ថ្មីៗនេះមានដំណឹងលិចឮពីរដ្ឋធានីនៃប្រទេសបារាំង
អំពីគំម្រោងយ៉ាងអាថកំបាំងមួយនាចុងសង្គ្រាមលោកលើកទី១
ឆ្នាំ១៩១៨ ។ នោះគឺជាគំម្រោងសាងសង់ក្រុងប៉ារីសក្លែងក្លាយមួយ
ដើម្បីបំភ័ន្ត
និងបញ្ជៀសរដ្ឋធានីខ្លួនអំពីការទម្លាក់គ្រាប់បែករបស់
យន្ដហោះចម្បាំងហ្កូតារបស់សត្រូវអាឡឺម៉ង់ ។ អត្ថបទដែលចេញផ្សាយដោយកាសែត ឡឺ ម៉ុនដ៏ (Le Monde) និង ឡឺ ហ្វីហ្ការ៉ូ (Le Figaro) បង្ហាញថាគម្រោងនេះអាចនឹងទទួលបានផលវិជ្ជមាន ដោយហេតុបច្ចេកវិទ្យារ៉ាដ៉ានៅពុំទាន់រីកចម្រើននៅឡើយ ។
គម្រោងនេះត្រូវលើកបង្ហាញឡើងដំបូងបង្អស់ដោយ កាសែត The Illustrated London News
តាំងពីជាង ៩០ឆ្នាំមុនម្លេះគឺកំឡុងឆ្នាំ ១៩២០
និងបន្ទាប់មកត្រូវលាក់ទុកយ៉ាងកំបាំង
រហូតថ្មីៗនេះទើបផែនទីថតចម្លងមួយត្រូវបានចុះផ្សាយដោយកាសែត ឡឺ ហ្វីហ្ការ៉ូ ។
គម្រោងនេះចាប់ផ្ដើមពីការរើសទីតាំងមួយស្ថិតនៅភាគខាងជើង
ប៉ារីស
ជាទីតាំងមួយដែលទន្លេសែនហូរបត់កាត់មានរាងដូចនៅក្នុងប៉ារីសដែរ
។ សណ្ឋានដី និងអាគារសំខាន់ៗជាច្រើននឹងត្រូវបានបង្កើតឡើង
រួមទាំង ស្ថានីយ៍រថភ្លើង Gare du Nord និង Gare de l’Est
ព្រមទាំងតំបន់ឧស្សាហកម្ម យ៉ាងណាឲ្យមើលទៅដូចប៉ារីសមែនទែន ។
គម្រោងនេះក៏បានរៀបចំប្លង់បង្កើត វិថីអាវឺនុយដេស្សង់ហ្សេលីហ្សេ (Avenue des Champs-Élysées) និង ក្លោងទ្វារ អាកដឺទ្រីអុមផ៍ (Arc de Triomphe) ដ៏ល្បីល្បាញផងដែរ។
ដើម្បីឲ្យកាន់តែដូចជាទីក្រុងពិត គេបានព្យាយាមលាបផាត់ព៌ណដំបូលអាគារឲ្យដូចជារបស់ចាស់ ហើយលោកវិស្វករអគ្គិសនី ហ្វឺណង់ ចាកុបប៉ូហ្ស៊ី (Fernand Jacopozzi) អ្នកជំនាញតុបតែងដែលក្រោយមកទទួលបានពានរង្វាន់កិត្តិយស ក្នុងការតុបតែងភ្លើង ប៉មទួរអីហ្វែល និង ស្សង់ហ្សេលីហ្សេ
ត្រូវបានចាត់ឲ្យតុបតែង បំភ្លឺភ្លើងក្រុងបន្លំមួយនេះ
តាំងពីភ្លើងតាមវិថី
រហូតដល់ភ្លើងនានាឲ្យមើលទៅថាពិតជាមានមនុស្សរស់នៅ
និងមានរថភ្លើងដំណើរការ ។
ទោះបីជាការគ្រោងទុកមើលទៅគួរឲ្យស្ញប់ស្ញែងក៏ដោយ
គម្រោងមួយនេះមិនត្រូវបានសម្រេចជារូបរាងឡើយ
ដោយហេតុអាឡឺម៉ង់សុំចុះចាញ់មុនគម្រោងបានបញ្ចប់ ។
តំបន់ខាងលើត្រូវបានគេសាងសង់
និងអភិវឌ្ឍជាន់ពីលើអ្វីដែលសល់ពីគម្រោងនេះ
ធ្វើឲ្យគម្រោងដ៏ល្អិតល្អន់មួយនេះលិចកប់បាត់ក្លាយជាអាថកំបាំង
ដែលសូម្បីតែជនជាតិបារាំងក៏គ្មានអ្នកដឹងច្រើនឡើយ
រហូតដល់ពេលនេះ ។
ឯកសារយោង៖