Social Icons

សូកូឡា អាច​ជួយ​ជំនួយ​ដល់​បេះ​ដូង​


ញ៉ាំ​សូកូឡា មិនត្រឹម​តែ​បន្ថែម​រស​ជាតិ​សម្រាប់​អណ្ដាត​លោក​អ្នក​នោះ​ទេ ប៉ុន្ដែ​វា​ក៏ មាន​ផល​ប្រយោជន៍​សម្រាប់​សុខ​ភាពបេះ​ដូង​របស់​អ្នក​ផង​ដែរ ដោយ​សារ​តែ​វា​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ ដែល​នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​លើ​មនុស្ស​ជាង​ ១ពាន់​នាក់​។
ការ​សិក្សា​ថ្មីនេះ គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​សិក្សា​ចាស់​ៗ​ចំនួន ៤២ផ្សេង​គ្នា នៅ​សហរដ្ឋអាមេរិក។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ បាន​បង្ហាញ​ថា សូកូឡា ពិតជា​ល្អ​សម្រាប់​បេះ​ដូង​របស់​យើង​។
ការ​សិក្សាចាស់​ៗ​ ក៏​បាន​បង្ហាញ​លទ្ធផល​ស្រដៀង​គ្នា​នេះ​ដែរ​ ពោល​គឺ​អ្នក​ដែល​ចូល​ចិត្ត​សូកូឡា​ មាន​អត្រា​ជំងឺ​បេះ​ដូង​ធ្លាក់​ចុះ ហើយ​ជំងឺ​លើស​ឈាម​ក៏​ថយ​ចុះ​នោះ​ដែរ​។
លោក Lee Hooper មក​ពី​ចក្រភព​អង់គ្លេស​ ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​លើក​ឡើង​ថា អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សូកូឡា​ខ្មៅ ប្រហែល​ជា​មាន​គុណ​សម្បតិ្ត​ចំពោះ​បេះដូង​។
យ៉ាង​ណាមិញ លោក Hooper បាន​បញ្ជាក់​ថា​ ភស្ដុតាង​នៃ​ការ​សិក្សា​នេះ ហាក់​បីដូច​ជា​មិនទាន់​ច្បាស់​គ្រប់​គ្រាន់​នោះ​ទេ ដូច្នេះ​ចាំ​បាច់​ត្រូវ​មានការ​សិក្សា​ផ្សេង​ទៀត​។
ក្រៅ​ពី​ជំនួយ​ដល់​បេះ​ដូង​ សូកូឡា​នៅ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផ្សេង​ទៀត ដែល​ខ្មែរ​សារិកា​ នឹង​នាំ​មក​ជូន​លោក​អ្នក​នៅ​ពេល​ក្រោយ​។