Social Icons

ហេតុ​អ្វី​ស្រ្ដី​មាន​ផ្ទៃ​ពោះ​មិន​គួរ​និយាយ​ទូរសព្ទ?

ស្រ្ដីមាន​ផ្ទៃ​ពោះនិយាយ​ទូរសព្ទ

ប្រិយមិត្ត ​ប្រហែល​ជា​ធ្លាប់​ដឹង​មក​ហើយ​ថា ស្រ្ដី​មាន​ផ្ទៃ​ពោះមិន​គួរ​និយាយ​ទូរសព្ទ​ដៃ​នោះ​ទេ​ ប៉ុន្ដែ​ចំពោះ​ហេតុ​ផល​យ៉ាង​ណា​នោះ នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ​។ ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​របស់​អាមេរិក បាន​បង្ហាញ​ថា ស្រ្ដី​​មានផ្ទៃ​ពោះ ដែល​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ នឹង​ធ្វើ​ទារក​ក្នុង​ផ្ទៃ​ ប្រឈម​នឹង​ហានីភ័យ​ខ្ពស់​ក្នុង​ការ​មានបញ្ហា​វិវឌ្ឍ​នៃ​អត្ត​ចរិត និង​អាកប្បកិរិយា​ពេល​ធំ​ឡើង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកលវិទ្យាល័យ Yale បាន​រក​ឃើញ​ថា ជាតិ​វិទ្យុ​សកម្ម ដែល​ចេញ​ពី​ទូរសព្ទ​ដៃ កំឡុង​ពេល​មាន​ផ្ទៃ​ពោះ បាន​ប៉ះ​ពាល់​ដល់​ការ​វិវឌ្ឍ​ខួរ​ក្បាល​នៃ​ទារក​ក្នុង​ផ្ទៃ ដែល​នឹង​បណ្ដាល​ឲ្យ​ការ​ចង​ចាំ​របស់​ពួក​គេ​ចុះ​ខ្សោយ​ផង​ដែរ​។
មូល​ហេតុ​ដែល​គេ​ដឹង​ថា ទារក​ក្នុង​ស្បូន ទទួល​ផល​ប៉ះពាល់​អវិជ្ជ​មាន​ពី​ទូរសព្ទ​ដៃ​ គឺ​ដោយ​សារ​តែ​ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ទៅលើ​កណ្ដុរ​ដែល​ មាន​កូន​ក្នុង​ពោះ។ 
ពួក​គេ​បាន​ចង្អុល​បង្ហាញ​ថា កូន​កណ្ដុរ​ដែល​មិនទាន់​កើត​ បាន​ទទួល​នូវ​ជាតិ​វិទ្យុ​សកម្ម ពី​ទូរសព្ទ​ដៃ។ លទ្ធផល​ពី​ការ​សិក្សា​លើ​សត្វ​កណ្ដុរ អាច​ឲ្យ​គេ​សន្និដ្ឋាន​បាន​ថា ស្រ្ដី​ដែល​មាន​ផ្ទៃ​ពោះ គួរ​តែ​ដាក់​ទូរសព្ទ​ដៃ​នៅ​ឲ្យឆ្ងាយ​ពី​ខ្លួនយ៉ាង​តិច​មួយ​ម៉ែត្រ​។
ចំណែក​ឯ​ក្រុម​អ្នក​ជំនាញដែល​មក​ពី​សាកលវិទ្យាល័យ University College of London វិញ បាន​ជំទាស់​ចំពោះ​ការ​យក​ការ​សិក្សា​លើ​សត្វ​កណ្ដុរ មក​ធៀប​នឹង​មនុស្ស ព្រោះ​ថាកណ្ដុរ​គឺ​ពរ​ពោះ​តែ ១៩ថ្ងៃប៉ុណ្ណោះ ដែល​ខួរ​ក្បាល​របស់​កូន​កណ្ដុរ​ ក៏មានការ​វិវឌ្ឍ​ខុស​ប្លែក​ពី​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ​។
ទោះ​បី​ជា​មាន​ការ​មិន​ឯក​ភាព​គ្នា​រវាង​ក្រុម​អ្នក​ជំនាញ​បែប​នេះ​ក៏​ ដោយ ប៉ុន្ដែ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​កាល​ពី​ពីរ​ឆ្នាំ​មុន របស់​សាកល​វិទ្យាល័យ University of California នៅ​ឡូស អ៊ែន​ជើលែស ក៏​បាន​រក​ឃើញ​ពី​ផល​ប៉ះ​ពាល់​របស់​ទូរសព្ទ​ដៃ ចំពោះ​ស្រ្ដីមានផ្ទៃ​ពោះ​ផង​ដែរ​។ ពួក​គេ​បាន​រក​ឃើញ​ថា ទារក​ដែល​ទទួល​ជាតិ​វិទ្យុសកម្ម​ពី​ទូរសព្ទ​ដៃ បាន​បង្កើន​ហានីភ័យ​ ៣០ភាគ​រយ ក្នុង​ការ​ជួប​ប្រទះ​នូវ​បញ្ហា​អាកប្បកិរិយា​នៅ​ពេល​មាន​អាយុ៧ឆ្នាំ​។ កាល​ពី​ពេល​នោះ គឺ​មិនមែន​ធ្វើ​ការ​សិក្សា​លើ​សត្វ​កណ្ដុរ​នោះ​ទេ ប៉ុន្ដែ​គឺ​ជា​សិក្សា​លើ​កុមារ ២៩០០០នាក់។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី កាល​ពី​គ្រា​នោះ​ក៏មាន​ការ​ជំទាស់​ពី​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ របស់អង់គ្លេស​ផង​ដែរ ដោយ​លើក​ឡើង​ថា បញ្ហា​អាកប្បកិរិយារបស់កុមារ​ មិនមែនមក​ពី​ទូរសព្ទ​ដៃនោះ​ទេ គឺ​ដោយ​សារ​របៀប​នៃ​ការរស់​នៅ​របស់​ពួក​គេ។