មូស (ទាំងមូសដែកគោល និងមូសខ្លា) គឺជាភ្នាក់ងារចម្លងមេរោគយ៉ាងសាហាវ ដែលអាចមានគ្រោះថ្នាក់រហូតដល់ស្លាប់ ហើយមានមនុស្សមិនតិចនោះទេដែលរងគ្រោះដោយសារវា។ ក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញថា ជើងដែលមិនស្អាត គឺពិតជាទាក់ទាញមូសច្រើន បើធៀបនឹងមនុស្សដែលមានជើងស្អាតល្អ។
បាក់តេរីលើជើងដែលបញ្ចេញជាក្លិន គឺស្មើនឹងការកោះហៅមូសមកដូច្នេះដែរ ដូច្នេះអ្នកដែលមានក្លិនជើង គឺប្រឈមមុខនឹងការខាំពីមូសច្រើនជាងគេ។
ការរកឃើញថ្មីនេះ ក៏អាចនាំឲ្យឈានទៅដល់ការបង្កើតវិធីការពារថ្មីប្រឆាំងនឹងជំងឺ គ្រុនចាញ់ ឬជំងឺគ្រុនឈាមបាន។ លោកបណ្ឌិត Niels Verhulst ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wageningen ក្នុងប្រទេសហុល្លង់ និងសហសេវិករបស់គាត់ បានសរសេរក្នុងរបាយការណ៍ថា ការបំបាត់ក្លិនខ្លួន ជាពិសេសគឺក្លិនជើង គឺពិតជាអាចកាត់បន្ថយឱកាសទាក់ទាញមូសបាន។
ដូច្នេះ សរុបមកវិញ អ្នកត្រូវធ្វើយ៉ាងណាកុំឲ្យជើងមានបាក់តេរីច្រើនពេក ព្រោះវាបង្កជាក្លិនមិនល្អដែលទាក់ទាញមូស។ មួយវិញទៀត ចូរការពារខ្លួនតាមវិធីដែលអ្នកធ្លាប់ដឹង ដូចជាគេងក្នុងអង្រឹងមានមុងជ្រលក់ថ្នាំពេលអ្នកត្រូវចូលក្នុង ព្រៃជាដើម។