យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់អូស្រ្ដាលី បានបង្ហាញថា សារៈប្រយោជន៍នៃវីតាមីន B សម្រាប់មនុស្សពេញវ័យគឺពិតជាមានច្រើន ជាពិសេសសម្រាប់សមត្ថភាពខួរក្បាលរបស់មនុស្សចាស់។
លោក Janine Walker ដែលជាអ្នកដឹកនាំការស្រាវជ្រាវនេះបានបង្ហាញថា ទោះបីជាអត្ថប្រយោជន៍មិនបានបង្ហាញច្រើនក្រាស់ក្រែលក៏ពិតមែន ប៉ុន្ដែវានៅតែល្អប្រសើរជាងអ្នកដែលខ្វះវីតាមីន B។
ដើម្បីចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសាកសួរមនុស្សច្រើនជាង ៧០០នាក់ ដែលមានអាយុពី ៦០ឆ្នាំ ទៅ៧៤ឆ្នាំ។ អ្នកចូលរួមទាំងនោះ ត្រូវបានគេបែងចែកជាពីរក្រុម ដោយមួយក្រុមតម្រូវឲ្យលេបនូវសារជាតិអាស៊ីតហ្វូលីច និងវីតាមីន B12 ខណៈដែលមួយក្រុមទៀត ក៏ត្រូវបានគេឲ្យលេបដូចគ្នាតែជាថ្នាំបន្លំ (មិនមានជាតិវីតាមីន B12)។
នៅក្នុងថ្នាំវីតាមីនដែលគេឲ្យលេបនោះ មានផ្សំទៅដោយ អាស៊ីតហ្វូលីច ៤០០មីក្រូក្រាម និងវីតាមីន B12 ១០០មីក្រូក្រាម។ ក្រុមអ្នកចូលរួមទាំងអស់ មិនត្រូវបានគេប្រាប់ថាលេបថ្នាំពិត ឬថ្នាំបន្លំនោះទេ។
រយៈពេល១២ខែក្រោយមក លទ្ធផលនៃអ្នកលេបថ្នាំពិត និងថ្នាំបន្លំ គឺមិនមានភាពខុសគ្នាទេ ប៉ុន្ដែរយៈពេល២ឆ្នាំបន្ទាប់ ភាពខុសគ្នាត្រូវបានស្ដែងឡើងយ៉ាងជាក់ច្បាស់ ពោលគឺអ្នកលេបថ្នាំវីតាមីនពិតប្រាកដមានភាពប្រសើរឡើងនៃការចង ចាំ មានការគិតបានរហ័ស និងមានការផ្ដោតអារម្មណ៍បានល្អទៀតផង។
ប្រភព៖ Reuters