Social Icons

ញ៉ាំ​ច្រើន​ បង្កើន​ហានីភ័យ​នៃ​ការ​ភ្លេច​ភ្លាំង​

អ្នក​ញ៉ាំ​ច្រើន​
ការ ​ញ៉ាំ​ច្រើន​ជ្រុល ឬ​ឆ្អែត​ហើយ​នៅ​តែ​ញ៉ាំ នឹង​អាច​បង្កើន​ហានីភ័យ​ដល់​ទៅ​ពីរ​ដង​ក្នុង​ការ​វិវឌ្ឍ​ទៅ​រក​បញ្ហា​នៃ​ការ ​ចង​ចាំ​របស់​ខួរ​ក្បាល​។ មនុស្ស​ពេញ​វ័យ ដែល​ញ៉ាំ​អាហារ​ ២១០០កាឡូរី ដល់ ៦០០០កាឡូរី​ជា​រៀង​រាល់​ថ្ងៃ នឹង​ប្រឈម​មុខ​នឹង​ការភ្លេច​ភ្លាំង​ច្រើន ដែល​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​សហរដ្ឋ​អាមេរិក​។ អ្នក​ញ៉ាំ​កាន់​តែ​ច្រើន ការ​ចង​ចាំ​នឹង​កាន់​តែ​ថយ​ចុះ​។ អ្នក​នឹង​ប្រឈម​មុខ​នឹង​បញ្ហា​នៃ​ការ​ភ្លេច​ភ្លាំង​នូវ​ព្រឹត្តការណ៍​ដែល​ ទើប​នឹង​កើត​ឡើង ព្រម​ទាំង​ជួប​បញ្ហា​ផ្សេង​ទៀត​នៃមុខ​ងារ​របស់​ខួរ​ក្បាល​ផង​ដែរ​។
ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ ដែល​មាន​អាយុ ៧០ឆ្នាំ ទៅ​៨៩ឆ្នាំ ដែលក្នុង​នោះ​ក៏មាន​មនុស្ស​ដែល​កើត​ជំងឺ​ភ្លេច​ភ្លាំង ១៦៣នាក់​ផង​ដែរ​។ អ្នក​ចូល​រួម​ទាំង​អស់​នេះ តម្រូវ​ឲ្យ​ពណ៌នា​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​។
ក្រោយពី​ធ្វើ​ការ​សាក​សួរ​រួច​មក គឺ​បាន​បែង​ចែក​ជា​បី​ ពោលគឺ​មួយ​ភាគ​បីនៃ​អ្នកចូល​រួមទាំង​អស់ ដែល​​​ញ៉ាំ​ពី ៦០០កាឡូរី ទៅ ១៥២៦កាឡូរី ក្នុង​មួយថ្ងៃ, ១ភាគ​បី​ ញ៉ាំ​ពី ១៥២៦កាឡូរី ទៅ ២១៤៣កាឡូរី និង​មួយ​ភាគ​បីទៀត ដែល​​ញ៉ាំ​ពី ២១៤៣កាឡូរី ទៅ ៦០០០កាឡូរី​ ក្នុង​អំឡុង​ពេល​នៃការ​ស្រាវ​ជ្រាវ​។ ការ​ស្រាវ​ជ្រាវ​នេះ ក៏​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​កត្តា​ផ្សេង​ទៀត​ផង​ដែរ ដែល​រួម​មាន អាយុ ភេទ កម្រិត​នៃការ​អប់​រំ ប្រវត្តិ​នៃ​ជំងឺ​ស្រ្ដូក និង​អារម្មណ៍​ធុញ​ថប់​។
ជា​លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ដែលញ៉ាំ​អាហារ​ក្នុង​បរិមាណ​ច្រើន​ជាង​គេ​ គឺ​ពី ២១៤៣កាឡូរី ទៅ ៦០០០កាឡូរី​ក្នុង​មួយថ្ងៃ មាន​ការ​កើន​ឡើង​ហានីភ័យ​នៃ​ជំងឺ​ភ្លេច​ភ្លាំង​ដល់ទៅ ២ដង​។ ហានីភ័យ​នេះ នឹង​កាន់​តែ​កើន​ឡើង​ខ្លាំង នៅ​ពេល​ដែល​កាឡូរី​ដែល​យើង​ញ៉ាំ កាន់​តែ​ច្រើន​។​
ទោះ​បី​ជា​ការ​ស្រាវ​ជ្រាវ​នេះ​ ធ្វើ​ឡើង​តែ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ក៏​ពិត​មែន ប៉ុន្ដែ​វា​ក៏​មិន​ខុស​គ្នា​ចំពោះ​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ដែរ​។ ចូរ​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ក្នុង​បរិមាណ​សម​ស្រប ពោល​គឺ​មិនតិច​ពេក និងមិន​ច្រើន​ពេក ដើម្បី​សុខ​ភាព​នៃ​យើង​ទាំង​អស់​គ្នា​។