Social Icons

ឧបករណ៍ភ្លេងបុរាណខ្មែរ៖ ខ្សែដៀវ


ខ្សែដៀវ ឬសាយដៀវ(អាចហៅថាសាដៀវក៏បាន) គឺជាឧបករណ៍ភ្លេង​មួយមានវ័យ​ចំណាស់​ជាងគេ​ទាំងអស់​ក្នុងចំណោម​ឧបករណ៍ភ្លេង​ ខ្មែរ​ទាំងឡាយ។ ឧបករណ៍គឺជាឧបករណ៍ខ្មែរ​តន្ត្រី​ខ្មែរ​សុទ្ធសាធ ទាំងរូបរាង ទាំងសំនៀង ព្រមទាំងវត្ថុ​ធាតុ​ដើម​ដែល​ផ្សំឡើង។

ពាក្យថាខ្សែដៀវ មានន័យថា​ ខ្សែមួយ ហើយនេះជាលក្ខណៈពិសេស​របស់​ឧបករណ៍​ខ្សែ​ដៀវ​នេះ។ គេតែង​តែ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នូវគំនិត​ច្នៃ​ប្រឌិត​របស់​ បុព្វបុរសខ្មែរ​យើង​ ដែលលោក​បាន​បង្កើត​ឧបករណ៍ដែល​មាន​សូរស័ព្ទ​យ៉ាងពិសេស លន្លង់លន្លោចនេះឡើង។
ខ្សែរដៀវ​មាន​អាយុរាប់ពាន់ឆ្នាំមកហើយ ដែល​ខ្មែរ​យើង​នៅរក្សាបានរហូត​មកទល់សព្វ​ថ្ងៃ​នេះ។ ខ្សែដៀវគឺជាឧបករណ៍ដែលប្រើប្រាស់​នៅក្នុង​វង់ភ្លេងការ ភ្លេងអារក្ស ដែលមានកំណើត​មុន​ ឬដំណាលគ្នានិងសម័យព្រះថោង​នាង​នាគ។ បច្ចុប្បន្ន​នេះ ឧបករណ៍ខ្សែដៀវនេះ​គឺ​នៅ​សល់​តិចតួចបំផុត ដោយសារតែអ្នកចេះ​លេង​ពុំសូវមានច្រើន ព្រមទាំងវាជា​ឧបករណ៍​ដែលពិបាករៀន និងពិបាក​កេះឲ្យចេញជាសំនៀង។
ខ្សែដៀវ គឺជាឧបករណ៍បុរាណខ្មែរដែលមានភាព​ស្រឡះ​ស្រឡំ​ស្រស់ជាង​គេ មានប្រអប់សំនៀងធ្វើពីសំបកផ្លែឃ្លោកទុំ(ឃ្លោកក្អម) និងមានខ្សែ​លួសស្ពាន់តែមួយសរសៃ​ចង​សន្ធឹង​ពីចុង​ដងទៅព្រលួត(របួត)។ គេដាក់​សំបក​ឃ្លោក​ជាប់ទៅ​នឹង​ដង ត្រង់កន្លែងដែលចងសំបកឃ្លោក។ សំបកឃ្លោកនេះ​មិនមានពាស​ស្បែកអ្វីទេ។ នៅពេលសំដែង អ្នក​លេង​យកសំបក​ឃ្លោក​ដែល​ចំហ​ម្ខាងនេះទៅ​ផ្ទប់​ផ្អិបថ្នមៗ ជាប់នឹងដើមទ្រូង ឬពោះ ដើម្បី​ឲ្យ​មានសម្លេងខ្ទ័រងំ។ នៅពេលដែលគេចង់ធ្វើឲ្យ​មានសម្លេងញ័រ គេត្រូវអង្រួនសំបកឃ្លោក។
គេច្រើន​ប្រើខ្សែដៀវនៅក្នុងវង់ភ្លេងការ ភ្លេងអារក្ស ឬក៏សំដែង​ទោលដូចចាប៊ីដងវែងដែរ។ ដងនិង​ព្រលួត ខ្សែដៀវ​ធ្វើពីឈើខ្លឹម​ ដែលមានបញ្ចុះភ្លុក ឬឆ្អឹងជាគ្រឿងលំអ។ នៅខាងចុងដែលពត់ងខ្វង់ឡើងនោះ គេមានឆ្លាក់​ជាក្បាច់​ក្បាលនាគ​យ៉ាង​សង្ហា។
ខ្សែដៀវ​មានបណ្តោយប្រវែង ០,៨០ ម៉ែត្រ ព្រលួតមានប្រវែង ០,១៥ ម៉ែត្រ រីឯមុខសំបកឃ្លោក​វិញ​ មានបន្ទាត់ផ្ចិតប្រវែង ០,២០ ឬ ០,២៥ ម៉ែត្រ។ គេ​កេះ​ខ្សែដៀវ នឹងក្រចកដែកធ្វើពីបំពង់ស្ពាន់ កាត់រាងបញ្ឆិត ហើយដែលអ្នកលេង​ពាក់នៅចុងម្រាម ចង្អុរខ្មោច ឬនាងដៃស្តាំ។ នៅពេលកេះ គេតែង​យកមេដៃទៅប៉ះនឹងខ្សែ ហើយដកមកវិញ​យ៉ាងរហ័ស ដើម្បី​ធ្វើអោយ​មាន​សម្លេង​ តូមៗ។ បើពុំធ្វើដូចនេះទេ វា​និងគ្មាន​បញ្ចេញសម្លេងអ្វីឡើយ។ គេប្រើម្រាម​ដៃឆ្វេង​ សម្រាប់​ចុចសង្កត់​ខ្សែនៅជិតសំបក​ឃ្លោក ដែលផ្អោបខ្ទប់ទៅនឹងដើមទ្រូងនោះ។
ខ្សែដៀវជាឧបករណ៍​ភ្លេងមួយដែលបន្លឺសម្លេងផ្តក់ ដាច់ៗ កាត់ៗ ពីមុខពីក្រោយឧបករណ៍​ដទៃទៀត​ ធ្វើឲ្យគេឭសូរសម្លេង​វាលេច​ធ្លោ​ពី​ចន្លោះ សម្លេង ឧបករណ៍ផ្សេងៗ នៅ​ពេលប្រគំ។

ដកស្រង់ចេញពី៖ សៀវភៅកម្រងឯកសារស្តី​ពី​ ប្រពៃណី និង​ទំនៀមទម្លាប់ខ្មែរ និពន្ធដោយលោក មៀចប៉ុណ្ណ