ក្រុមអ្នកស្រាវជ្រាវទាំងនោះបាននិយាយថា បុរសខ្ពស់អាចកាត់បន្ថយរោគបេះដូង អាចមកពីកត្តាជីវសាស្រ្ដរបស់ពួកគេ ដូចជាប្រវែងពីបេះដូងរបស់ពួកគេ ទៅនឹងសាខានៃសរសៃឈាម ដែលអាចកាត់បន្ថយស្រ្ដេសលើបេះដូង។
លទ្ធផលនៃការស្រាវជ្រាវថ្មីនេះ បានមកពីទិន្នន័យរបស់បុរស ២២០០០នាក់ ក្នុងការស្រាវជ្រាវដ៏ធំមួយទាក់ទងនឹងជំងឺបេះដូង និងមហារីក ដែលចាប់ផ្ដើមពេលពួកគេមានអាយុជាមធ្យម ៥៥ឆ្នាំ។
ក្រុមបុរសដែលចូលរួមទាំងនោះ ត្រូវបានគេតម្រូវឲ្យឆ្លើយតបទៅនឹងសំណួរដែលសួរអំពី កម្ពស់ ទម្ងន់ និងស្ថានភាពសុខភាព។ ក្រោយពីតាមដានលើការសិក្សានេះអស់រយៈពេល ២២ឆ្នាំ លទ្ធផលបានបង្ហាញថា បុរសចំនួន ១៤៤៤នាក់ ឬប្រហែល៧ភាគរយ បានកើតជំងឺបេះដូង។ មូលហេតុនៃជំងឺបេះដូងនោះ គឺដោយសារតែបេះដូងរបស់ពួកគេ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបញ្ជូនឈាមទៅកាន់ផ្នែកផ្សេងទៀតនៃ សារពាង្គកាយ ឬបេះដូងមិនបានសម្រាកគ្រប់គ្រាន់នៅចន្លោះពេលលោតនីមួយៗ។
ជាលទ្ធផល លោកវេជ្ជបណ្ឌិត Luc Djousse មកពីសាលាវេជ្ជសាស្រ្ដ Harvard នៅបូស្ដុន សហរដ្ឋអាមេរិក រួមទាំងសហការីរបស់គាត់ បានរកឃើញថា បុរសខ្ពស់ៗ បានបន្ទាបឱកាសនៃការកើតជំងឺបេះដូងបានយ៉ាងប្រសើរ ពោលគឺមានហានីភ័យតិច បើធៀបជាមួយនឹងបុរសទាប។
បុរសខ្ពស់បំផុតក្នុងការស្រាវជ្រាវនោះ គឺមានកម្ពស់ ៦ហ្វីត (១,៨២ម៉ែត្រ) មានអត្រាហានីភ័យទាបជាងបុរសដែលមានកម្ពស់ ១៦០ម៉ែត្រចុះក្រោម ដល់ទៅ ២៤ភាគរយឯណោះ ក្នុងកំឡុងពេលស្រាវជ្រាវ។
លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ American Journal of Cardiology។