Social Icons

ផឹក​តែ ការ​ពារ​ជំងឺ​លើស​ឈាម និងបេះ​ដូង​

ទឹក​តែ
ដំណឹង ​ល្អ​សម្រាប់អ្នក​ចូល​ចិត្ត​ផឹក​តែ និង​អ្នកលើស​ឈាម​ញឹក​ញាប់​ បាន​មកដល់ហើយ នោះ​គឺ​ការ​ទទួល​ទាន​ទឹក​តែ​ជា​រៀង​រាល់ថ្ងៃ​ អាច​បន្ថយ​សម្ពាធ​ឈាម ព្រម​ទាំង​ការ​ពារ​ជំងឺបេះ​ដូង​បាន​នោះ​ដែរ​ ក្រុមអ្នកវិទ្យាសាស្រ្ដ​មកពីសាកលវិទ្យាល័យ Western Australia និង​ក្រុមហ៊ុន Unilever បាន​រកឃើញថា ការ​ទទួល​ទាន​ទឹក​តែ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​សុខ​ភាព​ដូច​បាន​ប្រាប់​ខាង​លើ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​តែ​គឺ​ជា​ភេសជ្ជៈ​ដែល​មាន​ប្រជា​ប្រិយភាព​បំផុត​លំដាប់​ទី​ពីរ​នៅ​ក្នុង ​លោក បន្ទាប់​ពី​ទឹក​ធម្មតា​។ ក្នុង​តែ មាន​ផ្ទុក​ទៅ​ដោយសារធាតុ​​ប៉ូលីផេណុល ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដែល​អាច​បញ្ឈប់​ការ​រីក​លូត​លាស់​នៃ​កោសិកា​មហារីក​បាន​។ ក្រៅ​ពី​បន្ថយ​សម្ពាធ​ឈាម និង​ការពារ​មហារីក ទឹក​តែ​ក៏​អាច​បង្កើន​មុខ​ងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ផង​ដែរ បើ​យោង​តាម​ការ​ស្រាវ​ជ្រាវមួយ​ទៀត​​របស់​សាកលវិទ្យាល័យ Harvard។ បន្ថែម​លើ​អត្ថប្រយោជន៍​ដូច​បាន​រៀប​រាប់​ខាង​លើ ក្រុម​អ្នក​សា្រវ​ជ្រាវ​បាន​រកឃើញ​ភស្ដុតាង​ដែល​បញ្ជាក់​ថា ទឹក​តែ​អាច​ថែរក្សា​បេះ​ដូង​ឲ្យ​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។
លោក Jonathan Hodgson ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​បញ្ជាក់​ថា ទឹក​តែ​ត្រូវ​បាន​គេ​ដឹង​រួច​មកហើយ​ថា​ អាច​មាន​ប្រយោជន៍​ចំពោះ​បេះ​ដូង ប៉ុន្ដែ​ការ​សិក្សា​ថ្មីនេះ​ បាន​រក​ឃើញ​ថែម​ទៀត​ថា ទឹក​តែ​អាច​កាត់​បន្ថយ​ហានីភ័យ​នៃកត្តា​​ដ៏​ចម្បង​ដែល​បង្ក​ជា​ជំងឺ​បេះ​ដូង ​ នោះ​គឺ​ការ​លើស​ឈាម។
នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ គេ​បាន​ធ្វើឡើង​ចំពោះ​ជន​ជាតិ​អូស្រ្ដាលី​ដែលមាន​អាយុ ៣៥ទៅ ៧៥ឆ្នាំ។ ៦ខែ​ក្រោយ​មក​ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែលផឹក​តែ​ បាន​ថយ​នូវ​សម្ពាធ​ឈាម​បានយ៉ាង​ប្រសើរ ពោល​គឺ​ចុះ​បាន ១០ភាគ​រយ​។
ជា​ចុង​ក្រោយ ខ្មែរ​សារិកា សូម​ប្រាប់​ពីវិធី​ការ​ពារ​ជំងឺលើស​ឈាម​ដ៏​សាមញ្ញ​ និង​មាន​ប្រសិទ្ធភាព ដែល​មានដូច​ជា​ កាត់ ​បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​ពេក និង​កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង។ គួប​ផ្សំ​នឹង​ការ​កាត់​បន្ថយ​ពីរ​នេះ អ្នក​ក៏​​ត្រូវ​បង្កើន​ផង​ដែរ គឺ​បង្កើន​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ បូក​រួម​ទាំង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​