រកឃើញជំងឺផ្ដាសាយប្រចៀវលើកដំបូង!
ប្រិយមិត្តធ្លាប់តែបានលឺជំងឺផ្ដាយសាយបក្សី ឬផ្ដាសាយជ្រូក តែពេលនេះបានលឺជំងឺផ្ដាសាយសត្វមួយទៀតហើយ គឺផ្ដាសាយប្រចៀវ។ នេះគឺជាលើកដំបូងហើយ ដែលក្រុមអ្នកវិទ្យាសាស្រ្ដអាចរកឃើញនូវភស្ដុតាងនៃជំងឺផ្ដាសាយ របស់សត្វប្រចៀវ ប៉ុន្ដែហានីភ័យនៃការឆ្លងទៅមនុស្សនៅមិនទាន់ច្បាស់នៅឡើយទេ។
របកគំហើញដ៏គួរឲ្យភ្ញាក់ផ្អើលនេះ នៃមេរោគផ្ដាសាយប្រចៀវនេះ គឺជាលើកដំបូងនៃផ្ដាសាយលើថនិកសត្វដែលដុះស្លាប (ប្រចៀវចិញ្ចឹមកូនដោយទឹកដោះ)។ កាលពីពេលមុន ក្រុមអ្នកវិទ្យាសាស្រ្ដក៏ធ្លាប់បានរកឃើញជំងឺនេះដែរ ប៉ុន្ដែមិនមានការរកឃើញភស្ដុតាងយកមកបង្ហាញនោះទេ។
ក្រុមអ្នកវិទ្យាសាស្រ្ដដដែលនេះ បានបញ្ជាក់ផងដែរថា សត្វប្រចៀវបានកើតជំងឺផ្ដាសាយនេះតាំងតែពីរាប់សតវត្សមុនមកម្លេះ គ្រាន់តែគ្មានអ្នកណាដឹងតែប៉ុណ្ណោះ។ នៅខណៈពេលនេះ ក្រុមអ្នកជំនាញ កំពុងធ្វើការពិសោធន៍លើមេរោគនេះ ដើម្បីចង់ដឹងថា វាចម្លងទៅសត្វដទៃទៀត ឬក៏មនុស្សដែរឬទេ។
ទោះបីជាយ៉ាងណាក្ដី ការគម្រាមកំហែងលើមនុស្ស ក៏ប្រហែលជាអាចមានផងដែរ ទោះបីមិនទាន់ចេញជាលទ្ធផលក៏ដោយ។ សត្វប្រចៀវ គឺជាសត្វដែលស៊ីផ្លែឈើ និងសត្វល្អិតជាអាហារ ពោលគឺមិនខាំមនុស្សនោះទេ ប៉ុន្ដែមេរោគអាចចម្លងតាមរយៈវត្ថុប្រើប្រាស់របស់មនុស្សបានផងដែរ។
ទោះបីជាទើបនឹងរកឃើញក៏ដោយ ប៉ុន្ដែក្រុមអ្នកវិទ្យាសាស្រ្ដបានអះអាងថា មនុស្សក៏ធ្លាប់រងគ្រោះដោយសារមេរោគនេះផងដែរ កាលពីអតីតកាល។ ប្រសិនបើមានលទ្ធផលនៃការស្រាវជ្រាវបន្ថែម ទាក់ទងនឹងជំងឺនេះ ខ្មែរសារិកានឹងនាំមកជូនប្រិយមិត្តជាបន្តទៀត!