Social Icons

គេង​ផ្នែក​ខាង​ឆ្វេង ល្អ​ជាង​ខាងស្ដាំ

តើ ​របៀប​នៃការ​គេង​ អាច​មាន​ផល​ប៉ះ​ពាល់​ដល់​​អារម្មណ៍​របស់​មនុស្ស​ដែរ​ឬ​អត់​? ភាគ​ច្រើន​ប្រាកដ​ជា​ឆ្លើយ​ថា​ គ្មាន​អ្វី​ប៉ះ​ពាល់​នោះ​ទេ​ ប៉ុន្ដែ​បើ​តាម​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​បាន​បង្ហាញ​ថា ពិត​ជា​មាន​ការ​ប៉ះ​ពាល់​។
ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើឡើង​ចំពោះមនុស្ស​ពេញ​វ័យ ៣០០០នាក់ បាន​រក​ឃើញ​ថា មនុស្ស​ដែល​គេង​ផ្នែក​ខាង​ឆ្វេង (គេង​ដាក់​ក្បាល​ផ្នែក​ខាង​ឆ្វេង​ជាប់​នឹង​គ្រែ) គឺ​មាន​អកប្បកិរិយា​វិជ្ជមាន​ មាន​អារម្មណ៍​សប្បាយ​ និង​មាន​សមត្ថភាព​ធ្វើ​ការ​ងារ​ធ្ងន់​ៗ​ជាង​មនុស្ស​ដែល​គេង​នៅ​ផ្នែក​ខាង​ ស្ដាំ។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​នេះ​បាន​បង្ហាញ​ថា ជិត​២៥ភាគ​រយ​នៃ​អ្នក​ដែល​គេង​នៅ​ផ្នែក​ខាង​ឆ្វេង​ គឺ​បាន​ឆ្លើយ​ថា​ពួក​គេមាន​អារម្មណ៍​វិជ្ជ​មាន​ច្រើន​ក្នុង​ជីវិត​ ខណៈ​ដែល​អ្នក​គេង​ផ្នែក​ខាង​ស្ដាំ​មាន​តែ​១៨ភាគ​រយ​ប៉ុណ្ណោះ​។
បន្ថែម​លើនេះ​ទៀត ២ភាគ​៣នៃ​អ្នក​គេង​ផ្នែកខាង​ឆ្វេង គឺ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​អត់​ធ្មត់​ខ្ពស់​ក្នុង​ស្ថានការណ៍​អាសន្ន​ណាមួ​យ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ទៀត​ថា អ្នកគេ​ងខាង​ឆ្វេង​ គឺ​ជា​មនុស្ស​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ និងមាន​ការ​ងារ​ជា​អចិន្រ្ដៃយ៍​ទៀត​ផង​។
យ៉ាង​ណាមិញ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ក៏​បាន​បញ្ជាក់​ដែរ​ថា លទ្ធផល​នេះ​មិន​មែន​មាន​ន័យ​ថា​ អ្នក​គេង​ផ្នែក​ខាង​ស្ដាំ​គឺ​សុទ្ធ​តែ​មិនល្អ​នោះ​ទេ ពោល​គឺ​មាន​ចំណុច​ល្អ​ដូច​គ្នា​។ អ្នក​គេង​នៅ​ផ្នែក​ខាង​ស្ដាំ ភាគ​ច្រើន​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​រក​ប្រាក់ចំណូល​បាន​ច្រើន​ជាង​អ្នក​គេង​នៅ​ផ្នែក​ខាង​ស្ដាំ​ ទោះ​បី​ជា​អារម្មណ៍​ពេល​ភ្ញាក់ពី​ដំណេកមិនសូវ​ជា​ជ្រះ​ថ្លា​ក៏ដោយ​។
ចំពោះ​ប្រិយមិត្ត​វិញ ចូល​ចិត្ត​គេង​ផ្នែក​ខាង​ណា​ដែរ ឬ​មួយ​បែរ​ចុះ​បែរ​ឡើង​គ្រប់​ពេល​ដឹង​ខ្លួន​?