Social Icons

កុមារ​ធាតុ​ជ្រុល ប្រឈម​នឹង​ជំងឺ​ហឺត​

កុមារ​ធាត់​ដែល​កើត​ជំងឺ​ហឺត
ការ ​សិក្សា​ថ្មី​មួយ​បាន​ធ្វើ​ការ​ព្រមាន​ថា កុមារ​ដែល​ធាត់​​លើស​​ទម្ងន់​ចាប់​តាំង​ពី​ក្មេង​ រហូត​ដល់​ធំ​ដឹង​ក្ដី គឺ​អាច​នឹង​ប្រឈម​មុខ​នឹង​ហានីភ័យ​ខ្ពស់​នៃ​ជំងឺ​ហឺត​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ដែល​មក​ពី​ទីក្រុង​ Stockholm នៃ​ប្រទេស​ស៊ុយ​អែត​ បាន​បង្កើត​ការ​សិក្សា​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ជំងឺ​ហឺត​មាន​ការ​ទាក់​ទង​នឹង​ការ​ធាត់​លើស​ទម្ងន់ ឬ​សន្ទស្សន៍​ម៉ាស់​របស់​ខ្លួន​មនុស្ស​ (BMI) ឬ​ក៏​អត់​?
ក្រោយ​ពី​បាន​ជ្រើស​រើស​យក​កុមារ​អាយុ​ពី​១ឆ្នាំ​ ដល់​៨ឆ្នាំ ចំនួន​២០០០នាក់​រួច​មក​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​ពិនិត្យ​មើល​លើ​កម្រិត​នៃ​ BMI របស់ពួក​គេ​ម្នាក់​ៗ។
បន្ទាប់​​ពី​ធ្វើ​ការ​វិភាគរួច​មក​ លទ្ធផល​បាន​បង្ហាញ​ថា កុមារ​ដែលលើស​ទម្ងន់​ ពោលគឺ​មាន​ BMI ខ្ពស់ រហូត​ដល់​អាយុ​៧ឆ្នាំ គឺ​មាន​ការកើន​ឡើង​ហានីភ័យ​ដល់​ទ្វេរ​ដង​នៃ​ការ​កើត​ជំងឺ​ហឺត​ ព្រម​ទាំង​ជំងឺ​ទាក់​ទង​នឹង​អាលែកហ្ស៊ី​ផ្សេង​ៗ​ទៀត​ជា​ច្រើន បើ​ធៀប​ជាមួយ​កុមារ​ដែលមាន​ទម្ងន់​ធម្មតា​។
លោក Magnusson ដែល​ជាអ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ ក៏បាន​បញ្ជាក់​ដែរ​ថា កំឡុង​ពេល​បួន​ឆ្នាំ​ដំបូង​របស់​កុមារ​ គឺ​មិន​មាន​ការ​កើន​ឡើងកម្រិត​គ្រោះថ្នាក់​នៃ​ជំងឺ​ហឺត​នោះ​ទេទោះបី​ជាធាត់​ លើ​សទម្ងន់​ក៏ដោយ​។
ប្រសិន​បើ​អ្នក​បាន​ដឹង​ថា​កុមារ​មាន​កើត​ជំងឺ​ហឺត ចូរ​ធ្វើ​យ៉ាងណា​នាំ​កុមារ​ទៅ​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត ព្រោះ​ថា​ការ​ព្យាបាល​ទាន់​ពេល​វេលា​ នឹង​ធ្វើ​ឲ្យ​កុមារ​ជៀស​ផុត​ពី​គ្រោះ​ថ្នាក់​។ ត្រូវ​ចង​ចាំ​ផង​ដែរ​ថា​​ ចូរ​ឲ្យ​កុមារ​ធ្វើលំហាត់​ប្រាណ​ផ្នែក​រាង​កាយ​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ ដើម្បី​កាត់​បន្ថយ​ទម្ងន់​ដែល​លើស​របស់​ពួក​គេ​ និង​ដើម្បីកាត់​បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ហឺត។