ការស្រាវជ្រាវថ្មីមួយដែលធ្វើឡើងចំពោះស្រ្ដីជាម្ដាយរាប់ពាន់ នាក់ដែលមានកូនអាយុក្រោម ៥ឆ្នាំ បានបង្ហាញថា ស្រ្ដីជាម្ដាយដែលមានអាយុ ពី ៤០ឆ្នាំ ទៅ៤៤ឆ្នាំ មានអត្រាតានតឹងខ្ពស់ជាងគេ បើធៀបជាមួយនឹងស្រ្ដីជាម្ដាយដែលមានអាយុក្មេងជាងនេះ។
ទោះបីជាមូលហេតុមិនត្រូវបានដឹងច្បាស់ក៏ដោយ ប៉ុន្ដែកត្តាដែលរួមចំណែកធំបំផុតនោះគឺ ម្ដាយវ័យចំណាស់ទាំងនោះ បានជួបនូវបញ្ហាច្រើនក្នុងពេលមានផ្ទៃពោះ ដែលធ្វើឲ្យពួកគាត់ គិតច្រើន។
ដើម្បីចេញជាលទ្ធផលនេះ លោកស្រីបណ្ឌិត Giulia Muraca មកពីសាកលវិទ្យាល័យ British Columbia របស់កាណាដា បានធ្វើការសិក្សាទៅលើស្រ្ដីជាម្ដាយជិត ៨ពាន់នាក់ ដែលបានផ្ដល់កំណើតកូនក្នុងរយៈពេល៥ឆ្នាំមុន។
លទ្ធផលនៃការស្រាវជ្រាវនេះ បានស្ដែងចេញឲ្យឃើញថា ក្រុមស្រ្ដីដែលផ្ដល់កំណើតដល់កូនក្នុងពេលមានអាយុខ្ទង់ ៣០ឆ្នាំ និងដើម៤០ឆ្នាំ ហាក់ដូចជាមានអារម្មណ៍តានតឹងខ្លាំង បើធៀបជាមួយក្រុមស្រ្ដីជាម្ដាយដែលមានអាយុក្មេងជាងនេះ បើទោះបីជារបៀបរស់នៅរបស់ពួកគេ ស្រដៀងគ្នាក៏ដោយ។
ការស្រាវជ្រាវដដែលនេះ ក៏បានបង្ហាញដែរថា ស្រ្ដីជាម្ដាយវ័យចំណាស់ ចាប់ពី ៣៥ឆ្នាំ ឡើងទៅ គឺមិនមានការបារម្ភពីបញ្ហាស្ថេរភាព សាច់ប្រាក់ និងទំនាក់ទំនងស្នេហានោះទេ ប៉ុន្ដែអ្វីដែលបារម្ភបំផុត គឺមានតែបញ្ហាសុខភាពមួយតែប៉ុណ្ណោះ។
ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា ការពរពោះនៅវ័យចំណាស់ គឺអាចនឹងប្រឈមនឹងបញ្ហាជាច្រើន ដូចជាការរលូតកូនជាដើម ដែលទាំងនេះហើយ ដែលធ្វើឲ្យស្រ្ដីវ័យចំណាស់ភាគច្រើនមានការបារម្ភ រហូតកើតជំងឺតានតឹងផ្លូវចិត្ត។
ប្រភព៖ DailyMail