Social Icons

សិច​នៅ​វ័យ​ចំណាស់ ជួយ​រក្សា​ការ​ចង​ចាំ​

គូស្នេហ៍​វ័យ​ចំណាស់​
ចង់ ​រក្សា​ភាព​ចង​ចាំ​បាន​ល្អ​នៅ​វ័យ​ចំណាស់​ដែរ​ឬ​ទេ​? មិន​បាច់​ឆ្លើយ ក៏​អាច​ដឹង​បាន​ថា គ្រប់​ៗ​គ្នា​គឺ​​ពិត​ជាចង់​រក្សា​ការ​ចង​ចាំ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ភ្លេច​មុខ​ ភ្លេច​ក្រោយ​ច្រើននោះ​ទេ ទោះ​បី​ជា​មាន​វ័យ​ចំណាស់​ហើយ​ក៏​ដោយ​។ ក្រុមអ្នក​វិទ្យាសាស្រ្ដ​មួយ​ក្រុម​ បាន​និយាយ​ថា​ ការ​រួម​ភេទ​នៅ​វ័យ​ចំណាស់​ ពិត​ជា​អាច​ផ្ដល់​ឲ្យ​នូវ​ភាព​ល្អ​ប្រសើរ​ដល់​ខួរ​ក្បាល​របស់យើង​។ ក្រុម​ដែល​មក​ពី​សាកលវិទ្យាល័យ Rostock នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាល្លឺម៉ង់​នេះ បាន​រក​ឃើញ​ថា​ មនុស្ស​ចាស់​ទាំង​ឡាយ​ណា ដែល​នៅ​តែ​បន្ត​រួម​ភេទ​រហូត​ដល់​អាយុ​ខ្ទង់ ៧០ឆ្នាំ មាន​នូវ​ការ​រង​គ្រោះ​ដោយ​សារ​ជំងឺ​បាត់​បង់​ការ​ចងចាំ​តិច​តួច​បំផុត បើ​ធៀប​ជាមួយ​អ្នក​ដែល​ឈប់​រួម​ភេទ​។
ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា មនុស្ស​ចាស់​ភាគ​ច្រើន​ មិន​សូវ​ជា​ចង​ចាំ​បាន​ល្អ​ទេ ហើយ​ពេល​ខ្លះ​វង្វេង​វង្វាន់​ថែម​ទៀត​ផង​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​រក​ឃើញ​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​នេះ ហាក់ដូចជា​ពិបាក​ផង​ដែរ​សម្រាប់​អនុវត្ត​តាម ព្រោះ​ថា​ចាស់​ៗ​នៅ​ស្រុក​យើង​ដែល​មាន​វ័យ​ជាង​ ៧០ទៅ​ហើយ​នោះ​ គឺ​គាត់​លែង​គិត​រឿង​រួម​ភេទ​ស្អី​ទៀត​ហើយ។
លោកសាស្រ្ដចារ្យ​ Peter Kropp និង​លោក​វេជ្ជ​បណ្ឌិត Britta Muller បាន​ធ្វើ​ការ​សម្ភាស​ន៍​ទៅ​លើ​មនុស្ស​ចំនួន ១៧០នាក់ ដែលមាន​អាយុ ៦៣ឆ្នាំ ដល់ ៧៥ឆ្នាំ​កាលពី​ឆ្នាំ​២០១១កន្លងទៅ​។ ការ​សម្ភាសន៍​នេះ គឺ​សួរ​ទាក់​ទង​នឹង​សកម្មភាព​ប្រចាំ​ថ្ងៃ​ រួម​ទាំង​ជីវិត​សិច​។ ក្រុម​អ្នក​ចូល​រួម​ទាំង​អស់​ ក៏​ត្រូវ​បាន​គេ​ធ្វើ​ពិសោធន៍​ពី​ភាព​ចង​ចាំ​ផង​ដែរ​។
ជា​លទ្ធផល​ មនុស្ស​ចាស់​ដែល​ឆ្លើយ​ថា​ពួក​គាត់​នៅ​តែ​បន្ត​រួមភេទ គឺ​មាន​សុខភាព​ខួរ​ក្បាល​ល្អ​ជាង​អ្នក​ដែល​ឈប់​រួមភេទ ពោលគឺ​នៅ​មាន​ការ​ចង​ចាំ​បានល្អ​ប្រសើរ​។
លោក​វេជ្ជ​បណ្ឌិត​ Peter Kropp បាន​បញ្ជាក់​បន្ថែម​ថា លទ្ធផល​នេះ គឺ​ពិត​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​រួម​ភេទនៅ​វ័យ​ចំណាស់​ គឺ​ពិត​ជា​អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​នៅ​រឹង​មាំ ជា​ពិសេស​គឺ​ការ​ចង​ចាំ​តែ​ម្ដង​។