Social Icons

តែ​ខ្មៅ​ អាច​ជំនួយ​បេះ​ដូង​បាន!

តែ​ខ្មៅ
នេះ ​ជា​ដំណឹង​ល្អ​សម្រាប់​អ្នកដែល​ចូល​ចិត្ត​ញ៉ាំ​តែ​ជា​ប្រចាំ​។ ការសិក្សា​ថ្មី​បំផុត​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ទឹក​តែ​ជា​ប្រចាំ​ នឹង​ជួយ​ឲ្យ​រាង​កាយ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​អាច​ជួយ​ថែរក្សា​បេះ​ដូង​ឲ្យ​មាន​សុខ​ភាព​ល្អ ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ​។ ការ​ញ៉ាំ​តែ អាច​ជួយ​ការពារ​សរសៃ​ឈាម​ និង​ជម្រុញ​ឲ្យ​មាន​សម្ពាធឈាម​ល្អ​ប្រសើរ​ ដែល​ទាំង​អស់​នេះ គឺ​សុទ្ធ​តែ​មាន​ប្រយោជន៍​ចំពោះ​បេះ​ដូង​។
លោក​វេជ្ជ​បណ្ឌិត Sanjay Preasad ដែល​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​បេះ​ដូង និង​ជំងឺ​ស្រ្ដូក​ បាន​ថ្លែង​ថា មាន​ភស្ដុតាង​ជា​ច្រើន​ដែល​បាន​មក​ពី​ការ​សិក្សា​ស្រាវ​ជ្រាវ​ ដែល​អាច​បញ្ជាក់​ថា ការ​ញ៉ាំ​ទឹក​តែ​ពណ៌​ខ្មៅ គឺ​ពិត​ជា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​ថយ​ចុះ​នៃ​ជំងឺ​ទាក់​ទង​នឹង​បេះ​ ដូង​។
ដើម្បី​ចេញ​ជាលទ្ធផល​បែប​នេះ ក្រុម​អ្នក​ស្រា​វ​ជ្រាវ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញនូវ​លទ្ធផល​នៃ​ ការ​ស្រាវ​ជ្រាវ​ចំនួន​ ៤០ផ្សេង​គ្នា​។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ទឹក​តែ​ខ្មៅ មិន​ត្រឹម​តែល្អ​សម្រាប់​សុខ​ភាព​ទូទៅ​ប្រចាំ​ថ្ងៃ​នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អាច​ការពារ​ជំងឺ​បេះ​ដូង​បាន​ទៀត​ផង​។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បង្ហាញ​​ថា មនុស្ស​ដែល​ញ៉ាំ​តែ​បី​ពែង​ ដល់​៦ពែង​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ជំងឺបេះ​ដូង​បាន​ពី ៣០ ទៅ​៥៧ភាគ​រយ​ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ញ៉ាំ​តិច​ជាង​នេះ ឬ​ក៏​មិន​ញ៉ាំ​សោះ​។
អ្នក​ដឹក​នាំ​ការ​ស្រា​វ​ជ្រាវ​នេះ គឺ​លោក​វេជ្ជ​បណ្ឌិត Carrie Ruxton បាន​អះ​អាង​ថា ក្រៅ​ពី​កាត់​បន្ថយ​ជំងឺ​បេះ​ដូង ទឹក​តែ​ខ្មៅ​ក៏​អាច​កាត់​បន្ថយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ពីរ​ផង​ដែរ។
ចាំ​ដល់​ណា​ទៀត សាក​ងាក​មកទទួល​ទាន​តែ​ដ៏​ឈ្ងុយ​ឆ្ងាញ់​ ចាប់​ពីឥលូវ​នេះ​​ដើម្បី​សុខ​ភាព​ល្អ​របស់​យើង​រាល់​គ្នា!