Social Icons

ទឹក​ដោះ​គោ​ឆៅពិត​ជា​ល្អ​មែន​ឬ?

ទឹក​ដោះ​គោ​ឆៅ
មនុស្ស ​ភាគច្រើន​ប្រហែល​ជា​ជ្រើស​យក​ទឹក​ដោះ​គោ​ឆៅ នៅ​ពេល​ត្រូវ​បាន​​គេ​សួរ​សំនួរ​បែប​នេះ ប៉ុន្ដែ​ធាតុ​ពិត​ ទឹក​ដោះគោ​ឆៅ​ មិន​ប្រាកដ​ថា​ល្អ​ដូច​អ្នកគិត​នោះ​ទេ។ យោង​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​ការពារ​ជំងឺ​ឆ្លង របស់​អាមេរិក បាន​បង្ហាញ​ថា ទឹក​ដោះ​គោ​ឆៅ បាន​រួម​ចំណែក​បង្ក​ជា​ជំងឺ​ផ្សេង​ៗ ច្រើន​ជាង​ទឹក​ដោះ​គោ​កែ​ឆ្នៃ ដល់ទៅ ១៥០ដង​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​បាន​បោះ​ពុម្ភផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិលម៉ិញ ក្នុង​ព្រឹត្តបត្រ Emerging Infectious Diseases របស់​អាមេរិក​នេះ បាន​ចេញ​ជា​រូប​រាង​ឡើង ក្រោយ​ពី​មាន​ការ​ត្រួត​ពិនិត្យ​លើ​ជំងឺ​ឆ្លង​នានា ដែលកើត​មាន​ឡើង​ចន្លោះ​ឆ្នាំ ១៩៩៣ ដល់ ២០០៦ នៅ​ទូទាំង​អាមេរិក​។
កំឡុង​ពេល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​នេះ បាន​បង្ហាញ​ថា ទឹក​ដោះ​គោ បាន​បង្ក​ជា​ការ​រីក​រាល​ដាល​ជំងឺ ១២១​ប្រភេទ បណ្ដាល​ឲ្យ​មនុស្ស​ឈឺ ៤៤១៣នាក់, ចូល​ពេទ្យ ២៣៩នាក់ និង​ស្លាប់​បីនាក់​។
ក្នុង​ចំណោម​ករណី​ខាង​លើ​នេះ ទឹក​ដោះ​គោ​ឆៅ បាន​រួម​ចំណែក​ ៦០ភាគ​រយក្នុង​ការ​បង្ក​ជំងឺ​ផ្សេង​ៗ និង​ ៨៤ភាគ​រយក្នុង​ករណី​អ្នកឈឺ​ធ្ងន់​រហូត​ចូលពេទ្យ​។
ការ​សិក្សា​នេះ ក៏​បាន​បង្ហាញ​ដែរ​ថា រដ្ឋ​ដែល​អនុញ្ញាតិ​ឲ្យ​លក់​ទឹក​ដោះ​គោ​ឆៅ មាន​អត្រា​ឆ្លង​ជំងឺ​លើស​រដ្ឋ​ដែល​ហាម​ឃាត់​ទឹក​ដោះ​គោ​ឆៅ​ ដល់ទៅ​ពីរ​ដង​ឯ​ណោះ​ ដែល​នេះ​កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា ទឹក​ដោះ​គោ​ឆៅ​ មិន​ល្អ​ប៉ុន្មាន​នោះ​ទេ​។
លោក Barbara Mahon ដែល​ជា​សហដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​បញ្ជាក់​ថា មនុស្ស​ភាគច្រើនបានគិត​ថា ទឹក​ដោះ​គោ​ឆៅ​គឺ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ ប៉ុន្ដែ​តាម​អ្វី​ដែល​ស្ដែង​ចេញ​ពី​ការ​ស្រាវ​ជ្រាវ​ គឺ​ទឹក​ដោះ​គោ​ឆៅ​គឺជា​ហានីភ័យ​ទៅវិញ​ទេ ជា​ពិសេស​សម្រាប់​កុមារ។