Social Icons

ហេតុ​អ្វី​មិន​គួរ​អង្គុយ​យូរ​ពេក?

បុគ្គលិកដែល​អង្គុយ​យូរ​ៗ​នៅ​ការិយាល័យ​
ប្រិយមិត្ត ​ដែល​តាម​ដាន​អត្ថបទសុខ​ភាព​របស់​ខ្មែរសារិកា​ប្រាកដ​ជា​​ធ្លាប់​បាន​អាន​ រួច​មក​ហើយ​ ស្ដី​ពី​ផល​អាក្រក់​ចំពោះ​សុខ​ភាព​នៃ​ការ​អង្គុយ​យូរ​ពេក។ បន្ថែម​លើ​សុខ​ភាព​រាង​កាយ​នោះ ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​អង្គុយ​យូរ​ពេក មិនត្រឹម​តែ​បំផ្លាញ​សុខភាព​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ប៉ះ​ពាល់ដល់​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​ធ្វើឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​របស់ ​អង់គ្លេស​នេះ បាន​បង្ហាញ​ថា អ្នក​អង្គុយ​ជាប់​នឹង​កៅ​អី​រយៈពេល​យូរ ដែលភាគច្រើន​ជា​បុគ្គលិក​ការិយាល័យ​ គឺ​នឹង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ចំពោះ​ហានីភ័យ​នៃ​ការ​កើន​ឡើង​សន្ទស្សន៍​ ម៉ាស់​របស់​រាង​កាយ ព្រម​ទាំង​បន្ថយ​នូវ​ភាព​ល្អ​ប្រសើរ​របស់​ផ្លូវអារម្មណ៍​។
ដើម្បី​ចេញ​ជា​លទ្ធផល​នេះ​ឡើង ក្រុមអ្នកស្រាវ​ជ្រាវ​បាន​ធ្វើការ​សាក​សួរ​​លើ​ក្រុមអ្នក​ចូល​រួម​ដែល​ជា​ បុគ្គលិក​ក្រុមហ៊ុន​ចំនួន​ជាង ១០០០នាក់ ចាប់​ពី​ឆ្នាំ​២០០៩ ដល់ឆ្នាំ​២០១១។ ក្រោយ​ពី​ធ្វើ​ការ​វិភាគលើ​ចម្លើយ​នៃក្រុមអ្នក​ចូល​រួម​ទាំង​នោះ បាន​បង្ហាញ​ថា ៧០ភាគ​រយ​នៃ​អ្នក​ចូលរួម​ គឺ​មិន​បាន​ហាត់​ប្រាណ​ជា​ប្រចាំ​នោះ​ទេ ហើយ​ថែមទាំង​ចំណាយ​ពេល​ជាច្រើនម៉ោង​នៅ​អង្គុយ​កន្លែង​ការងារ​ ដោយ​មិន​ងើប​ទាល់តែ​សោះ​។ អ្វី​ដែល​គួរ​ឲ្យព្រួយ​បារម្ភ​ថែម​ទៀត​នោះ គឺ​សូម្បី​តែ​ម៉ោង​សម្រាក ក៏​បុគ្គលិក​ទាំង​នោះ​នៅ​អង្គុយ​ដែរ ពោល​គឺ​អង្គុយ​ញ៉ាំ​អី​ រួចហើយ​​អង្គុយ​និយាយ​គ្នា​លេង​ជាមួយ​បុគ្គលិក​ដូច​គ្នា​ រហូត​ដល់​ម៉ោង​ធ្វើ​ការ​ដែល​ត្រូវ​អង្គុយ​ត​ទៅទៀត​។
ក្រុម​បុគ្គលិក​ដែល​អង្គុយ​រយៈពេល​យូរ​ៗ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា មានហានីភ័យ​ខ្ពស់​ក្នុង​ការ​ជួប​នូវ​បញ្ហា​សុខ​ភាព​ ទាំង​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បន្ថែម​ទៀត​ថា ក្រោយពេល​ដែល​ត្រូវ​អង្គុយ​ធ្វើការ​រាប់​ម៉ោង​ហើយ​នោះ ពួកគេ​បាន​អង្គុយ​មើល​ទូរទស្សន៍ រួច​គេង​​​រាប់​ម៉ោង​ថែមទៀត​នា​ពេល​យប់ ដែល​នេះ​មាន​ន័យ​ថា រាង​កាយ​ស្ទើ​តែ​គ្មានការ​ហាត់​ប្រាណ​ទាល់តែ​សោះ​។
លោក​វេជ្ជ​បណ្ឌិត Myanna Duncan មកពី​សាកលវិទ្យាល័យ​ Loughborough នៃ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា មនុស្ស​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះបាន​នាំ​គ្នាភ្លេច​ក្រោក​ឈរ​ នៅ​ពេល​កំពុង​ធ្វើ​ការ​។ ពួកគេ​ទាក់​ទង​ជា​មួយ​បុគ្គលិក​ដទៃ​ទៀត​តាម​រយៈ​អ៊ីនធើណិត​ ដូច្នេះ​មិនចាំ​បាច់​ក្រោក​ឈរ​ដើរ​ទៅ​និយាយ​ទល់​មុខ​ជាមួយ​ម្នាក់​ផ្សេង​ទៀត ​នោះ​ទេ​។
បាន​អាន​អត្ថបទ​នេះ​ហើយ សង្ឃឹម​ថា​ប្រិយមិត្ត​ដែល​អង្គុយ​ធ្វើការ​យូរ​ៗ អាច​ងើប​ឈរ​​បាន​ខ្លះ​នៅ​ពេល​កំពុង​ធ្វើ​ការ ដើម្បី​សុខ​ភាព​ដ៏​ប្រសើរ​របស់​យើង។