Social Icons

វិធី​សាស្រ្ដ​គ្រប់គ្រង​អារម្មណ៍​ខឹង ដែល​អ្នកមិនធ្លាប់​ដឹង!

អ្នក ​ណា​ៗ​ក៏​ធ្លាប់​មាន​អារម្មណ៍​ខឹង​សម្បារ​នោះ​ដែរ​ ហើយ​ការ​ខឹង​ច្រឡោត​នេះ​ហើយ ដែល​អាច​បង្ក​ជា​បញ្ហា​ ដូច​ពាក្យ​ចាស់​ថា "ខឹង​ខុស ខឹង​ខូច ខឹង​ខាត" ដោយ​សារ​តែ​ពេល​ខឹង​ខ្លាំង មនុស្ស​មិន​បានគិត​វែង​ឆ្ងាយ​នោះទេ​។ ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​រំងាប់​អារម្មណ៍​ខឹង​នេះ​បាន​? វិធីសាស្រ្ដ​ដែល​លោក​អ្នក​ធ្លាប់​ដឹង​កាល​ពីមុន គឺ​ការ​តាំង​សមាធិ និង​ការ​ហាត់​ប្រាណ ប៉ុន្ដែ​អ្វី​ដែល​ខ្មែរសារិកា នឹង​នាំ​មក​ជូន​ប្រិយមិត្ត​នា​ពេល​នេះ គឺ​ជា​វិធី​សាស្រ្ដ​ថ្មី​ ដែល​ទើប​តែ​រក​ឃើញ​ ដោយ​ក្រុម​អ្នក​ជំនាញ​។
វិធី​សាស្រ្ដ​នេះ​ប្រហែល​ជា​ចម្លែក ប៉ុន្ដែ​ស្រួល​បំផុត​ក្នុង​ការ​អនុវត្តន៍​។ ប្រសិន​បើ​អ្នក​ជា​អ្នក​ប្រើ​ដៃ​ស្ដាំ​ ចូរ​ប្ដូរ​មក​ប្រើ​ដៃ​ឆ្វេង​ជា​បណ្ដោះ​អាសន្ន​សិន នៅ​ពេល​ដែល​កំហុស​របស់​អ្នក​ផ្ទុះ​ឡើយ ដូច​ជា​ ប្រសិន​បើ​អ្នក​ទម្លាប់​កាន់​ mouse កុំព្យូទ័រ​ដៃ​ស្ដាំ ឬ​កូរ​កាហ្វេ​ដៃ​ស្ដាំ ចូរ​ប្ដូរ​មក​ប្រើ​ដៃ​ឆ្វេង​វិញ។ ដូចគ្នា​នេះ​ដែរ ប្រសិន​បើ​អ្នក​ជា​អ្នក​ប្រើ​ដៃ​ឆ្វេង ចូរ​ប្ដូរ​មក​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដោយ​ប្រើ​ដៃ​ស្ដាំ​វិញ។ 
ហេតុ​អ្វី​ការ​ប្រើ​ដៃ​ផ្ទុយ​ពី​ធម្មតា​អាច​កាត់​បន្ថយ​កំហឹង​ដែល​កំពុង​ពុះ​កញ្ជ្រោល?
លោក​វេជ្ជ​បណ្ឌិ Thomas Denson មក​ពី​សាកលវិទ្យាល័យ New South Wales បាន​បញ្ជាក់​ថា នេះ​គឺ​ជា​វិធី​គ្រប់​គ្រង​ខ្លួន​ឯង​យ៉ាង​មានប្រសិទ្ធភាព។ ប្រសិន​បើ​អាច​អនុវត្ត​វិធី​នេះ​ បាន​ពីរ​សប្ដាហ៍ នោះ​វា​នឹង​ក្លាយ​ជា​ទម្លាប់ បានន័យ​ថា នៅ​ពេល​អ្នក​ច្រឡំ​ប្រើ​ដៃ​ធម្មតា នោះ​អារម្មណ៍​របស់​អ្នក​នឹង​តប​មក​អ្នក​វិញ​ថា ត្រូវ​ប្រើ​ដៃ​ឆ្វេង​។
និយាយ​ជា​រួម វិធី​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រៀន​គ្រប់​គ្រង​ខ្លួន​ឯង ពោលគឺ​មិនមែន​សម្រាប់​តែ​អ្នក​ចង់​ទប់​ស្កាត់​កំហឹងតែ​មួយ​មុខ​នោះ​ទេ​។
នេះ​ជា​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នក​ជំនាញ ដូច្នេះ​បើ​ចង់​ដឹង​វា​បាន​ផល​មែន​ឬ​ក៏​មិន​មែន​នោះ មាន​តែ​ការ​សាក​ល្បង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ទើប​ដឹង​លទ្ធផល​។ កុំភ្លេច​សាក​ល្បង​ណា នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ក្រេវ​ក្រោធ​នឹង​រឿង​អ្វី​មួយ​ ហើយ​បើ​បាន​ផល ជួយ​ប្រាប់​ខ្មែរសារិកា​វិញ​ផង​!