
លេងបាល់ក៏ជាការហាត់ប្រាណដែរ
នៅ
ថ្ងៃអាទិត្យដ៏សែនមនោរម្យនេះ
ខ្មែរសារិកាសូមនាំអារម្មណ៍លោកអ្នកមកមើលពីអត្ថប្រយោជន៍បន្ថែមទៀត
នៃការហាត់ប្រាណ។ ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា
ការហាត់ប្រាណជាប្រចាំ នឹងអាចជួយឲ្យយើងមានសុខភាពល្អ
រាងកាយមាំមួន ជំនួយសាច់ដុំ ការពារជំងឺបេះដូង រក្សាទម្ងន់បានល្អ
និងអត្ថប្រយោជន៍ជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ ការហាត់ប្រាណ
ក៏អាចបង្កើនសារធាតុ Endorphins
ដែលជាសារធាតុគីមីម្យ៉ាងដែលជម្រុញអារម្មណ៍សប្បាយរីករាយផងដែរ។
ការស្រាវជ្រាវថ្មីដែលបានបោះពុម្ភផ្សាយនៅក្នុងព្រឹត្តបត្រ
Journal of Sport & Exercise Psychology
បានបង្ហាញពីសុភមង្គលដែលបានមកពីការហាត់ប្រាណ។
ក្រុមអ្នកស្រាវជ្រាវមកពី Penn State University បានរកឃើញថា
មនុស្សដែលសកម្មក្នុងការហាត់ប្រាណ មានអារម្មណ៍ស្រស់ស្រាយ រីករាយ
និងមានសុភមង្គល បើធៀបជាមួយនឹងអ្នកដែលអសកម្ម។
ការស្រាវជ្រាវនេះ
គឺកើតចេញពីការស្រង់ទិន្នន័យនៃសកម្មភាពប្រចាំថ្ងៃនៃនិស្សិត
ប្រមាណ ១៩០នាក់។ ក្រោយពីធ្វើការវិភាគរួចរាល់
លទ្ធផលបានបង្ហាញដូចបញ្ជាក់ខាងលើ ពោលគឺអ្នកដែលហាត់ប្រាណច្រើន
មានអារម្មណ៍រីករាយ ជាងអ្នកដែលមិនសូវ ឬមិនដែលហាត់ប្រាណ។
ការស្រាវជ្រាវនេះ ក៏ស្រដៀងនឹងការស្រាវជ្រាវមុនៗផងដែរ
ដោយរកឃើញថា ការខ្វះលំហាត់ប្រាណ
នឹងធ្វើឲ្យមនុស្សមានអារម្មណ៍ស្រ្ដេសខ្លាំង។
តាមរយៈអ្វីដែលធ្លាប់បានដឹង ក៏ដូចជាការស្រាវជ្រាវថ្មីនេះ
យើងបានដឹងថា ការហាត់ប្រាណគឺពិតជាល្អ ទាំងផ្លូវកាយ
និងផ្លូវចិត្ត ដូច្នេះនៅចាំអ្វីទៀត ថ្ងៃនេះគឺជាថ្ងៃអាទិត្យហើយ
ចូរហាត់ប្រាណ ដើម្បីសុខភាពនៃយើងរាល់គ្នា។