Social Icons

អាហារ​ជាតិ​ខ្លាញ់​​ខ្ពស់ បង្ក​ផល​អាក្រក់​ដល់​ខួរ​ក្បាល​

អាហារ​ដែល​មាន​ជាតិ​ធាត់​ខ្ពស់

គ្រប់ ​ៗ​គ្នា​ប្រហែល​ជា​ដឹងហើយ​ថា អាហារ​ដែល​ជា​មាន​ជាតិខ្លាញ់​​ខ្ពស់​ គឺ​អាក្រក់​ចំពោះ​សុខ​ភាព​។ ស្រប​ជាមួយ​នឹង​អ្វី​ដែល​ធ្លាប់​បាន​ដឹង​នេះ ក្រុម​អ្នក​វិទ្យាសាស្រ្ដ​បាន​រក​ឃើញ​ថ្មី​ៗ​នេះ​ថា អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាំង​នោះ គឺ​មិន​ល្អ​ចំពោះ​ខួរ​ក្បាល​នោះ​ទេ​។ ក្រុមអ្នកស្រាវ​ជ្រាវ​ដែលមកពី​សាកលវិទ្យាល័យ Washington School of Medicine បាន​បង្ហាញ​ថា អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ គឺ​អាច​បំផ្លាញ​នូវ​ផ្នែក​ខ្លះ​នៃ​ខួរ​ក្បាល​។
ការ​សិក្សា​ដែល​ដឹក​នាំ​ដោយ​លោក Michael Schwartz នេះ បាន​ធ្វើ​ការ​ប្រៀប​ធៀប​ផល​ប៉ះ​ពាល់​នៃ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ ទៅ​លើ​ខួរ​ក្បាល​។ រយៈ​ពេល​២៤ម៉ោង​នៃ​ការ​ធ្វើ​ពិសោធន៍​ លទ្ធផល​បាន​បង្ហាញ​ថា មាន​ផ្នែក​ ឬ​តំបន់​ខ្លះ​នៃ​ខួរ​ក្បាល​ ដែល​មាន​ឈ្មោះ​ថា hypothalamus បាន​ទទួល​រង​របួស​។
យោង​តាម​លោក Joshua Thaler ដែល​ជា​អ្នក​ស្រាវ​ជ្រា​វ​ក្នុង​ក្រុម​នេះ​ដែរ​នោះ បាន​ឲ្យ​យើង​ដឹង​ថា ភាពធាត់​ជ្រុល​ ក៏​អាច​មាន​ភាព​ទាក់​ទង​នឹង​សមត្ថភាព​ខួរ​ក្បាល​ផង​ដែរ​។ ដូច្នេះ​ចូរ​កុំ​ព្យាយាម​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ខ្លាំង​ ញឹក​ញាប់​ពេក​អី​ ដោយ​សារ​តែ​វា​មិនមាន​អ្វី​ល្អ​សម្រាប់​សុខ​ភាពយើង​នោះ​ទេ​។
អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​​ខ្ពស់ ភាគច្រើន​ជា​អាហារ​លឿន​ (fast food)។ អាហារ​លឿន​ទាំង​នោះ​បាន​បង្ក​ឲ្យ​មានមនុស្ស​ធាត់​ជា​ច្រើន​នៅ​លើ​ពិភព​លោក ដែល​កម្ពុជា​យើង​ក៏​អាច​ដើរ​តាម​គន្លង​នេះ​ផង​ដែរ ដោយ​សារ​ប្រជា​ជន​នៅ​ទីក្រុង​កំពុ​ង​មាន​ទំនោរ​ទៅ​រក​អាហារ​បែប​នេះ​។ តម្លៃ​ក៏​ថ្លៃ​ ផល​ប៉ះ​ពាល់​ក៏​ច្រើន ដូច្នេះ​បើ​អាច​កាត់បន្ថយ​ គួរ​តែ​កាត់​បន្ថយ ដើម្បី​សុខ​ភាព​របស់​យើង​។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ ត្រូវ​បាន​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹតិ្ត​បត្រ​ Journal of Clinical Investigation។