១. វិថីសេវ៉ើន, ហុងកុង, សាធារណរដ្ឋប្រជាមានិតចិន
តំលៃអតិបរមា៖ €57.000 ($78.200) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ +9%
វិថីសេវ៉ើនបានទទួលឈ្មោះបែបនេះ ដោយយកតាមឈ្មោះអភិបាលក្រុងហុងកុងតាំងពីសម័យអាណានិគមអង់គ្លេស លោក សេវ៉ើន ខ្លូត ។ វិថីនេះស្ថិតនៅក្បែរកំពូលនៃទីទួលវិចតូរីយ៉ាភីក ដែលផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យនៃអគារខ្ពស់ស្កឹមស្កៃនៃក្រុង ហុងកុង ធ្វើឲ្យតំបន់នេះក្លាយជាតំបន់មួយដ៏ប្រណិតក្នុងពិភពលោក ។
២. សួនឃេនស៊ីងថុនប៉ាឡេស, ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស
តំលៃអតិបរមា៖ €55.000 ($76.600) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ +2%
សួនឃេនស៊ីងថុនប៉ាឡេស ហៅម្យ៉ាងទៀតថា “ជួរមហាសេដ្ឋី” គឺជាវិថីថ្លៃជាងគេបំផុតនៅក្នុងទីក្រុងឡុងដ៍ និងក្នុងចក្រភពអង់គ្លេសទាំងមូលផងដែរ ។ តម្លៃនៃលំនៅដ្ឋានជាមធ្យមគឺ 18 លានផោន ! ទីនេះភាគច្រើនជាស្ថានទូត តែក៏ជាផ្ទះនៃ រាជវង្សនៃរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរាជាណាចក្រព្រុយនេ ក៏ដូចជាមហាសេដ្ឋីមានជាងគេបំផុតនៃអង់គ្លេស លោក ឡាក់ស្មី មីតាល់ នៃក្រុមហ៊ុនផលិតដែកធំជាងបង្អស់លើលោក អារសេល័រមីតាល់ (ArcelorMittal) ។
៣. វិថីព្រីនសេសហ្ក្រាស, រាជាណាចក្រម៉ូណាកូ
តំលៃអតិបរមា៖ €50.000 ($69.700) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ +2%
វិថីព្រីនសេសហ្ក្រាសជាវិថីប្រកបដោយទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រ មេឌីទែរ៉ាណេ ភាគខាងកើតរាជាណាចក្រម៉ូណាកូ ដែលជាអ្នកជិតខាងនៃប្រទេសបារាំង ។ វិថីបានឈ្មោះពីព្រះនាងហ្ក្រាស ដែលមានឈ្មោះពេញថា ហ្ក្រាស ផាទ្រីស៊ីយ៉ា ខេលី (Grace Patricia Kelly, ១៩២៩-១៩៨២) ជាអ្នកសំដែងជនជាតិអាមេរិក កាត់អាល្លឺម៉ង់ និងអៀរឡង់ ហើយនាងបានរៀបអភិសេកជាមួយព្រះអង់ម្ចាស់ រ៉ង់នីញេ ទី៣ (Rainier III) នៃរាជាណាចក្រម៉ូណាកូ ក្នុងឆ្នាំ ១៩៥៦ ។ វិថីនេះផ្តល់នូវផ្ទាំងទស្សនីយភាពនៃសមុទ្រ ជាទសភាពមួយក្នុងចំនោមទេសភាពល្អជាងគេលើពិភពលោក ដែលធ្វើឲ្យទីនោះមានតម្លៃខ្ពស់ សូម្បីតែស្រាបៀរមួយកែវក៏មានតម្លៃមិនតិចជាង $១០០ ដែរ ។
៤.(ទី៤ជាន់គ្នា) វិថីឆឺម៉ាំងដឺសាំងតូពីស, សង្កាត់សាំងស្សង់កាប់ហ្វឺរ៉ា, ប្រទេសបារាំង
តំលៃអតិបរមា៖ €45.000 ($62.700) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ +5%
វិថីឆឺម៉ាំងដឺសាំងតូពីស (Chemin de Saint-Hospice) ស្ថិតនៅក្នុងសង្កាត់សាំងស្សង់កាប់ហ្វឺរ៉ា ភាគអាគ្នេយ៍នៃប្រទេសបារាំង ចំងាយជិត ៣០មៃយ៍ (៤៩គីឡូម៉ែត្រ) ពីវិថីព្រីនសេសហ្ក្រាសនៃម៉ូណាកូ ។ វិថីនោះមានអាកាសធាតុមធ្យម ហើយមានទេសភាពដ៏ស្រស់ស្អាតនៃសមុទ្រមេឌីទែរ៉ាណេ ដែលជាទីតាំងទេសចរណ៍នៃពួកអ្នកមានក្នុងតំបន់ និងពីសកលលោក ។
៤.(ទី៤ជាន់គ្នា) វិថីទី៥, ញួវយ៉ក, សហរដ្ឋអាមេរិក
តំលៃអតិបរមា៖ €45.000 ($62.700) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ -4%
វិថីទី៥ស្ថិតនៅជាប់ភាគខាងជើងនៃវ៉ាស៊ីងតោនសាក្វ៊ែរ រហូតដល់ផ្លូវទី ១៤៣ នៃទីក្រុងញូវយ៉ក ។ វិថីនេះមានឈ្មោះល្បីល្បាញថាសំបូរទៅដោយហាងទំនិញនៃផលិតផលល្បីៗ ពីគ្រប់ទិសទីនៃពិភពលោកដូចជា៖ លូវីស វីវតុន(Louis Vuitton) ប្រាដា(Prada) ហ្គូស៊ី(Gucci) វែរសាស(Versace) អិនប៊ីអេស្ត័រ(NBA Store) អេផលស្ត័រ(Apple Store)ដ៏ល្បីល្បាញ និងហ្វោវ ស្វដស្ស៍(FAO Schwartz) ដែលជាហាងលក់តុក្កតាធំជាងគេបង្អស់លើពិភពលោក ជាដើម ជាពិសេសនៅចន្លោះផ្លូវទី៤៩ និងទី៥៩។ ក្រៅពីនេះនៅមានសារមន្ទីរជាច្រើន សម្បូរជាងគេនៅចន្លោះផ្លូវទី៨២ និង១០៤ ហៅថា “ផ្លូវសារមន្ទីរ” (Museum Mile) ព្រមជាមួយអាគារប្រវត្តិសាស្រ្តនានា វិហារគ្រឹស្ត និងសណ្ឋាគារល្បីៗជាច្រើនរួមទាំង សណ្ឋាគារដឺផ្លាហ្សា(The Plaza) ដែលប្រធានាធិបតីអាមេរិកជាច្រើនធ្លាប់ទៅស្នាក់នៅ។ អាគារអេមផាយអ័រស្តេត(Empire State Building, ទ.ស. ៣០) ដែលជាអាគារខ្ពស់ជាងគេជាច្រើនឆ្នាំ មុននឹងមានអាគារភ្លោះ ពាណិជ្ជកម្មពិភពលោក ។
៦. កាយ់អាណាតូល, ប៉ារីស, ប្រទេសបារាំង
តំលៃអតិបរមា៖ €32.000 ($44.600) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ (ថ្មី)
ស្ថិតនៅត្រើយខាងលិចនៃទន្លេសែន ក្នុងសង្កាត់ទី៧ ក្រុងប៉ារីស វិថីផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាតនៃទន្លេនេះ រួមជាមួយនឹងអាគារដែលមានរចនាបថបែបបារាំងបុរាណ ធ្វើឲ្យវិថីនេះក្លាយជាវិថីដ៏មានកិត្តិស័ព្ទរបស់រដ្ឋធានីមួយនេះ ចាប់ផ្តើមពីឆ្នាំ២០១១នេះ ជាងវិថីម៉ុងតាញដែលធ្លាប់តែជាប់ចំណាត់ថ្នាក់ពីមុនមក ។
៧. វីថីបេឡូ, សឺណែវ, ប្រទេសស្វីស
តំលៃអតិបរមា៖ €31.000 ($43.000) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ -2%
ស្ថិតនៅចន្លោះសួនបាស្យុង(Parc Bastions) និងសួនម៉ាឡាកញូ(Parc de Malagnou) វិថីបេឡូ(Rue Bellot) ជាវិថីនៃលំនៅដ្ឋានសំរាប់ស្នាក់នៅប្រណិតជាងគេនៅក្នុងសង្កាត់ កាទីយ៉េដឺឡាស៊ីតេ(Quartier de la Cité) នៅត្រើយខាងលិចនៃទន្លេរ៉ូន រដ្ឋធានីសឺណែវ ។ តម្លៃអចលនទ្រព្យនៅបន្តឡើងថ្លៃដោយសារតែការរឹតបន្តឹងការលក់ និងតំរូវការពីអ្នកមានលើសលប់ដែលចង់មករស់នៅឯប្រទេសស្វីស ។
៨. វីយ៉ា រ៉ូម៉ាស៊ីណូ, ព័រតូសែវ៉ូ, កោះសារឌីនីយ៉ា, ប្រទេសអ៊ីតាលី
តំលៃអតិបរមា៖ €17.000 ($23.700) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ -35%
វីយ៉ា រ៉ូម៉ាស៊ីណូ ជាវិថីដែលមានតម្លៃខ្ពស់ជាងគេនៅក្នុងប្រទេសអ៊ីតាលី ជារមណីយដ្ឋានដ៏ប្រណិតមួយនៃព័រតូសែវ៉ូ ។ ផ្ទះនានានៅលើវិថីនេះ ភាគច្រើនជាផ្ទះរីសតលំហែកាយរបស់ជនអ្នកមាន និងមហាសេដ្ឋីពិភពលោកជាពិសេសមហាសេដ្ឋីសញ្ជាតិរុស្សី ដើមកំណើតអ៊ូសស្បេក ដូចជា លោក អាលីស្ស័រ អ៊ូសម៉ាណូវ(Alisher Uzmanov) ដែលជាមហាសេដ្ឋីដ៏ល្បីល្បាញរបស់រុស្សីម្នាក់ និងជាម្ចាស់ខ្លឹបបាល់ទាត់អាសឺណល(Arsenal) ។
៩. វិថីវ៉ូហ្វស្លី, ផញ់ ផែបផឺ, ទីក្រុងស៊ីដនី, ប្រទេសអូស្ត្រាលី
តំលៃអតិបរមា៖ €15.000 ($20.900) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ -5%
វិថីនេះមានទៅដោយលំនៅដ្ឋានទំនើបប្រកបដោយទេសភាពដ៏មិនគួរឲ្យ ជឿនៃកំពង់ផែក្រុងស៊ីដនី ។ វាជាលំនៅដ្ឋាននៃពួកអ្នកមានបំផុតនៃប្រទេសអូស្ត្រាលី ។
១០. អូសតូហ្សេនកា, ម៉ូស្កូ, សហព័ន្ធរុស្សី
តំលៃអតិបរមា៖ €13.000 ($18.000) ក្នុង 1ម៉ែត្រការ៉េបំលាស់ប្តូរតំលៃគិតពីឆ្នាំ២០០៩៖ -35%
វិថីអូសតូហ្សេនកា ជាវិថីមួយគួរឲ្យស្ញប់ស្ញែងរបស់រុស៊ី ស្ថិតនៅចំទ្រូងនៃទីក្រុងម៉ូស្កូ ។ វិថីពោរពេញទៅដោយអាគារនៃស្ថាបត្យកម្មមុនសម័យបដិវត្តន៍ ហើយត្រូវបានអភិរក្សយ៉ាងដិតដល់ពីសំណាក់របបសហភាពសូវៀត មិនឲ្យមានការសាងសង់នូវសំណង់សម័យក្បែរឡើយ ។ សព្វថ្ងៃនេះ វិថីនេះក្លាយជាផ្ទះលំនៅ និងខុនដូរបស់អ្នកមានមហិមារបស់រុស្សី និងជាមជ្ឈមណ្ឌលសិល្បៈ ទាំងផ្នែកគំនូរ ថតរូប អូប៉េរ៉ា ជាដើម ធ្វើឲ្យគេហៅវិថីនេះថាជា “ផ្លូវមាស”(The Golden Mile)។
ឯកសារយោង៖
http://online.wsj.com/article/SB10001424052748704268104576108063020410374.html?KEYWORDS=most+expensive+street