Social Icons

តើទ្រឹស្តីរបស់អាញស្តាញខុសមែនឬ?



ប្រសិន ​បើ​អ្នក​បាន​រៀន​រូប​វិទ្យា​ពី​វិទ្យាល័យ ឬ​សាកលវិទ្យាល័យ​នោះ​ អ្នក​ប្រាកដ​ជា​អាច​ចាំ​បានូវ​ទ្រឹស្តី​មួយ​របស់​វីរបុរស​វិទ្យាសាស្ត្រមួយ​ រួប​ គឺលោក អាលប៊ឺត​ អាញស្តាញ(Albert Einstein) គឺទ្រឹស្តីបទ​ទំនាក់ទំនង (Relativity Theory) ដែល​បាន​លើកឡើងថា នៅ​ក្នុង​លោក​យើង​នេះ គ្មាន​វត្ថុ​ណា​ដែល​មាន​ល្បឿន​លឿន​ជាង​ពន្លឺ​នោះទេ។ ហើយ​បើ​យោង​ទៅ​តាម​ទ្រឹស្តី​នេះ យើង​មិន​អាច​ត្រឡប់​ទៅ​ពេលវេលា​អតីតកាល​បាន​នោះទេ។
ប៉ុន្តែ​ ពេលនេះ​អ្វីៗអាច​នឹង​ក្រឡាប់​ចាក់ដោយសារ​របក​គំហើញ​ថ្មី​មួយ​របស់​ក្រុម​ អ្នកវិទ្យាសាស្ត្រអ៊ឺរ៉ុប​មួយ​ក្រុម​ដែល​មាន​សមាជិក​ប្រ​មាណ​២០០​នាក់​ដែល​ មាន​ឈ្មោះថា OPERA( Oscillation Project with Emulsion Tracking Apparatus)។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះបាន​លើក​ឡើង​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​ជំហ៊ាន​ដំបូង គេបាន​រក​ឃើញ​វត្ថុ​មួយ​ដែល​មាន​ល្បឿន​លឿន​ជាង​ពន្លឺ​ ៦០​ណាណូ​វិនាទី(១ណាណូវិនាទី= ១០-៩វិនាទី) ដែល​គេឲ្យុ​ឈ្មោះ​វត្ថុ​នោះថាណឺទ្រីណូ(Neutrino)។ ណឺទ្រីណូ​គឺជាអនុ​អាតូម​​(Subatomic)ម្យ៉ាងដែល​មាន​ម៉ាសតូច និង​គ្មាន​បន្ទុក​អគ្គិសនី ហើយត្រូវបាន​​គេចាត់​ទុក​ថា​ជាកំទេចខ្មោច(Ghost Particle)។ ការ​លើក​ឡើង​ពី​របក​គំហើញមួយ​នេះ បាន​ធ្វើ​ឲ្យុ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីបណ្តារ​អ្នក​ វិទ្យាសាស្ត្រ​ សារព័ត៌មាន និង​នៅ​លើប្រព័ន្ធ​អ៊ីនធឺណិត។ មិនតែប៉ុណ្ណោះ មាន​ការ​ពិភាក្សារ​ជាច្រើនបានលើកឡើង​ផង​ដែរអំពី​លទ្ធ​ផលការពិសោធន៍​មួយ​នេះ ដែល​មាន​អ្នក​ខ្លះ​មិន​យល់​ស្របដោយ​គេ​គិត​ថា​វា​មិន​អាចទៅរួចនោះទេ និង​អ្នក​ខ្លះ​យល់ស្របចំពោះលទ្ធផលនេះ។ ប្រសិន​បើ​របកគំហើញ​នេះពិតជាត្រឹម​ត្រូវ​មែន​នោះ ការបង្កើត​ម៉ាស៊ីន​ពេលវេលា​ប្រាកដជា​អាចទៅរួច​នា​ពេល​អនាគត​ខាង​មុខ​នេះ ដែលផ្ទុយ​នឹង​ទ្រឹស្តី​របស់​អាញស្តាញ។ ក្រៅពីនេះ សៀវភៅ​រូបវិទ្យា​ទាំង​អស់​ត្រូវ​តែ​បោះ​ពុម្ភ​សារជាថ្មី​ឡើង​វិញ ដើម្បី​កែ​តម្រូវ​នូវ​ទ្រឹស្តី​មួយ​របស់​អាញស្តាញ ដែល​ថា​គ្មាន​វត្ថុ​ណា​មាន​ល្បឿន​លឿន​ជាង​ពន្លឺនោះឡើយ។
ប៉ុន្តែ​ការ​រក​ឃើញ​នេះ គឺស្ថិត​នៅ​ក្នុងស​ភាព​ក្មេង​ខ្ចី​នៅឡើយ ហើយ​ក្រុម​អ្នក​វិទ្យាសាស្ត្រOPERA ក៏បាន​អំពាវនាវ​ឲ្យុ​អ្នកវិទ្យាសាស្ត្រ​ទាំង​អស់​ធ្វើការ​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​របក​គំហើញ​មួយនេះដើម្បី​ធ្វើការបញ្ចាក់ថា​ តើ​វា​ត្រឹមត្រូវ​ដែរ​ឬទេ។
ប្រិយមិត្ត​ទាំង​ប្រាកដជា​ធ្លាប់​បាន​មើល​ខ្សែ​ភាព​យន្ត​ដែល​ មានឈុតឆាកផ្សេង​ៗដែល​តួរ​អង្គ​អាច​ធ្វើដំណើរ​ទៅអតីតកាល​ និង​អនាគតកាល​បាន។ ប្រសិនបើ​របកគំហើញ​នេះពិតជាត្រឹមត្រូវ​មែន​នោះ អ្វី​ៗ​ដែល​មាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​នឹង​ក្លាយទៅជា​ការពិតមិនខាន។ តើ​ប្រិយមិត្តគិត​យ៉ាង​ណា​ដែរ ប្រសិន​បើមាន​ម៉ាស៊ីន​ពេវេលា​មែននោះ តើ​វាផ្តល់​ផល​វិជ្ជមាន ឬអវិជ្ជមាន?