ការបំបៅកូនដោយទឹកដោះ
ការបំបៅកូនដោយទឹកដោះ នឹងជួយកាត់បន្ថយកម្រិតរីកលូតលាស់នៃអ័រម៉ូន IGF-1 និងជាតិអ៊ីនសូលីននៅក្នុងឈាមរបស់កុមារ ដែលអាចជួយពន្យឺតការឡើងទម្ងន់ជ្រុលបានទៀតផង។ ផ្ទុយមកវិញ កុមារដែលបៅទឹកដោះគោ គឺបានបង្កើននូវផលិតកម្មនៃកោសិកាធាត់ ដែលធ្វើឲ្យពួកគេធាត់ជ្រុល។
ក្រុមអ្នកស្រាវជ្រាវដែលមកពីប្រទេសដាណឺម៉ាកនេះ ក៏បានបញ្ជាក់ផងដែរថា ការបំបៅកូនដោយទឹកដោះកាន់តែយូរ នោះភាគឡើងទម្ងន់របស់កុមារក្នុងរយៈពេល ១៨ខែដំបូងក៏កាន់តែយឺតតាមនោះដែរ។
លទ្ធផលដែលទទួលបាននេះ គឺក្រោយពីក្រុមអ្នកស្រាវជ្រាវធ្វើការវិភាគលើទិន្នន័យរបស់កុមារ ៣៣០នាក់ នៅក្នុងអាយុ៩ខែ ១៨ខែ និង៣៦ខែ។
មិនត្រឹមតែជួយកុមារមិនឲ្យធាត់ជ្រុលនោះទេ ទឹកដោះម្ដាយក៏អាចការពារកុមារពីជំងឺជាច្រើនទៀតផងដែរ ហើយពួកគេនឹងទទួលបានអត្ថប្រយោជន៍សុខភាពជាច្រើននាពេលអនាគត។
រឹតតែពិសេសជាងនេះទៀត ប្រយោជន៍មិនមែនមានសម្រាប់តែទារកប៉ុណ្ណោះទេ ប៉ុន្ដែអ្នកម្ដាយក៏ទទួលប្រយោជន៍ពីការបំបៅដោះកូននោះដែរ។ ការបំបៅទឹកដោះកូន នឹងធ្វើឲ្យម្ដាយដុតបំផ្លាញកាឡូរីអស់៥០០កាឡូរីក្នុងមួយថ្ងៃ ដែលអាចជួយឲ្យម្ដាយមានរាងស្វ៊ែលស្អាត។