Social Icons

លេប​ថ្នាំ​ពេល​ណា​ ទើប​ល្អ​បំផុត?

ការ​លេប​ថ្នាំ
ខណៈ​ដែលមនុស្ស​រាប់លាន​នាក់​លេប​ថ្នាំ​រៀង​រាល់​ថ្ងៃ ប៉ុន្ដែ​ភាគ​ច្រើន​គឺ​មិន​បាន​គិត​ថា គួរ​លេប​ពេល​ណា​ឲ្យ​ល្អ​បំផុត​នោះ​ទេ​។ ក្រុម​អ្នក​ជំនាញ​ខាង​វេជ្ជ​សាស្រ្ដ​បាន​និយាយ​ថា ម៉ោង​ពេល​ត្រឹម​ត្រូវ​នៃ​ការ​លេប​ថ្នាំ​ គឺ​ពិត​ជា​សំខាន់​ដែល​អ្នក​ជំងឺ​គួរ​យក​ចិត្ត​ទុក​ដាក់​។ ការ​ស្រាវ​ជ្រាវ​ថ្មី​របស់​អាមេរិក បាន​រក​ឃើញ​ពី​ម៉ោង​ពេល​សម​ស្រប​សម្រាប់​អ្នក​ជំងឺ​មួយ​ចំនួន ដូច​ជា​ជំងឺ​បេះ​ដូង និង​ជំងឺ​លើស​ឈាម​ជា​ដើម​។
ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន​៖
អ្នក​ជំងឺ​លើស​ឈាម
ការ​ញ៉ាំ​ថ្នាំ​បន្ថយ​សម្ពាធ​ឈាម នៅ​ពេល​យប់​ ប្រហែល​ជា​ល្អ​ប្រសើរ​បំផុត ព្រម​ទាំង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ក្នុង​ការ​កាត់​បន្ថយ​ហានីភ័យ​នៃជំងឺ​គាំង​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​។
លទ្ធផល​នៃ​ការ​សិក្សា​របស់​អេស្ប៉ាញ​រយៈ​ពេល​៥ឆ្នាំ បាន​បង្ហាញ​ថា ការ​បន្ថយ​សម្ពាធ​ឈាម​ពេល​យប់​ គឺ​ពិត​ជា​សំខាន់​។ មនុស្ស​ដែល​មាន​សុខភាព​ល្អ នឹង​ធ្លាក់​​សម្ពាធ​ឈាម​ពី ១០ ទៅ​២០ភាគ​រយនៅ​ពេល​យប់​ ប៉ុន្ដែ​ចំពោះ​អ្នក​លើស​ឈាម គឺ​នឹង​មិន​ស្រក​សម្ពាធ​នោះ​ទេ ហើយ​អាច​ប្រឈម​នឹង​គាំង​បេះ​ដូង ឬ​ស្រ្ដូក។
អ្នក​ជំងឺ​កូឡេស្ទេរ៉ូល​ខ្ពស់​
ថ្នាំ​កូឡេស្ទេរ៉ូល គួរ​តែ​លេប​នៅ​ពេល​ចូល​គេង ជំនួស​ឲ្យ​ការ​លេប​នៅ​ពេល​ព្រឹក​ ដែល​នេះ​គឺ​យោង​ទៅ​តាម​ការ​សិក្សាស្រាវ​ជ្រាវ​​របស់​សកល​វិទ្យាល័យ Sunderland អង់គ្លេស។
អ្នក​ជំងឺ​បេះ​ដូង
ប្រិយមិត្ត​ដែល​តាម​ដាន​ខ្មែរ​សារិកា ប្រាកដ​ជា​ដឹង​ហើយ​ថា ជំងឺ​គាំង​បេះដូង និង​ស្រ្ដូ ភាគ​ច្រើន​កើត​ឡើង​នា​ពេល​ព្រឹក ពោល​គឺ​មាន​អត្រា​លើស​ពេល​ដទៃ​ទៀត​ដល់ទៅ​៣ដង​។ ជាមួយ​នឹង​ហានីភ័យ​ខ្ពស់​នា​ពេល​ព្រឹក​នេះ ការ​លេប​ថ្នាំ​ក៏​គួរ​តែ​លេប​នា​ពេល​ព្រឹក​ផង​ដែរ​។