Social Icons

មនុស្ស​ប្រុស​ភ្លេច​ភ្លាំង​ ច្រើន​ជាង​មនុស្ស​ស្រី!

បុរស​វ័យ​ចំណាស់​កើត​ជំងឺ​ភ្លេច​ភ្លាំង​
ក្រុម ​អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​ បាន​រក​ឃើញ​ថា បុរស​អាច​នឹង​មាន​ហានីភ័យ​ខ្ពស់​ជាង​ស្រ្ដី ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​ការ​បាត់​បង់​ការ​ចងចាំ​ និង​ឈាន​ទៅ​ដល់ការ​កើត​ជំងឺ​សរសៃ​ប្រសាទ ឬ​ជំងឺ​រវើ​រវាយ​នៅ​ពេល​ចាស់​ទៅ​។ ការ​សិក្សា​ថ្មី​នេះ​ បាន​បង្ហាញ​ថា បុរស​មានហានីភ័យ​ខ្ពស់​ជាងដល់ទៅ​ពី​រ​ដង ក្នុង​ការ​ធ្លាក់ចុះ​ការ​ចង​ចាំ រួមនឹង​ជំនាញ​ខួរ​ក្បាល​មួយ​ចំនួន​ទៀត​ដូច​ជា ការ​រៀប​ចំផែន​ការ និង​ការ​ដោះ​ស្រាយ​កិច្ច​ការ​ស្មុគ​ស្មាញ​ផ្សេង​ៗ​ក្នុង​ជីវិត​។ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ប្រហែល​ពាក់​កណ្ដាល​នៃ​អ្នក​ដែលកើត​ជំងឺ​ភ្លេច​ភ្លាំង​ច្រើន បាន​វិវឌ្ឍ​ទៅ​រក​ជំងឺ​រវើ​រវាយ​ និង​ជំងឺ​ទាក់​ទង​នឹង​សរសៃ​ប្រសាទផ្សេងទៀត​។
ការ​រក​ឃើញ​ថ្មី​នេះ គឺ​ចេញ​ពី​ការ​សិក្សារបស់​អាមេរិក លើ​មនុស្ស​១៤៥០នាក់ ដែលមាន​អាយុ​ពី ៧០ ទៅ​៨៩ឆ្នាំ ដែល​មិនធ្លាប់​កើត​ជំងឺ​សរសៃ​ប្រសាទ ។ រយៈ​ពេល​១៥ខែ​ នៃ​ការ​ធ្វើ​តេស្ដន៍​ការ​ចងចាំ​ បាន​បង្ហាញ​ថា​មនុស្ស ២៩៦នាក់ បាន​វិវឌ្ឍ​ទៅ​រក​ជំងឹ​ភ្លេច​ភ្លាំង​ច្រើន​។
ការ​សិក្សា​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា ករណី​ថ្មី​ៗ​នៃ​ជំងឺ​សរសៃ​ប្រសាទជា​រៀង​រាល់​ឆ្នាំ គឺ​ភាគ​ច្រើន​ជា​បុរស​។ ជា​សរុប​រួម គឺ​បុរស​មាន​៧២​ករណី ក្នុង​ចំណោម​បុរស​១០០០នាក់​ ខណៈដែល​ស្រ្ដី​មាន​តែ ៥៧ករណី​ប៉ុណ្ណោះ​ក្នុង​ចំណោម​ស្រ្ដី​១០០០នាក់​។
ក្រៅ​ពី​នេះ​ គេ​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​បាន​រៀន​សូត្រ​តិច​តួច ឬ​អ្នក​ដែល​មិន​ធ្លាប់​រៀប​ការ​ ក៏​ប្រឈម​នឹង​ការ​ភ្លេច​ភ្លាំ​ង​ច្រើន​ផង​ដែរ​។
លោក​វេជ្ជ​បណ្ឌិត Rosebud Roberts ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​និយាយ​ថា លទ្ធផល​នេះ​គឺ​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ដោយ​សារ​តែ​ភាគ​ច្រើន​គិត​ថា ស្រ្ដី​មាន​អត្រា​កើត​ជំងឺ​រវើ​រវាយ​ច្រើន​ជាង​បុរស​។