Social Icons

សេចក្ដី​ស្រលាញ់​របស់​ម្ដាយ ជំនួយ​ដល់​ខួរ​ក្បាល​កូន​

ម្ដាយ​ និង​កូន
ក្រុម ​អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ Washington University School of Medicin នៅ St. Louis សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា កុមារ​ដែល​ទទួល​បាន​សេចក្ដី​ស្រលាញ់​ពីម្ដាយ​ ដូច​ជា​​ការ​បី​បម​ថ្នម​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ក្នុង​អំឡុង​ពេល​អាយុ​ដំបូង​របស់​ពួក​គេ នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​ខួរ​ក្បាល​ល្អ​។ ការ​ស្រាវ​ជ្រាវ​របស់​ក្រុម​អ្នកជំនាញ​នេះ បាន​បង្ហាញ​ថា កុមារ​ដែល​ទទួល​សេចក្ដី​ស្រលាញ់​ពី​ម្ដាយ​ មាន​ hippocampus ធំ​ជាង​ធម្មតា ( hippocampus ជា​​តំបន់​មួយ​ក្នុង​ខួរ​ក្បាល​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រៀន​សូត្រ ចង​ចាំ និង​គ្រប់​គ្រង​អារម្មណ៍​ស្រ្ដេស)។
លោកស្រី​​វេជ្ជ​បណ្ឌិត Joan Luby ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ បាន​ថ្លែង​ថា ការ​រកឃើញដ៏​សំខាន់​នេះ គឺ​ជា​បទ​ពិសោធន៍​ថ្មីមួយ​សម្រាប់​​ឲ្យ​ម្ដាយ​ឪពុកទាំង​ឡាយ យក​ចិត្ត​មើល​ថែរក្សា​បុត្រ​ធីតា​របស់​ខ្លួន​ប្រកប​ដោយ​សេចក្ដី​ស្រលាញ់ ដើម្បី​ជួយ​ដល់​ការ​វិវឌ្ឍ​នៃ​ខួរ​ក្បាល​របស់​ពួក​គេ​។
តាម​ពិត​ទៅ​ម្ដាយ​ឪពុក​ណា​ក៏​ស្រលាញ់​កូននោះ​ដែរ ប៉ុន្ដែ​ការ​ស្រលាញ់​របស់​ឪពុក​ម្ដាយ​ខ្លះ​មិន​បានបញ្ចេញ​មកក្រៅ​នោះ​ទេ ដែល​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កូន​តូច​ៗ​មិនបាន​ដឹង​។
ដើម្បី​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​ផ្ដល់​ភាពកក់​របស់​ឪពុក​ម្ដាយ​ ចំពោះ​កូន និង​ការ​វិវឌ្ឍ​ខួរ​ក្បាល​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​បង្កើត​នូវ​ការ​សិក្សា​មួយ​ដែល​មាន​ ការ​ចូល​រួម​ពី​កុមារ ៩២នាក់ ដែល​មាន​អាយុ​៧ ទៅ​១០ឆ្នាំ​។ កុមារ​ទាំង​នោះ​ត្រូវ​បាន​យកមក​ស្គែន​ខួរ​ក្បាល​ ដើម្បី​ដឹង​ពី​សមត្ថភាព​នៃ​ការ​គិត​របស់​ពួកគេ​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា ៤១ភាគ​រយ​នៃ​កុមារ​មាន​ខួរ​ក្បាល​មិន​សូវ​ល្អ ខណៈ​ដែលអ្នក​ដទៃ​ទៀត​មាន​ខួរក្បាល​ដែល​ប្រកប​ដោយ​សុខ​ភាព​ល្អ​។ ការ​ស្គែន​ខួរ​ក្បាល​នោះ ក៏​បាន​បង្ហាញ​ទៀត​ថា កុមារ​ដែល​ទទួល​អារម្មណ៍​កក់ក្ដៅ​ពី​ម្ដាយ មាន​ hippocampus ធំ​ជាង​កុមារ​ដែល​មិន​សូវ​មាន​ភាព​កក់ក្ដៅ​ពី​ម្ដាយ​ដល់ទៅ ១០ភាគ​រយ​។