Social Icons

ហេតុ​អ្វី​ហាត់​ប្រាណ​ជួយ​ឲ្យ​ខួរ​ក្បាល​ឆ្លាត?

អ្នក ​ណា​ៗ​ក៏​ដឹង​ដែរ​ថា ការ​ហាត់​ប្រាណ​ពិត​ជា​មាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​រាង​កាយ និង​ផ្លូវ​ចិត្ត ប៉ុន្ដែ​ពេល​នេះ​ក្រុម​អ្នក​ជំនាញ​បាន​រក​ឃើញ​ថា ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ក៏​ជួយ​ជំនួយ​ដល់​ខួរ​ក្បាល​ផង​ដែរ​។
លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​កាល​ពី​គ្រា​​មុន បាន​បង្ហាញ​ថា ការ​ហាត់​ប្រាណ​អាច​ជួយ​បង្កើន​ថាម​ពល​ដល់​រាង​កាយ​ដោយ​សារ​តែ​វា​បាន​ បង្កើត​នូវ​រចនាសម្ព័ន្ធ​ថ្មី​ក្នុង​កោសិកា​ដែល​ផលិត​ថាម​ពល​​ក្នុង​សាច់​ ដុំ​។ ដំណើរ​ការ​នេះ​ ជួយ​ឲ្យ​រាង​កាយ​មាំ​មួន និង​ជៀស​ផុត​ពី​ហានីភ័យ​នៃ​ការ​ធាត់​លើស​ទម្ងន់​។
ចំណែក​ឯការ​ស្រាវ​ជ្រាវ​ថ្មី​ដែល​ធ្វើឡើង​ដោយក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ ពី​សាកលវិទ្យាល័យ South Carolina នេះ​វិញ បាន​រកឃើញ​បន្ថែម​ទៀត​នូវ​អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ ពោល​គឺ​ជួយ​បង្កើន​នូវ​សមត្ថភាព​របស់​ខួរ​ក្បាល​។
លោក​វេជ្ជ​បណ្ឌិត Mark Davis ដែល​បាន​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ការ​ហាត់​ប្រាណ​ជួយ​ជម្រុញ​ថាមពល​ក្នុង​រាង​កាយ ហើយ​ថាម​ពល​នេះ​ហើយ ដែល​ជួយ​ដល់​ខួរ​ក្បាល​ឲ្យ​ដំណើរ​ការ​បាន​លឿន និងមាន​ប្រសិទ្ធ​ភាព​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ការ​ហាត់ប្រាណ​ ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ខួរ​ក្បាល​ក្មេង​ជាង​អាយុ​ផង​ដែរ​។
លោក​វេជ្ជ​បណ្ឌិត​ដដែល​បាន​បន្ត​ទៀត​ថា ការ​ហាត់​ប្រាណ​ ៣០នាទី​ក្នុង​មួយថ្ងៃ​ គឺ​ពិត​ជា​ល្អ​សម្រាប់​យើង​គ្រប់​គ្នា ដូច្នេះ​ចូរ​ងាក​មក​ឆ្លៀត​ពេល​ហាត់​ប្រាណ​ឲ្យ​បាន​ជា​ប្រចាំ​ ដើម្បី​សុខ​ភាព​ល្អ ជា​ពិសេស​ថ្ងៃ​ស្អែក​នេះ​ គឺ​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ហើយ ដែល​យើង​អាច​មាន​ពេល​ច្រើន​ដើម្បី​ហាត់​ប្រាណ​។