ផែនដី
យើងនេះ មិនត្រឹមតែវិលជុំវិញព្រះអាទិត្យនោះទេ
តែថែមទាំងវិលជុំវិញអ័ក្ស(axis)ខ្លួនឯងទៀតផង។ តាមពិតទៅ
អ័ក្សរបស់ផែនដីមានសភាពទ្រេត ឬផ្អៀង ដែលធ្វើឲ្យ
ប៉ូលទាំងពីររបស់ភពនេះមិនប្រឈមមុខនឹងព្រះអាទិត្យដោយផ្ទាល់
នោះទេ។ ដោយសារតែអ័ក្សនេះមានសភាពផ្អៀងនេះ
ហើយ ដែលជាមួលហេតុធ្វើឥឲ្យភពផែនដីមានបរិយាកាស
និងអាកាសធាតុប្រែប្រួលទៅតាមរដូវកាល។ ដូច្នេះ ថ្ងៃនេះ »គំនិត»
នឹងលើកយកប្រធានបទទាក់ទងនឹងអាកាសធាតុនៅលើផែនដីយើងនេះមកចែកជូន
ប្រិយមិត្តអ្នកអាន។
ពន្លឺព្រះអាទិត្យបានជះទៅលើជ្រុងផ្សេងៗគ្នានៃផ្ទៃផែនដីក្នុង
កម្រិតមិនស្មើគ្នា ដែលធ្វើឲ្យ
បរិមាណកម្តៅនៃតំបន់នីមួយខុសគ្នាទៅតាមនោះដែរ។ មូលហេតុនេះហើយ
ដែលធ្វើអោយតំបន់ខ្លះមានអាកាសធាតុក្តៅខ្លាំង
រីឯតំបន់ខ្លះទៀតមានសីតុណ្ហភាពត្រជាក់
ដែលបង្កើតបានជារដូវផ្សេងៗគ្នា។ នៅក្នុងតំបន់ខ្លះ
និងតំបន់ប៉ូលមានរដូវ៤ប្រភេទខុសៗគ្នា ពោលគឺរដូវផ្ការីក រដូវក្តៅ
រដូវស្លឹកឈើជ្រុះ និងរដូវរងារ។
រីឯនៅតំបន់ត្រូពិចដូចជាប្រទេសកម្ពុជាយើង និងអនុតំបន់ត្រូពិចខ្លះ
មានរដូវ២ គឺរដូវភ្លៀង និងរដូវប្រាំង
ខណៈដែលតំបន់ខ្លះនៃតំបន់ត្រូពិចមានរដូវក្តៅ រដូវភ្លៀង
និងរដូវរងារ។
មានកត្តាជាច្រើនដែលជះឥទ្ធិពលទៅលើសីតុណ្ហភាពរបស់ផ្ទៃផែនដី។
កត្តាទាំងនោះមានដូចជា ភ្លៀង ខ្យល់ ពពក និងសំពាធបរិយាកាស។
ខ្យល់បក់គឺកកើតឡើងដោយសារតែកម្តៅមិនស្មើគ្នាដែលមាននៅលើផ្ទៃ
ផែនដី។
នៅពេលដែលខ្យល់នៅកន្លែងជាក់លាក់ណាមួយប្រែទៅជាក្តៅនិងស្រាលនោះ
វានឹងអណ្តែតឡើងទៅលើអាកាស រីឯខ្យល់ដែលមានទម្ងន់ធ្ងន់ជាង
ដែលមកពីកន្លែងផ្សេងនឹងធ្លាក់ចុះក្រោមហើយស្ថិតនៅត្រង់កន្លែង
ខ្យល់ក្តៅដែលទើបតែអណ្តែតឡើង។
សំពាធបរិយាកាសក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់ចលនាខ្យល់ផងដែរ
ពោលគឺទិសដៅខ្យល់គឺបក់ពីកន្លែងដែលមានសំពាធខ្ពស់
ទៅកន្លែងដែលមានសំពាធទាប។
ភាពខុសគ្នារវាងសំពាធនៃទីកន្លែងពីរផ្សេងគ្នា
អាចអោយយើងគណនារកល្បឿនខ្យល់បក់បាន។
នៅពេលដែលគម្លាតសំពាធមានកម្រិតទាប
យើងនឹងទទួលអារម្មណ៍ថាមានខ្យល់បក់រំភើយៗ
តែប្រសិនបើវាមានគម្លាតធំវិញនោះ វានឹងបង្កើតបានជាព្យុះ។
ប្រសិនបើខ្យល់បក់រសាត់នៅលើផ្ទៃទឹកដែលមានទំហំធំដូចជាសមុទ្រនោះ
វានឹងនាំមកជាមួយនូវសំណើម ពពក នឹងទឹកភ្លៀងមកជាមួយ។ ក្រៅពីនេះ
នៅមានកត្តាផ្សេងៗទៀតដែលជះឥទ្ធិពលដល់អាកាសធាតុ
ដូចជាចរន្តនៃទឹកសមុទ្រ ដែលបង្កើតឡើងដោយរង្វិលជុំនៃផែនដី។
បច្ចុប្បន្ននេះ អាកាសធាតុនៅតំបន់អង់តាកតិចមានសីតុណ្ហភាពទាបជាងគេ
ពោលគឺជាតំបន់ដែលត្រជាក់ជាងគេនៅក្នុងពិភពលោកយើងនេះ។
ស្ទើរតែទាំងអស់នៃតំបន់នេះគឺគ្របដណ្តប់ដោយផ្ទាំងទឹកកកដែលមាន
កម្រាស់រហូតដល់ទៅ២,៥គីឡូម៉ែត្រ។
សីតុណ្ហភាពដែលទាបបំផុតដែលបានកត់ត្រាទុកគឺ-៨៩អង្សាសេ។
ដកស្រង់នឹងប្រែសម្រួលពី៖ សៀវភៅ The Great Book of Questions and Answer បោះពុម្ភឆ្នាំ២០០៧។