ជិះកង់ហាត់ប្រាណ
តើការកើនឡើងអាំងស៊ុយលីន មានអ្វីទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទពីរ? ចម្លើយគឺពិតជាមាន ព្រោះថា ជំងឺទឹកនោមផ្អែមប្រភេទពីរ គឺ កើតឡើងនៅពេលដែលកម្រិតជាតិស្ករនៅក្នុងឈាមបានកើនឡើងដល់កម្រិត គ្រោះថ្នាក់ដោយហេតុថាវាបានកាត់បន្ថយនូវមុខងារនៃអាំងស៊ុយលីន។
ជំងឺទឹកនោមផ្អែមប្រភេទពីរនេះ បានបង្កជាផលគ្រោះថ្នាក់ដល់បេះដូង ក្រលៀន និងគម្រាមកំហែងដល់អាយុជីវិតផងដែរ ហើយមនុស្សក៏បានចំណាយអស់រាប់លានដុល្លារនៅទូទាំងពិភពលោកដើម្បី ព្យាបាលជំងឺនេះ។
ខ្មែរសារិកាធ្លាប់បានលើកឡើងច្រើនដងមកហើយពីសារៈសំខាន់នៃការ ហាត់ប្រាណ ដូច្នេះប្រិយមិត្តគួរឆ្លៀតពេលណាមួយ អាចជាពេលល្ងាច ឬ ព្រឹកព្រលឹម ដើម្បីធ្វើការហាត់ប្រាណឲ្យបានទៀងទាត់។ ការហាត់ប្រាណជាប្រចាំ អាចជួយថែរក្សាកម្រិតជាតិស្ករឲ្យនៅទាប។
តើហេតុអ្វីបានជាការហាត់ប្រាណ អាចជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាមបាន?
លោកវេជ្ជបណ្ឌិត Niels Vollaard ដែលដឹកនាំការស្រាវជ្រាវនេះ បានឆ្លើយថា សាច់ដុំរបស់យើងមានកន្លែងមួយសម្រាប់ស្កុកទុកជាតិស្ករសម្រាប់ប្រើ ក្នុងពេលហាត់ប្រាណ ដែលគេឲ្យឈ្មោះថា ហ្គ្លីកូហ្សែន (Glycogen)។ ដើម្បីស្ដុកទុកជាតិស្ករសារជាថ្មី (ជាតិស្កដែលស្ដុកត្រូវប្រើអស់ក្នុងពេលហាត់ប្រាណ) សាច់ដុំបានយកជាតិស្ករពីឈាម ដូច្នេះកម្រិតជាតិស្ករក្នុងឈាមនឹងថយចុះក្រោយពេលហាត់ប្រាណ។
ចំណែកឯអ្នកដែលមិនសូវបញ្ចេញសកម្មភាពរាងកាយអ្វីទេនោះ គឺសាច់ដុំមិនចាំបាច់ត្រូវធ្វើបែបនេះនោះទេ ដែលមានន័យថា កម្រិតជាតិស្ករក្នុងឈាមនឹងកាន់តែឡើងខ្ពស់ ដែលជាដើមហេតុបង្កជាជំងឺទឹកនោមផ្អែម។