តើអ្នកមានធ្លាប់ឮ
ឬក៏មានអ្នកដែលធ្លាប់ទៅយករ៉ែនៅតំបន់នានាប្រាប់ថាទឹកនៅតំបន់
នោះមានរសជាតិជូរដែរឬទេ?
តើអ្វីទៅដែលធ្វើឲ្យទឹកនៅតំបន់យករ៉ែខ្លះមានរសជាតិជូរ?
ថ្ងៃនេះ
«គំនិត»នឹងធ្វើការបកស្រាយជូនត្រួសៗស្តីពីបញ្ហានេះជូនដល់
ប្រិយមិត្ត។
ក្នុងគីមីវិទ្យា ប្រសិនបើទឹកនោះមានរសជាតិជូរ
វាប្រាកដជាមានកម្រិតpHទាបជាង៧
(ជាធម្មតាទឹកទាំងនោះមានpH<5)ដែលវាស្ថិតក្នុងស្ថានភាពជា
អាស៊ីត។
តើហេតុអ្វីបានជាទឹកនៅតំបន់នោះសុខៗក្លាយទៅជាទឹកអាស៊ីតយ៉ាង
ដូច្នេះ?
ភាគច្រើននៃទឹកដែលមានស្ថានភាពជាអាស៊ីត
គឺច្រើនស្ថិតនៅតំបន់ដែលមានរ៉ែមាស ប្រាក់ ទង់ដែង ធ្យូងថ្ម ។ល។
ប្រភេទរ៉ែទាំងនេះ
គឺច្រើនតែស្ថិតនៅជាមួយក្រុមរ៉ែប្រភេទស៊ុលហ្វីត(Sulfide
ដែលមានរូបមន្តគីមីS) ជាពិសេសនោះគឺរ៉ែភីរីត(Pyrite)ដែលមានរូបមន្តគីមី FeS2។
នៅពេលដែលដីនៅតំបន់នោះត្រូវបានគេជីកគាស់កកាយដើម្បីយករ៉ែ
ហើយស្រទាប់ដីនៅទីនោះមានរ៉ែភីរីត ឬក៏ពពួករ៉ែស៊ុលហ្វីត
ពេលដែលវាប៉ះទឹក និងខ្យល់(អុកស៊ីសែន) អាស៊ីតស៊ុលផួរិចក៏បានកើតឡើង។
ទឹកដែលមានស្ថានភាពជាអាស៊ីតនៅក្នុងតំបន់រ៉ែទាំងនោះច្រើនតែមាន
ពណ៌រាងក្រហម។ ក្រៅពីវាមានជាតិអាស៊ីត
នៅក្នុងទឹកនោះក៏មានសារធាតុលោហៈគ្រោះថ្នាក់ផ្សេងទៀតនៅលាយឡំជាមួយ
ផងដែរ។
ទឹកអាស៊ីតទាំងនេះគឺអាចកើតមានគ្រប់ទីកន្លែងឲ្យតែរ៉ែក្នុងក្រុម
ស៊ុលហ្វីតប៉ះទឹក និងខ្យល់។
ប្រសិនបើទឹកនៅតំបន់យករ៉ែណាក្លាយទៅជាអាស៊ីតហើយនោះ
វានឹងបង្កឲ្យមានផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ
មិនថាតែនៅតំបន់នោះ ឬក៏តំបន់នៅក្បែរនោះទេ។
ផលប៉ពាល់ទាំងនោះរូមមានដូចជា៖
-ត្រីមិនអាចរស់នៅក្នុងទឹកនោះបាន
- ប៉ះពាល់ដល់សត្វពាហនៈដែលរស់នៅតំបន់នោះ និងតំបន់ក្បែរនោះ
- ធ្វើឲ្យរុក្ខជាតិ ស្វិតនិងងាប់
- ប៉ះពាល់ដល់សុខភាពប្រជាជនដែលរស់នៅតំបន់នោះប្រសិនបើពួកគេប្រើប្រាស់ទឹកដែលមានជាតិអាស៊ីតទាំងនោះ។ល។