រូបសំណាក់អ្នកតា
ថ្មើព្រៃមួយក្រុមបានឈប់សម្រាករកកន្លែង
ហូបបាយកញ្ចប់ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា
តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។
ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំ នៅក្បែរនោះ។
ដើម្បីបិតបាំងទិដ្ឋភាពគួរអោយខ្ពើមឆ្អើមនៅពេលបរិភោគបាយកញ្ចប់
គេក៏កាច់ស្លឹកឈើ៤-៥ មែកគ្របអាចម៍ឆ្កែនោះ
ដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។
គេនាំគ្នាបិរភោគដោយក្សេមក្សាន្ត ដេកសម្រាកយកកម្លាំងបន្តិច
រួចក៏បន្តដំណើរទៅមុខទៀត។ ក្រោយមកមានថ្មើរព្រៃមួយក្រុមផ្សេងៗទៀត
បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ ក៏គិតស្មានថា
ទីនោះជាស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញគេកាច់ស្លឹកឈើថ្វាយ
ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ
នៅត្រង់កន្លែងនោះមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផង
យល់ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ ដំណក្រោយៗមកទៀត
ប្រហែលជាមានអ្នកណាទៅបែបន់កន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ
បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះ
ទុកជាទីស្នាក់នៅដ៏សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា
គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។
ចំណេរតមកក្រោយមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា
ត្រូវបានដាក់ជំនួសដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម
មានការគោរពបូជា មានបរិស័ទអ្នកជឿគាំទ្រ ទីស្ថានមួយ
ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយជាទៅជាអាសនៈរបស់អ្នកតា។
ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗមានចេកទុំ
ពងមាន់ បំពង់ទឹក បាយពំនូត ផ្លែឈើ ស្លាបារី ផ្កា មានជាប្រចាំនៅទីនោះ។
អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន
សូមកាប់ឈើបានសុខសាន្តឥតគ្រោះថ្នកា់ អ្នកស្រុកបន់សុំសុខសប្បាយ
សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ ។ល។ នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ
តែសូមជម្រាបបញ្ចាក់ផងដែរថា
អ្នកតាព្រៃមិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ។
មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សែងពីនេះ។ គឺយ៉ាងដូច្នេះហើយ
បានជាអ្នកស្រុកខ្លះនិយាយថា “អ្នកតាកើតពីអាចម៍ឆ្កែ!”
ដកស្រង់ចេញពី៖ សៀវភៅកម្រងឯកសារស្តីពី ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ និពន្ធដោយលោក មៀចប៉ុណ្ណ