Social Icons

ថ្នាំ​ពន្យាកំណើត​មាន​បញ្ហា ​ប្រមូល​វិញ១លានកញ្ចប់​!

ថ្នាំ​ពន្យាកំណើត​
យោង​តាម​សារព័ត៌មាន​រ៉យ​ទ័រ​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ ក្រុមហ៊ុន​ Pfizer ដែល ​ជា​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ឱសថ​ ​ធំ​ជាង​គេ​ក្នុង​លោក​​ បានប្រមូល​ត្រលប់​មកវិញ​នូវ​ថ្នាំ​ពន្យាកំណើត​ជាង​១លាន​កញ្ចប់​ដែលកំពុង​​ ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក​។ មូល​ហេតុ​ដែល​មាន​ការ​ប្រមូល​យក​មកវិញ ក្នុង​ចំនួន​ដ៏​ច្រើននេះ គឺ​ដោយ​សារ​តែ​ថ្នាំ​លេប​ពន្យាកំណើត​ទាំង​នោះ​ ប្រហែល​ជា​មិន​អាច​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​បាន​។
ក្រុមហ៊ុន​ដដែល​នេះ​ បានបញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ថ្នាំ​ពន្យាកំណើត​ដែលប្រមូល​យក​វិញ គឺ​មិនមាន​ការគម្រាមកំហែង​ចំពោះ​សុខ​ភាព​ស្រ្ដី​នោះ​ទេ ប៉ុន្ដែ​វា​មិនមាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាប់​ការ​មាន​ ផ្ទៃ​ពោះ ដូច្នេះ​ស្រ្ដីដែល​លេប​វា​ហើយ គួរ​តែ​ប្រញ៉ាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន។
ក្រុមហ៊ុន​ផលិត​ឱសថ​នេះ  កំពុង​តែធ្វើ​ការ​ស៊ើប​អង្កេត​ រក​មូល​ហេតុ​នៃ​ភាគ​គ្មាន​ប្រសិទ្ធ​ភាព​នៃ​ថ្នាំ ដែល​ការ​សន្និដ្ឋាន​ដំបូង គឺ​ដោយ​សារ​តែ​ថ្នាំ​លេប​ទាំង​នេះ​មាន​ផ្សំ​ទៅ​ដោយ​ធាតុ​ផ្សំ​អសកម្ម​ផ្សេង​ ៗ​។
ថ្នាំ​ពន្យាកំណើត​ដែល​មាន​បញ្ហា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ត្រូវ​បាន​ផលិត​ដោយ Pfizer និង​នាំ​ចូល​ទីផ្សារ​ដោយក្រុមហ៊ុន Akrimax Pharmaceuticals ដែលនាំ​បន្ត​ទៅ​កាន់​ឃ្លាំង គ្លីនិក និង​ឱសថ​ស្ថាន​លក់រាយ​នានា​នៅ​សហរដ្ឋ​អាមេរិក​។