបុរស​ដែល​រក​ឃើញ​ថា​កើត​ជំងឺ​នេះ​ ប៉ុន្ដែ​ទំនាក់​ទំនង​រវាង​មហារីក​ក្រពះ​ និ​ងការ​ផឹក​គ្រឿ​ងស្រវឹង​ចំពោះ​ស្រ្ដី​ក៏​ស្រដៀង​នឹង​បុរស​ដែរ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជ​បណ្ឌិត Eric J. Duell ដែល​ជា​អ្នក​ដឹក​នាំការ​ស្រាវ​ជ្រាវ​នេះ​ (ស្រ្ដី​ដែល​ផឹក​គ្រឿង​ស្រវឹង​ច្រើន​លើស​លប់ គឺ​មិន​តិច​ជាង​បុរស​ឆ្ងាយ​ណាស់ ពោល​គឺ​ក្នុង​ចំណោម​១៣០០០​នាក់ផឹក​ច្រើន​​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ មានស្រ្ដី​​តែ ២៣០០នាក់​ប៉ុណ្ណោះ)។
ក្រុម​អ្នក​ជំនាញ​បាន​ធ្វើ​ការ​សំណូម​ពរ​ហើយ​ សំណូម​ពរ​ទៀត ថា​គួរ​ទទួល​ទាន​គ្រឿង​ស្រវឹង​ឲ្យ​បាន​សម​ល្ម​ម​បាន​ហើយ កុំ​ប្រឹង​ដល់​ថ្នាក់ស្រវឹង​រាល់​ថ្ងៃ​ពេក ពោល​គឺ​ជា​មធ្យម ២កែវ​ក្នុង​មួយ​ថ្ងៃ​ គឺ​សម​ល្ម​ម​ហើយ​ ចំណែក​ឯ​ស្រ្ដី​វិញ​មិនគួរ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។
មិន​ត្រឹម​តែ​បង្ក​មហារីក​ក្រពះ​នោះ​ទេ ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ ក៏​នឹង​បង្ក​ឲ្យ​កើត​មហារីក​មាត់​ និង​បំពង់​កផង​ដែរ បូក​បន្ថែម​ជាមួយ​អ្វី​ដែល​អ្នក​ធ្លាប់​បាន​ដឹង​គឺ​វា​ ប៉ះ​ពាល់​ថ្លើម និង​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​ទៀត​។
សរុប​មក​វិញ ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ គឺ​ដូច​ជា​មិន​ឃើញ​មាន​ផល​ល្អ​អ្វី​ទេ ក្រៅ​​ពី​សប្បាយ​មួយ​ភ្លែត​ពេល​ជួប​ជុំមិត្ត​ភក្ដិ​ តែ​បែរ​ជា​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​លើស​លប់​ទៅវិញ​នោះ​ទេ​។

សុភមង្គល​ជួយ​ឲ្យ​មាន​អាយុ​វែង​!

2មនុស្ស ​ដែល​ធ្វើ​អារម្មណ៍​ឲ្យ​សប្បាយ និង​គិតអ្វី​ក្នុង​ផ្លូវ​​វិជ្ជមាន​ នឹង​មាន​អាយុ​វែង​ជាង​អាយុ​សង្ឃឹម​រស់ បើយោង​តាម​​​​អ្នក​វិទ្យាសាស្រ្ដមួយ​ក្រុម​​​។
ការ​អះ​អាង​បែប​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​ បាន​ធ្វើ​ការ​សិក្សា​រយៈ​ពេល​៥ឆ្នាំ​ ទៅលើមនុស្ស​៤ពាន់​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី ៥២ទៅ ៧៩ឆ្នាំ​។ លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​អារម្មណ៍​សប្បាយ មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន ឬ​មាន​គំនិត​វិជ្ជមាន បាន​កាត់​បន្ថយ​កម្រិត​ស្លាប់​មុន​អាយុ​ដល់ទៅ ៣៥ភាគរយ​ឯ​ណោះ បើ​ប្រៀប​ធៀប​ជាមួយ​អ្នក​ដែល​មិ​​ន​សូវ​សប្បាយ​ចិត្ត​​។
ការ​រក​ឃើញ​របស់ University College of London នេះ គឺ​ជា​ក្ដី​សង្ឃឹម​ថ្មី​ដែល​នឹង​ជម្រុញ​ឲ្យ​មនុស្ស​រស់​នៅ​ដោយ​រីក​រាយ​ ជៀស​ឆ្ងាយ​ពី​អារម្មណ៍​ស្រ្ដេស​ មួម៉ៅ​ ដែល​បង្ក​ផល​វិបាក​ចំពោះ​សុខ​ភាព។
លោក Andrew Steptoe ដែល​ជា​អ្នកដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ការ​បង្ហាញ​ពី​លទ្ធផល​នា​ពេល​នេះ បាន​ផ្ដល់​ឲ្យ​នូវ​ហេតុ​ផល​ផ្សេង​ទៀត ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ស្នាម​ញញឹម​សម្រាប់​មនុស្ស​ចាស់​។
ការ​សិក្សារយៈ​ពេល​វែង​នេះ បាន​គាំ​ទ្រ​ ឬ​រក​ឃើញ​ស្រដៀង​គ្នា​នឹង​ការ​សិក្សា​មុន​ៗ​ ដែល​បាន​អះ​អាង​ថា ការ​គិត​វិជ្ជមាន​ ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ច្រើន​ណាស់។ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ បាន​លើក​ឧទាហរណ៍​ថា ទឹក​កន្លះ​កែវ បើ​អ្នក​មើល​ឃើញ​ផ្នែក​ដែល​មាន​​ទឹក ឬ​និយាយ​បាន​ថា កន្លះ​ពេញ​នោះ គឺ​ជា​អ្នក​គិត​វិជ្ជមាន​ បើ​ធៀប​ជាមួយ​អ្នក​ដែល​មើល​ឃើញ​ផ្នែក​ដែលអត់​ទឹក​។
កាល​ពី​ខែមីនា​កន្លង​ទៅ ក្រុមអ្នក​វិទ្យាសាស្រ្ដ​មក​ពី​សាកល​វិទ្យាល័យ​ Illinois សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា អារម្មណ៍​វិជ្ជមាន បាន​កាត់​អ័រម៉ូន​ស្រ្ដេស​ និង​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​បាន​ទៀត​ផង​។
សរុប​មក​វិញ បើ​ចង់​បាន​អាយុ​វែង និង​មាន​សុខ​ភាព​ល្អ គួរ​ធ្វើ​ឲ្យ​អារម្មណ៍​រីក​រាយ និង​កុំ​គិត​អ្វី​ក្នុង​ផ្លូវ​អវិជ្ជមាន​ច្រើន​ពេក​។ ប្រសិន​បើ​យើង​ មាន​អារម្មណ៍​តាន​តឹង ធុញ​ថត់ ស្រ្ដេស​ និង​ទុទិដ្ឋិនិយម​ច្រើន​ពេក នោះវា​នឹង​អាច​នាំ​យើង​ទៅ​រក​ជំងឺ​ផ្សេង​ៗ ព្រម​ទាំង​កាត់​បន្ថយ​អាយុ​របស់​យើង​ថែម​ទៀត​ផង​។

ជាតិ​កាហ្វេអ៊ីន ជួយ​ការ​ពារ​ជំងឺ​​មហារីក​ស្បែក​!

អ្នក ​ដែល​ចូល​ចិត្ត​ញ៉ាំ​កាហ្វេ ជា​ពិសេស​គឺ​ស្រ្ដី នឹង​អាច​កាត់​បន្ថយ​នូវ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​បាន បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អ្នកស្រាវ​ជ្រាវ​របស់​អាមេរិក​។ ការ​សិក្សា​ដែលបង្កើត​ឡើង​ដោយ​ក្រុមអ្នក​ស្រាវ​ជ្រាវ​មក​ពី​សាលា Harvard School of Public Health នេះ​ បានរក​ឃើញ​ថា អ្នក​ចូល​ចិត្តញ៉ាំ​កាហ្វេ ពោលគឺញ៉ាំ​លើស​ពី​បី​ពែង​ក្នុងមួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​អត្រា​ប្រឈម​មុខ​នឹង​ជំងឺមហារីក​ស្បែក​បានចំនួន ២០ភាគ​រយ​ បើ​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​ញ៉ាំ​តិច​ជាង​មួយពែង​ក្នុង​មួយខែ​។
ក្រុមអ្នក​ស្រាវ​ជ្រាវ​​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើទិន្នន័យ​សុខ​ភាព​របស់ ​មនុស្ស​ជាង ១១ម៉ឺន​នាក់ ដែល​មាន​អាយុជា​មធ្យម ២៣ឆ្នាំ​។ ជា​លទ្ធផល​បាន​បង្ហាញថា ស្រ្ដីដែល​ញ៉ាំ​កាហ្វេ​លើសពី​បី​ពែង​ក្នុងមួយថ្ងៃ អាច​កាត់បន្ថយ​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រកជំងឺ​នេះ​បាន​២០ភាគ​រយ​។
ទោះ​បី​ជា​យ៉ាង​ណា​ក្ដី បុរស​ក៏​មិន​សូវ​ខុស​ពី​ស្រ្ដី​ប៉ុន្មានដែរ គ្រាន់​តែតិច​ជាង​ប៉ុណ្ណោះ គឺអាច​កាត់​បន្ថយ​បាន​ ៩ភាគ​រយ​ ចំពោះ​អ្នក​ញ៉ាំ​លើស​ពី​បី​ពែង​ក្នុង​មួយ​ថ្ងៃ​។
សារជាតិ​កាហ្វេអ៊ីន​ ដែលមាន​ក្នុង​កាហ្វេ គឺ​ជា​ធាតុ​ផ្សំ​ចម្បង​ដែល​អាច​ការ​ពារ​ជំងឺ​មហារីក​បាន​ បើ​កាហ្វេអត់ជាតិ​កាហ្វេអ៊ីន ក៏ឥត​ប្រយោជន៍​នោះ​ដែរ​។

កុំ​ផឹក​ស្រា បើ​មិន​ចង់​កើត​មហារីក​សុដន់!

ស្រ្ដី ​ដែល​ផឹក​ស្រា​តែ​ពីកែវ​ក្នុង​មួយ​ថ្ងៃ ក៏​អាច​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់​ដល់​ទៅ ៥០ភាគ​រយ​លើស​អ្នក​ដែល​មិន​ផឹក​ស្រា​នោះ​ដែរ​។ នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក ហើយ​មិន​ត្រឹម​ប៉ុណ្ណោះទេ សូម្បី​តែ​ផឹក​ត្រឹម​បីទៅ​បួន​កែង​ក្នុង​មួយ​សប្ដាហ៍​ ដែល​មិន​លើស​ពី​អ្វី​ដែល​ក្រុម​គ្រូពេទ្យបាន​ណែ​នាំ​នោះ ក៏​អាច​បង្ក​ជា​ហានិភ័យ​នោះ​ដែរ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នេះ ក៏​បាន​ធ្វើការ​ព្រមាន​ផង​ដែរ ចំពោះស្រ្ដី​ទាំង​ឡាយ​ណា​ដែល​ផឹក​ស្រា​ជា​ប្រចាំ​នៅ​អាយុ​ខ្ទង់​២០ឆ្នាំ​ និង​៣០ឆ្នាំ​ គឺ​នឹង​បង្ក​ជា​ផល​វិបាក​ជា​ច្រើន​នៅ​ពេល​ពួក​គេ​ចាស់​ទៅ។
បើតាម​ការ​ណែ​នាំ​របស់​រដ្ឋា​ភិបាល​នៃប្រទេស​មួ​យ​ចំនួន​បាន​កំណត់​ថា​ ស្រ្ដី​មិន​គួរ​ញ៉ាំ​ស្រា​លើស​ពី​៧កែវ (កែវ​ខ្នាត​កណ្ដាល) នោះ​ទេ​ ក្នុង​មួយ​សប្ដាហ៍​។ ប៉ុន្ដែ​ការ​សិក្សា​ថ្មី​នេះ​បាន​រក​ឃើញថា សូម្បី​តែ​ផឹក​តែ​ពាក់​កណ្ដាល​នេះ ពោលគឺ​បី​ទៅ​បួន​កែវ​ក្នុងមួយសប្ដាហ៍​ក៏​អាច​បង្កើន​ហានីភ័យ​នៃ​ជំងឺ​សាហាវ​ នេះ​ចំនួណ ១៥ភាគ​រយ​ផង​ដែរ​។ ហើយ​ចំណែក​ឯ​ស្រ្ដី​ដែល​ផឹក​២កែវ​ក្នុង​មួយថ្ងៃ​ឡើង​ទៅ នឹង​កើន​កម្រិត​គ្រោះ​ថ្នាក់​ដល់ទៅ ៥០ភាគ​រយ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​សាកលវិទ្យាល័យ​ Harvard និងមន្ទីរ​ពេទ្យស្រ្ដី​នៅ​បូស្ដុន សហរដ្ឋ​អាមេរិក បាន​ធ្វើ​ការ​ពិនិត្យ​លើ​ទិន្នន័យ​សុខ​ភាព​របស់​ស្រ្ដី​ជាង​១០ម៉ឺននាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៣០ ទៅ​៥៥ឆ្នាំ។ ក្រោយ​ពី​រយៈ​ពេល​ជិត​ ៣០ឆ្នាំ​ក្រោយ​មក ទើប​ចេញជា​លទ្ធផល​បែ​ប​នេះ ពោល​គឺ​អ្នក​ផឹក​ពីរ​កែវ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ នឹង​មាន​កម្រិត​គ្រោះថ្នាក់​ខ្លាំង​ (លើស​អ្នក​អត់​ផឹក៥០%)។ ក្រៅ​ពី​នេះ អ្នក​ផឹក​លើស​ពី​មួយ​កែវ​ទៅ​២កែវ​ក្នុង​មួយ​ថ្ងៃ ប្រឈម​នឹង​កម្រិត​ហានីភ័យ​ ២៨ភាគ​រយ​ផង​ដែរ ខណៈ​ដែល​អ្នក​ផឹក​តិច​ជាង​នេះ មាន​កម្រិត​គ្រោះថ្នាក់ ១៥ភាគ​រយ​ដូច​បង្ហាញ​ខាង​លើ​ស្រាប់​។
ជំងឺ​មហារីក​សុដន់​គឺ​ជា​ជំងឺ​ដែល​គ្រោះ​ថ្នាក់​បំផុតមួយ​សម្រាប់​ស្ដ្រី ដែល​ស្ថិតិ​បានបង្ហាញ​ថា ស្រ្ដីម្នាក់​ក្នុង​ចំណោម​៨នាក់ អាច​នឹង​វិវឌ្ឍ​ទៅ​រក​ជំងឺនេះ​ក្នុង​ពេល​ណា​មួយ​នៃ​ជីវិត​របស់ពួក​គេ​។

អាហារ​ខ្លោច បង្ក​ជំងឺ​មហារីក​លើស​អ្វី​ដែល​ធ្លាប់​បានគិត

1មុននឹង ​អ្ន​ក​ចម្អិន​អាហារ​ជា​ពិសេស​សាច់​អាំង ចូរ​អ្នក​គិត​ដល់​ជំងឺ​មហារីក​ ដែល​នឹង​អាច​កើត​ឡើង​ចំពោះ​អ្នក​ប្រសិនបើ​សាច់​ដែល​អ្នក​អាំង​នោះ​ខ្លោច​។ មនុស្ស​ជា​ច្រើន​ប្រហែល​ជាដឹង​ហើយ​ថា សាច់​ដែល​ចម្អិន​ខ្លោច អាច​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក ប៉ុន្ដែ​នៅ​ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ពី​ផល​អាក្រក់​របស់​វា​លើស​អ្វី​ដែល​ អ្នក​ធ្លាប់​បាន​ដឹង​នោះ​ទៅ​ទៀត​។
ក្រុមអ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​សាច់​​ដែល​ចម្អិន​ឆ្អិន​ពេក (អាំង​ ឬ​ចៀន) ឬ​និយាយ​សាមញ្ញ​ថា​ ខ្លោច​ គឺ​អាច​បង្កើន​កម្រិត​ហានីភ័យ​នៃ​ជំងឺ​មហារីក​ដល់ទៅ​ពីរ​ដង​លើស​អ្វី​ដែល​ ធ្លាប់​គិតកាល​ពីមុន​។
ការ​ស្រាវ​ជ្រាវ​កាល​ពី​មុន​ដែល​យក​សត្វ​កណ្ដុរ​មក​ធ្វើ​ពិសោធន៍​នោះ បាន​រកឃើញ​ពី​ហានីភ័យ​នៃ​ជំងឺ​មហារីក​ចំពោះ​អាហារ​ខ្លោច​ ប៉ុន្ដែ​នៅ​ពេល​នេះ ការ​សិក្សា​ថ្មី​បំផុត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​ វិទ្យាស្ថាន Norwegian Institute of Public Health បាន​រក​ឃើញ​ថា កណ្ដុរ​មិនមាន​អង់ហ្ស៊ីម​ soltfotransferases នៅ​ពេញ​ខ្លួន​ដូច​ម​នុស្ស​នោះ​ទេ ពោល​គឺ​មាន​តែ​នៅ​ក្នុង​ថ្លើម​ប៉ុណ្ណោះ​។ អង់ហ្ស៊ីម​ប្រភេទ​នេះ គឺ​អាច​ធ្វើ​ឲ្យ​ផល​ប៉ះ​ពាល់​នៅ​ក្នុង​អាហារ​ថយ​ចុះ ប៉ុន្ដែ​វា​ក៏​អាច​បង្កើន​ផល​ប៉ះ​ពាល់​បាន​ផង​ដែរ​ក្នុង​ករណី​ខ្លះ​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថ្មី​នេះ​បាន​ធ្វើ​ការ​ចាក់​បញ្ចូល​នូវ​អង់​ ហ្ស៊ីម​នេះ​ទៅ​ក្នុង​សត្វ​កណ្ដុរ​ ដើម្បី​ដឹង​ពី​ភាពខុស​គ្នានៃ​កម្រិត​ហានីភ័យ​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា​ ហានីភ័យ​បាន​កើន​ពី ៣១​ភាគ​រយ​ក្នុង​ការ​សិក្សា​លើក​មុន មក​ដល់ ៨០ភាគ​រយ​។
កណ្ដុរ​ដែលត្រូវ​បាន​ចាក់​បញ្ចូល​អង់ហ្ស៊ីម​ដូ​ចមនុស្ស​បាន​ទទួល​ហានីភ័យ ​ខ្ពស់​ដល់​ទៅ ៨០ភាគ​រយ​ ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​​មហារីក​។
លទ្ធផល​នេះ​បាន​បង្ហាញ​ថា មនុស្ស​ដែលញ៉ាំ​សាច់​ខ្លោច​ អាច​នឹង​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​ដល់​៨០ភាគ​រយ​ឯ​ណោះ មិនមែន​តែ ៣១​ភាគ​រយ​ ដូច​អ្វី​ដែល​យើង​ធ្លាប់​ដឹង​កន្លង​មក​នោះ​ទេ​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ នេះ​ក៏​ជា​សញ្ញា​ថ្មី​មួយ​ដែល​បង្ហាញ​ថា​ ការ​យក​កណ្ដុរ​ធម្មតា​ មក​ធ្វើ​ពិសោធន៍​គឺ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះទេ ពោល​គឺ​ពុំ​សូវ​ត្រូវ​ពេលយក​មក​ប្រៀប​ធៀប​ជាមួ​យ​មនុស្ស​។
សរុប​មក​វិញ ការ​ចម្អិន​អាហារ​ជា​ពិសេស​គឺ​សាច់ គឺ​ត្រូវ​ធ្វើ​ឲ្យត្រឹម​ត្រូវ​ គឺ​ឆៅ​ពេក​ក៏មិន​ល្អ ឆ្អិនពេក​រហូត​ខ្លោច​ក៏​មិនល្អនោះ​ដែរ​។

អាហារ​៨យ៉ាង​ការ​ពារ​មហារីក​សុដន់!

ជំងឺ ​មហារីក​សុដន់​ គឺ​ជា​ជំងឺ​ដែល​ស្រ្ដី​នៅ​ទូទាំង​ពិភព​លោក​ខ្លាច​បំផុត​។ ប្រសិន​បើ​មិន​ព្យាបាល​ទាន់​ពេល​វេលា​ទេ វា​នឹង​រីក​រាល​ដាល​ពី​សុដន់ ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។
ជំងឺ​នេះ​ជា​ប្រភេទ​ជំងឺ​មហារីកមួ​យ​ប្រភេទ​​ដែល​កើត​ច្រើន​បំផុត​ សម្រាប់​ស្រ្ដី ដោយ​មិន​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ ឋានៈសង្គម មាន​ ក្រ អ្វី​នោះ​ឡើយ ដែល​ជា​មធ្យម​ម្នាក់​ក្នុង​ចំណោម​១០០នាក់​ នឹង​ប្រឈម​នឹង​ជំងឺ​នេះ​ម្ដង​ក្នុង​មួយ​ជីវិត​របស់​ពួកគេ​។
មូល​ហេតុ​នេះ​ជំងឺ​នេះ រួម​មាន​ ប្រវត្តិ​គ្រួសារ​ធ្លាប់​​មាន​អ្នក​កើត​ជំងឺ​នេះ​ និង​ហ្សែន ប៉ុន្ដែ​ទន្ទឹម​នឹង​កត្តា​ហានីភ័​យ​នេះ វា​ក៏​មាន​វិធី​កាត់​បន្ថយ​កម្រិត​គ្រោះ​ថ្នាក់​បាន​ផង​ដែរ​។ ខាង​ក្រោម​នេះ​គឺ​ជាប្រភេទអាហារ​៨យ៉ាង ដែល​អាច​ជួយ​លោក​អ្នក​ជៀស​ផុត​ពី​ជំងឺ​មហារីក​សុដន់​បាន​៖
១- តែ​បៃ​តង​
តែ​បៃ​តង​ មាន​អត្ថ​ប្រយោជន៍​សុខ​ភាព​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​សារធាតុ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ការ​ពារ​ការ​រីក​លូត​លាស់នៃ​ជំងឺ​នេះ ​យ៉ាង​មានប្រសិទ្ធិ​ភាព​។
២- អាហារ​ស្លឹក​បៃ​តង​ចាស់​
អាហារ​ដែល​មានស្លឹក​ពណ៌បៃ​តង​ចាស់ ដូច​ជា​ស្ពៃ​ក្ដោប ខាត់​ណា ប្រូកូលី គឺ​មាន​ផ្សំ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ខ្លាំង​ក្លា​ ដែល​មាន​ឈ្មោះ​ថា indole-3-carbinol ដែល​ជួយ​ទប់​ស្កាប់​មិន​ឲ្យ​មេរោគ​រីក​លូត​លាស់​បាន​។
ទោះ​យ៉ាង​ណា​ក្ដី ការ​ចម្អិន​ឆ្អិន​ពេក កម្ដៅ​ក្ដៅ​ពេក គឺ​អាច​កាត់​បន្ថយ​គុណភាព​របស់​បន្លែ​ទាំ​ង​អស់​នេះ​បាន​។
៣- ខ្ទឹម​ស
សារធាតុ Sulphur ដែល​មាន​នៅ​ក្នុង​ខ្ទឹម​ស​ អាច​មាន​ប្រសិទ្ធិ​ភាព​ខ្លាំង​ក្នុង​ការ​ការ​ពារ​ប្រឆាំង​នឹងមហារីក​សុដន់​ បាន។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ស្រ្ដី​ដែល​ញ៉ាំ​ខ្ទឹម​ស យ៉ាង​តិច​ម្ដ​ង​ក្នុង​មួយ​សប្ដាហ៍​ មាន​អត្រា​ទាប​ក្នុង​ការ​កើត​ជំងឺ​នេះ​។
៤- ខ្លាញ់​ត្រី
ខ្លាញ់ដែល​នៅ​ក្នុងត្រី​ មាន​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ថយ​ចុះនៃ​ជំងឺ​មហារីកសុដន់​។ ខ្លាញ់​ត្រី​ មាន​ផ្សំ​ទៅដោយ Omega-3 ដែល​ជួយ​ទប់​មិន​ឲ្យ​មេរោគ​នៃ​ជំងឺ​នេះ​រីក​ដុះដាល​បាន​ និង​ជួយ​ជម្រុញ​កម្រិត​ឈាម​ហូរបាន​ទៀត​ផង​។
៥- ប៉េង​ប៉ោះ
ប៉េង​ប៉ោះ គឺ​ជា​អាវុធ​ដែល​អាច​វាយ​ប្រហារ​ជំងឺ​មហារីក​សុដន់​បាន​។ ប៉េង​ប៉ោះ​មាន​ផ្សំទៅ​ដោយ lycopene ដែល​ជា​សារធាតុ​ប្រឆាំង​ប្រឆាំង​អុក​ស៊ីត​កម្ម​ដែល​អាច​ទប់​ទល់​មហារីក​បាន​ ។
៦- ផ្សិត​ 
ផ្សិត​គឺ​ជាំ​អាហារ​ដ៏​ពេញ​និយម​មួយ​ ហើយ​វា​ក៏​ជា​ភ្នាក់​ងារ​ប្រឆាំង​នឹង​មហារីក​ផង​ដែរ​។ វា​មាន​សារធាតុ​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ហានីភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក ​ជំងឺ​មហារីក​សុដន់​។
សរុប​មក​វិញ ការ​ការ​ពារ​ គឺ​ជា​កូន​សោរ​មួយ​ដ៏​សំខាន់​។ ដូច្នេះ​ត្រូវ​ការ​ពារ​ ប្រសើរ​ជាង​ព្យាបាល​។

ហេតុ​អ្វី​បុគ្គលិក​ការិយាល័យ​ប្រឈម​ជំងឺមហារីក?

ក្រុម ​អ្នក​ជំនាញ​បាន​ធ្វើការ​ព្រមាន​ថា បុគ្គលិក​ការិយាល័យ​គឺ​ជា​អ្នក​ដែលប្រឈម​មុខ​នឹង​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​ មហារីក​។ តើ​ហេតុ​អ្វី​បាន​ជា​ដូច្នេះ​? ចម្លើយ​យ៉ាង​ខ្លី គឺ​ដោយ​សារ​បុគ្គលិក​ទាំង​នោះ​ជា​អ្នក​នៅ​អង្គុយ​ក្នុង​រយៈ​ពេល​យូរ​។ បុគ្គលិក​ការិយាល័យ​ ដែល​អង្គុយ​នៅ​នឹង​កន្លែង​យូរ​ គឺ​អាច​បង្កើន​កម្រិ​តគ្រោះ​ថ្នាក់​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺមហារីក​ពោះ​វៀន និងមហារីក​សុដន់។
លទ្ធផល​នៃ​ការ​សិក្សា​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុ​ងសន្និបាទ​ប្រ​ចាំ​ ឆ្នាំ​នៃ​វិទ្យាស្ថានស្រាវ​ជ្រាវ​មហារីក​អាមេរិកាំង​ បាន​បង្ហាញ​ពី​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ក្លា​នៃ​ការ​អង្គុយ​នៅនឹង​កន្លែង ខ្វះ​សកម្មភាព​ ជាមួយ​នឹង​ការ​រីក​លូត​លាស់​នៃ​កោសិកា​មហារីក​។ ក្រុមអ្នកវិទ្យាសាស្រ្ដ​ទាំង​នោះ​ បាន​ជឿជាក់​ថា​ ការ​អង្គុយ​នេះ​ហើយ ដែល​បានប​ង្ក​ឲ្យ​មាន​​ជំងឺ​មហារីកចំនួន​ ៩២០០០ករណី​ ជា​រៀង​រាល់​ឆ្នាំ​។
ដោយ​មាន​ពន្លឺពី​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ក្រុមអ្នក​ជំនាញ​ខាង​សុខ​ភាព​បាន​ទាម​ទារ​ឲ្យ​មនុស្ស​ជៀស​វាង​ការ​អង្គុយ​លើ ​កៅអី ឬ​សាឡុង​យូរ​ពេក​ ពោល​គឺ​ក្រោក​ឡើង​បញ្ចេញ​សកម្មភាព​ខ្លះ​ប្រសិន​បើ​អាច​ឆ្លៀត​បាន​។ ក្រុមអ្នក​ជំនាញ​ទាំង​នោះ​ បាន​សំណូម​ពរ​ឲ្យ​អ្នក​ដែល​អង្គុយ​យូរ​ៗ​ ធ្វើ​ការ​ហាត់​ប្រាណ​២នាទី​ ជា​រៀង​រាល់​មួយ​ម៉ោង​ម្ដង​ ក្នុង​មួយ​ថ្ងៃនៅ​ក្នុង​ម៉ោង​ដែល​ពួក​គេ​ធ្វើ​ការ​​។
ការ​ហាត់​ប្រាណ​ដែល​ល្អ​បំផុត និង​ងាយស្រួល គឺ​អ្នក​គ្រាន់​តែ​ដើរ​តែ​ប៉ុណ្ណោះ ក៏​អាច​កាត់​បន្ថយ​កម្រិតលូតលាស់​នៃ​សារធាតុ​ដែល​បង្ក​ជំងឺ​មហារីក​បាន​ផង​ ដែរ​។
ការ​សិក្សា​ផ្សេង​ទៀត​ ក៏​បាន​រក​ឃើញ​ស្រដៀង​គ្នា​នេះដែរ ពោល​គឺ​បុគ្គលិក​​ការិយាល័យ​ដែល​អង្គុយ​យូរ​ៗ ប្រឈម​នឹង​ជំងឺ​មហារីក​បើ​ទោះ​បី​ជា​ឆ្លៀត​ពេលហាត់​ប្រាណ​ក៏​ដោយ​។
អ្នក ​ប្រហែល​ជា​ភ្លាប់​បាន​ឃើញ​ក្មេងៗ​នៅ​តាម​ទី​ជន​បទ​ខ្លះ រត់​លេង​ដី មិនទាំង​ពាក់​ស្បែកជើង​ផង ប៉ុន្ដែ​ក្មេង​ទាំង​នោះ​មើល​ទៅ​ទ្រលុក​ទ្រលន់ ហើយធន់​នឹង​ជំងឺ​ល្មម​ៗ​បាន​ទៀត​ផង​។ តើ​នេះ​មក​ពី​អ្វី?
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា ថ្វី​ត្បិត​តែ​​ការ​លេងភក់ដ៏​គគ្រិច​ ឬ​លេង​ដី​កខ្វក់របស់​ក្មេង​តូច​ៗ​ បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​ពួក​វា​មិន​សប្បាយ​ចិត្ដ​ ប៉ុន្ដែ​ទង្វើ​របស់​ក្មេងៗ​ទាំង​នោះ គឺ​ស្មើ​នឹង​ការ​ពង្រឹងភាព​ស៊ាំ​នឹង​ជំងឺ​របស់​ពួក​គេ​ទៅ​វិញ​។
យោង​តាម​ការ​រកឃើញ​នៅ​ក្នុង​​ការ​សិក្សា​ថ្មីនេះ បាន​ឲ្យ​ដឹង​ថា​ កុមារ​ដែល​ប៉ះ​ពាល់​នឹង​ប្រភេទ​បាក់​តេរី​ជា​ច្រើន​ផ្សេង​ៗ​គ្នា មាន​ប្រព័ន្ធភាព​ស៊ាំ​ប្រសើរ​ជាង​កុមារ​ដែល​ស្អាត​បាត មិន​ដែល​ប៉ះ​ពាល់​ដី​បន្ដិច​ណា​សោះ​នោះ​។ ពួកគេ​នឹង​មាន​ការ​ការ​ពារ​ប្រសើរ​នៅ​ពេល​ពួក​គេ​ធំ​ឡើង​។
ទោះ​យ៉ាង​ណា​ក្ដី ឪពុក​ម្ដាយ​នៅ​សម័យ​នៃ​មាន​ការ​យល់​ដឹង​ច្រើន​ពី​វិធី​រស់​នៅ​ប្រកប​ដោយ​ អនាម័យ ដូច្នេះ​ពួក​គេ​ប្រាកដ​ជា​មិន​បណ្ដោយ​ឲ្យ​កូនៗ​ជា​ទីស្រលាញ់ ទៅលេង​ភក់ ឬ​ដី​នោះ​ទេ​។ ប៉ុន្ដែ​ភាពអនាម័យ​ជ្រុល​ទាំង​នោះ បាន​ធ្វើ​ឲ្យ​កេ្មង​ជា​ច្រើន​ទទួល​រង​នូវ​ allergy ជា​ច្រើន​ប្រភេទ​ផង​ដែរ​ (ជាមធ្យម​ម្នាក់​ក្នុង​ចំណោម​បួន​នាក់​បាន​រងគ្រោះ​ដោយ Allergy)។
ការ​សិក្សា​នេះ​ធ្វើឡើង​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពីសាកល​វិទ្យាល័យ ​ Copenhagen។ ពួក​គេ​បាន​សិក្សា​ទៅ​លើ​កុមារ​ចំនួន ៤១១នាក់ អស់​រយៈ​ពេល​១២ឆ្នាំ​ ចាប់​តាំង​ពី​ទារក​ចាប់​កំណើត​ឡើង ទម្រាំ​ចេញ​ជា​លទ្ធផល​នេះ​។

អាហារឆ្អិន ផ្ដល់​ថាម​ពលជាងអាហារ​ឆៅ!

ក្រៅ ​ពី​ផ្ដល់នូវរស​ជាតិឈ្ងុយ​ឆ្ងាញ់ អាហារ​ចម្អិន ដែលមានទាំង​សាច់ និង​បន្លែ បាន​ផ្ដល់ឲ្យរាងកាយ​យើង​នូវ​ថាមពលច្រើន​ជាង​សាច់ និង​បន្លែ​ដែល​ឆៅ នេះបើ​យោង​តាមការ​សិក្សា​ថ្មីមួយ​របស់​អាមេរិក។
យោងតាមក្រុមអ្នកជំនាញទាំងនោះ បានឲ្យ​ដឹងថា អាហារដែលចម្អិន​ឆ្អិន អាច​ជួយ​បង្កើន​នូវអត្ថ​ប្រយោជន៍​ដល់​រាង​កាយ​ទាំង​មូល ក៏​ដូច​ជា​ខួរ​ក្បាល​របស់​យើង ហើយ​ក៏​ជួយ​បង្កើន​ថាម​ពល​ដល់​អ្នក​ដែល​បញ្ចេញ​សកម្មភាព​ច្រើន​ ដូច​ជាអ្នក​រត់​ក្នុង​ចម្ងាយ​ឆ្ងាយ​ជា​ដើម​។
ការ​សិក្សា​នេះ​ត្រូវបាន​ដឹកនាំ​ធ្វើឡើងដោយ​លោក Rachel Carmody អ្នកជីវសាស្រ្ដប្រចាំសាលា Harvard's Graduate School of Arts and Sciences សហរដ្ឋ​អាមេរិក​ រួមនឹង​សហការី​របស់លោក​។
លទ្ធផល​នៃ​ការ​ស្រា​វជ្រាវ​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ យើង​ម្នាក់ៗ​គួរ​តែញ៉ាំ​អាហារ​ដែលឆ្អិន​ ជា​ជាង​ញ៉ាំ​អាហារ​ដែល​នៅ​ឆៅ ដោយ​សារ​តែ​មិន​ត្រឹម​តែ​ល្អ​ចំពោះសុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំងជួយ​បង្កើតកម្រិត​ថាម​ពលក្នុង​រាង​កាយ​បាន​ទៀត​ផង​។ ទោះ​បី​ជា​យ៉ាង​ណាក្ដី​ ការរកឃើញនេះ ក៏​បាន​បង្ហាញ​ដែរ​ថា អាហារ​ឆ្អិនអាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ផង​ដែរ។
លោកសាស្រ្ដាចារ​ Richard Wrangham ដែល​ជាអ្នក​ស្រាវជ្រាវម្នាក់ដែរ​នោះ បានបញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​លើក​ដំបូងហើយ ដែល​យើង​អាច​ដឹង​ចម្លើយ​ច្បាស់ ថា​ហេតុ​អ្វី​បាន​ជាយើងត្រូវញ៉ាំអាហារដែលឆ្អិន។ ហេតុ​ផល​ចាំ​បាច់​បំផុត​នោះ គឺ​វា​បាន​ផ្ដល់​ឲ្យ​យើងនូវ​ថាម​ពល ជួយ​បង្កើន​ថាមពល ដែល​ថាម​ពល​នេះ​ហើយ ដែលជីវិតមនុស្សម្នាក់ៗត្រូវការ។