Social Icons

ក្មេង​លេង​ច្រើន រៀន​ក៏​ពូកែ​ដែរ​

កុមារ ​ដែល​ចូល​រួ​ម​ក្នុង​សកម្មភាព​កីឡា ឬសកម្មភាព​ផ្នែក​រាង​កាយ​ដទៃ​ទៀត​ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ភាព​ប្រសើរ​ក្នុង​ការ​រៀន​សូត្រ​ បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​អសកម្ម​ផ្នែក​រាង​កាយ​។
លទ្ធផល​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជន​ជាតិ​ហុល្លង់​ ដែល​បាន​ធ្វើ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​១៤ផ្សេង​គ្នា ដែល​ធ្វើ​ឡើង​ចំពោះ​កុមារ​ ១២០០០នាក់ ដែល​មាន​អាយុ​ ៦ ទៅ​១៨ឆ្នាំ​។
អ្នក​ស្រី​បណ្ឌិត Amika Singh មកពី​សាកលវិទ្យាល័យវេជ្ជ​សាស្រ្ដ​ Vrije Universiteit ក្នុង​ទីក្រុង​អាម​ស្ទើ​ដាម នៃ​ប្រទេស​ហុល្លង់​ ដែល​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​ធ្វើ​ការ​ប្រៀប​ធៀប​ពី​សកម្មភាព​ផ្នែក​រាង​កាយ​របស់​កុមារ ជាមួយ​នឹង​លទ្ធផល​នៃ​ការ​សិក្សា​របស់​ពួក​គេ​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា កុមារ​ដែល​មាន​ភាព​សកម្ម​ភាព​ផ្នែក​រាង​កាយ​ច្រើន គឺ​មាន​ភាព​ប្រសើរ​​នៃ​ការ​រៀន​សូត្រ​ក្នុង​ថ្នាក់​រៀន​ផង​ដែរ​។
សកម្មភាព​ផ្នែក​រាងកាយ​របស់​កុមារ គឺ​ភាគច្រើន​គឺ​ជា​សកម្ម​ភាព​ក្នុង​ផ្នែក​កីឡា​នានា​របស់​សាលា ឬ​ការ​លេង​កំសាន្ដ​នានា​។ ក្រុមអ្នកស្រាវ​ជ្រាវ​បាន​វាស់​ស្ទង់​កម្រិត​នៃ​ការ​ចូល​រួម​របស់​ពួក​គេ​ ក្នុង​ផ្នែក​កីឡា ជាមួយ​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ក្នុង​ថ្នាក់របស់ពួក​គេ​។
មូល​ហេតុ​ដែល​ក្រុម​អ្នកស្រាវ​ជ្រាវ​លើក​ឡើង​ គឺ​ដោយ​សារ​តែ​ នៅ​ពេល​ដែល​កុមារ​ហាត់​ប្រាណ ឬ​លេង​កីឡា នោះ​កម្រិត​ឈាម​រត់​ និង​អុក​ស៊ីសែនទៅ​កាន់​ខួរ​ក្បាល​ គឺ​មាន​ការ​កើន​ឡើង​ ដែល​ធ្វើ​ឲ្យ​ខួរក្បាល​បញ្ចេញ​សកម្មភាព​បាន​រហ័ស​។
មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ កុមារ​ដែលចូល​រួម​លេង​កីឡា ក៏​បាន​រៀន​ពី​របៀប​គោរព​វ័យ​ផង​ដែរ​។ ការ​មាន​ទម្លាប់​គោរព​វិន័យ​ក្នុង​កីឡា ក៏​អាច​ធ្វើ​ឲ្យ​កុមារ​បន្ត​ទម្លាប់​ល្អ​នេះ​ក្នុង​ថ្នាក់រៀន​នោះ​ដែរ​។ ការ​គោរព​វិន័យ​នេះ​ ក៏​ជា​កត្តា​ដែល​ជួយ​ជម្រុញ​កុមារ​ឲ្យ​រៀន​ពូកែ​ផងដែរ​ តាម​រយៈការ​យកចិត្ត​ទុក​ដាក់​ក្នុងម៉ោង​រៀន​។