ក្រុមអ្នកជំនាញដដែលនេះ បានលើកឡើងថា កីឡាករបាល់ទាត់ដែលតែតបាល់ជាប្រចាំ ត្រូវបានគេពិនិត្យឃើញថា មានខួរក្បាលដូចអ្នកជំងឺដែលរបួសខួរក្បាលដែរ។ ការតែតចាប់ពី ១០០០ដង ទៅ១៥០០ដងក្នុងមួយឆ្នាំ អាចបង្កជាផលប៉ះពាល់ដល់ផ្នែកជាច្រើននៃខួរក្បាល (ជាពិសេសផ្នែកខាងមុខ) ដែលមានដូចជា ផ្នែកផ្ដោតអារម្មណ៍ ការចងចាំ ការរៀបចំផែនការ និងការដោះស្រាយបញ្ហាជាដើម។
ដើម្បីចេញជាលទ្ធផលនេះឡើង ក្រុមអ្នកស្រាវជ្រាវដែលមកពីសហរដ្ឋអាមេរិក បានធ្វើការសិក្សាលើកីឡាករដែលធ្លាប់លេងបាល់ទាត់តាំងពីកុមារភាព ចំនួន ៣២នាក់ ដែលមានអាយុជាមធ្យម ៣០,៨ឆ្នាំ។
ការធ្វើចលនានៃ ទឹកនៅក្នុងផ្នែកសនៃខួរក្បាលរបស់កីឡាករដែលប្រើក្បាលដើម្បីតែត បាល់ញឹកញាប់ពេក ត្រូវបានគេរកឃើញថា មានលក្ខណៈស្រដៀងគ្នាទៅនឹងអ្នកជំងឺខួរក្បាលដែរ ដែលនេះគឺជាអ្វីដែលគួរបារម្ភ។
លោក Michael Lipton ដែលជាអ្នកជំនាញម្នាក់មកពី Albert Einstein College of Medicin ក្នុងទីក្រុងញូវយ៉ក បានថ្លែងថា ការរកឃើញនេះ គឺពិតជាសំខាន់ណាស់ ខណៈដែលកីឡាបាល់ទាត់ជាកីឡាដែលពេញនិយមបំផុតនៅទូទាំងពិភពលោក ហើយក៏ទាក់ទាញកុមារឲ្យលេងច្រើនណាស់ដែរ។
ទោះបីជាយ៉ាងណា ក្ដី អ្នកជំនាញរូបនេះ ក៏បានបញ្ជាក់ផងដែរថា ការតែតបាល់ធម្មតាគឺមិនជាប៉ះពាល់ដល់ខួរក្បាលនោះទេ ប៉ុន្ដែការតែតបាល់ដែលមានល្បឿនខ្លាំង អាចប៉ះពាល់ដល់កោសិកាខួរក្បាល។
ឧទាហរណ៍ជាក់ស្ដែងមួយ គឺកាលពីឆ្នាំ ២០០២ អតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់អង់គ្លេសបានស្លាប់ដោយសារជំងឺខួរ ក្បាល ដោយសារតែគាត់ធ្លាប់តែតបាល់មួយទំហឹងពេលគាត់លេងឲ្យក្រុម West Bromwich កាលពីទសវត្សឆ្នាំ ១៩៦០ (មើលរូបខាងក្រោម)។
សរុប មកវិញ កីឡាករបាល់ទាត់ដាច់ខាតគឺមិនអាចជៀសផុតពីការតែតបាល់នោះទេ ក្នុងកំឡុងពេលប្រកួត ប៉ុន្ដែគួរប្រយ័ត្នផងដែរ ជាពិសេសចំពោះបាល់ណាដែលស៊ុតចេញពីជើងកីឡាករផ្សេងទៀតមួយទំហឹង ។