បើសិនជាអ្នកចង់ស្រកឲ្យកាន់តែប្រសើរទៀតនោះ គឺអ្នកមិនត្រូវចោលមួយណាឡើយ រវាងការញ៉ាំអាហារដែលត្រឹមត្រូវ និងការហាត់ប្រាណ។ ប្រសិនបើអ្នកអនុវត្តវិធីទាំងពីរនេះបាន អ្នកមិនចាំបាច់ចំណាយលុយទៅសម្រករាង នៅតាមហាង ឬទិញផលិតផលផ្សេងៗមកប្រើទាំងប្រថុយប្រថាននោះឡើយ។
ក្រុមអ្នកជំនាញរបស់សហរដ្ឋអាមេរិក ប្រចាំសាកលវិទ្យាល័យ Harvard University បានរកឃើញនូវរបកគំហើញថ្មីមួយ ដែលថា ការហាត់ប្រាណគឺជាវិធីដំបូងបំផុត សម្រាប់ជៀសចេញឲ្យឆ្ងាញពីការធាត់លើសទម្ងន់ ខណៈដែលវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអាហារដែលត្រឹម ត្រូវផងដែរ។
ដោយសារតែពីរវិធីនេះមានទំនាក់ទំនងគ្នាបែបនេះហើយ ទើបក្រុមអ្នកជំនាញបានផ្ដល់ជាដំបូន្មានថា មិនគួរចោលមួយណាឡើយ ព្រោះបើធ្វើបានទាំងពីរ គឺប្រសិទ្ធភាពនឹងកាន់តែខ្លាំង។
ចូរផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដោយកែប្រែពីការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ ឬកុំព្យូទ័រ ហើយឆ្លៀតពេលមកហាត់ប្រាណនៅពេលណាមួយ ដូចជាពេលព្រឹកព្រលឹម ឬពេលល្ងាចនាថ្ងៃធ្វើការ និងថ្ងៃអាទិត្យដូចជាថ្ងៃនេះជាដើម អ្នកអាចរៀបចំពេលណាមួយដើម្បីបញ្ចេញញើសរបស់អ្នក ដូចជាទៅហែលទឹកនៅកន្លែងហាត់ប្រាណ ឬរត់នៅតាមផ្លូវជិតៗផ្ទះ ទៅរាំនៅស្ដាតអូឡាំពិត ឬនៅតាមសួនច្បារនានា។ មួយវិញទៀត ដែលអ្នកមិនគួរភ្លេច គឺមិនត្រូវញ៉ាំអ្វីទៅតាមចិត្តចង់នោះទេ។