Social Icons

ជំនឿរបស់ប្រជារាស្ត្រខ្មែរលើការបង្ហោះខ្លែង


ប្រជាជន​ខ្មែរ​ជា​ពិសេស​ក្មេងៗ ដែលនៅតាម​បណ្តា​ខេត្ត​នានា​ដែល​មាន​ទីវាល​ធំ​ទូលាយ​តែង​ចូល​ចិត្ត​បង្ហោះ​ ខ្លែង​លែង​នៅ​ពេល​ទំនេរ។ ការ​បង្ហោះ​ខ្លែង​នេះ​ក៏មានទំនាក់ទំនងទៅ​នឹង​ជំនឿ​របស់​ប្រជា​ជន​ខ្មែរ​យើង​ ផង​ដែរ ទាំង​ព្រះ​មហាក្សត្រ ទាំង​ប្រជាជន​សាមញ្ញ។ គេ​តែង​មាន​ជំនឿ​តៗ​គ្នា​ថា ការ​បង្ហោះ​ខ្លែងគឺធ្វើ​ឡើង​ដើម្បីគោរពបូជាដល់​សាសនា​ធំៗ​ពីរ គឺ​ព្រហ្មញ្ញ​សាសនា និ​ព្រះពុទ្ធ​សាសនា។
១- បង្ហោះ​ខ្លែង​បូជា​ព្រហ្មញ្ញសាសនា៖
ការបង្ហោះ​ខ្លែង​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ធ្វើ​ឡើង​ដើម្បី​គោរព​ដល់​ព្រះ​ អាទិទេពជាច្រើន​ដូចជា​ ព្រះ​សិវៈ ព្រះវិស្ណុ ព្រះ​ព្រហ្ម ។ល។ ក្រៅ​ពី​នេះ​នៅ​មាន​ព្រះ​អាទិទេព​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀតដូចជា ព្រះ​ចន្ទ ព្រះ​ពាយ ព្រភារុណ ព្រះធរណី​ ព្រះ​អគ្គី ជាដើម។
ពិធី​បង្ហោះ​ខ្លែង​តែង​តែ​ធ្វើ​ឡើង​ដើម្បីជាកិច្ច​គោរព​ដឹង​គុណ ព្រះពាយ ដែល​ផ្តល់​អោយ​ខ្យល់​សម្រាប់​ដក​ដង្ហើម​បាន​រស់​រាន​មាន​ជីវិត​គ្រប់​ៗ​គ្នា ដែល​គេនិយម​ហៅ​ថា​ដង្ហើម​រស់។
២- បង្ហោះខ្លែង​បូជា​ព្រះពុទ្ធសាសនា៖
សម្រាប់ជំនឿ​ទៅ​លើ​ការ​បង្ហោះ​ខ្លែង​នៅ​ក្នុង​ព្រះ​ពុទ្ធសាសនាវិញ ពិធី​បង្ហោះ​ខ្លែងនេះ​គឺជា​ពិធី​មួយ​សម្រាប់​បូជា​ដល់​ព្រះ​ចូឡាមណីចេតិយ ដែល​ប្រតេដ្ឋាន​នៅ​វិមាន​ត្រៃ​ត្រឹង្ស។

ខ្មែរ​យើង​មាន​ជំនឿថា ប្រសិន​បើខ្លែង​ធ្លាក់​លើ​ផ្ទះ​នោះ គេចាត់​ទុក​ថា​ចង្រៃ​ណាស់។ ប្រសិន​បើ​មាន​ហេតុការណ៍​ដូច​នេះ​កើត​ឡើង ម្ចាស់​ផ្ទះ​ទាមទារ​អោយ​ម្ចាស់​ខ្លែងធ្វើ​ពិធី​បង្កក់​ប្រសិទ្ធិ លើក​រាសី​អោយ​គេ។
ដកស្រង់ចេញពី៖ សៀវភៅ​វិញ្ញាសា​ វប្បធម៌ទូទៅ របស់​លោក​ ប៉ែន​ ពុទ្ធសភា ឆ្នាំ ២០០៦