Social Icons

មិត្ត​ភក្តិ​ និង​ នាឡិកា​


សួរអ្វីលោកអ្នកបន្តិចបានទេ…
មិត្ត តាមគំនិតរបស់អ្នកគឺអ្វី?
គេមានភាពសំខាន់ចំពោះអ្នកកម្រិតណា?
«ប្រៀបធៀបនឹងគូស្នេហ៍របស់អ្នកបានដែរឬទេ?»
ខ្ញុំគ្រាន់តែមានអ្វីខ្លះៗចង់និយាយឲ្យស្តាប់ប៉ុណ្ណោះ…
មាននាឡិការោទ៍មួយ
វាបំពេញតួនាទីរបស់វារៀងរាល់ថ្ងៃ
មិនថាទ្រនិចវែងឬទ្រនិចខ្លី
នៅតែវិលដើរដដែលៗដោយមិនចេះនឿយហត់
រៀងរាល់ពេលព្រឹក…
វាតែងតែស្រែករំខាន
ស្រែកធ្វើឲ្យយើងភ្ញាក់ពីការដំណេកដ៏សុខស្រួល
យើងតបស្នងវាដោយលូកដៃទៅរាវរក «ទះ ឬចុចវាខ្លាំងៗ!!»
ព្រោះថ្លង់នឹងសំឡេងរំខានដើម្បីឲ្យវាស្ងាត់
ទាំងដែលវាជួយយើងមិនឲ្យទៅខកណាត់សំខាន់ៗរៀងរាល់លើក
ហើយបើវាច្រឡំដាស់យើងនៅក្នុងថ្ងៃឈប់សម្រាក
ជួនកាលយើងអាចចាប់វាគ្រវែងចោលក៏មាន
ទាំងដែលយើងជាអ្នកដាក់ម៉ោងឲ្យវារោទ៍ដោយខ្លួនឯងសោះ។
ជួនកាលយើងរវល់ធ្វើអ្វីផ្សេងដែលគិតថាសំខាន់
ច្រើនជាង…
«នាឡិកា» ដែលស្ថិតនៅកន្លែងដើមរបស់វារាល់ថ្ងៃ
យើងមិនយកចិត្តទុកដាក់នឹងវាប៉ុន្មានទេ គឺចាប់អារម្មណ៍នឹងវាតែពេលដែលយើង
«ចង់ដឹងពេលវេលាប៉ុណ្ណោះ!»
រហូតដល់ថ្ងៃមួយ…
នាឡិកាដដែលនោះក៏ស្ងាត់ស្ងៀមឈឹង
អ្នកមិនដឹងទេថាវាស្ងៀមយ៉ាងនេះតាំងពីពេលណា
អ្នកចាំមិនបានទេថា វាឈប់ដើរលើកចុងក្រោយនៅពេលណា
លោកអ្នកបានត្រឹមតែបន្ទោសវានៅព្រឹកថ្ងៃនោះថា
«អានាឡិកាហេងស៊យ… ហេតុអីមិនដាស់យើង!!»
ទាំងដែលវាគាំងបែបនេះព្រោះអ្នក…
លោកអ្នកគិតទេថា…
«មិត្តភក្តិគឺដូចនាឡិការោទ៍អ៊ីចឹង!»
ហេតុអ្វីឬ?
លោកអ្នកសាកគិតទៅមើល…
សេចក្តីស្រឡាញ់របស់មិត្តភក្តិគឺប្រៀបដូចនឹងការដើររបស់ទ្រនិចនាឡិកា
ដើរនៅកន្លែងដដែលៗ តែក៏នៅតែបន្តដើរទៅមុខជានិច្ច ដោយមិនចេះនឿយហត់ឬធុញទ្រាន់
ពេលខ្លះមិត្តភក្តិក៏ដាស់តឿនយើង
ប្រាប់យើង ណែនាំយើង ចំពោះរឿងខ្លះដែលយើងគួរស្តាប់
តែយើងបែរជាធុញទ្រាន់គេ
និយាយបំផ្លាញទឹកចិត្តរបស់គេ ឬធ្វើឲ្យគេអន់ចិត្ត
ព្រោះគិតថាសម្តីដាស់តឿនរបស់គេបែរជាធ្វើឲ្យអ្នកទើសទាល់
ថ្វីបើពេលខ្លះអ្នកធ្វើដោយមិនបានតាំងចិត្ត
តែសាកល្បងសង្កេតមើល៍
រឿងដែលមិត្តភក្តិអ្នកដាស់តឿនដោយបំណងល្អនោះ
ជួនកាលអាចជួយអ្នកបានច្រើនរឿងណាស់។
ច្រើនលើកច្រើនសា
ដែលលោកអ្នករវល់តែធ្វើរឿងផ្សេង
ផ្តល់ភាពសំខាន់ចំពោះអ្នកដទៃ
ហើយមើលរំលងភាពសំខាន់របស់មិត្តភក្តិ
ព្រោះអ្នកគិតជានិច្ចថា…
សេចក្តីស្រឡាញ់របស់មិត្តភក្តិគឺជារឿងធម្មតា
ដូចគ្នានឹងនាឡិកា…
ដែលវាតែងតែដើរបែបនោះ… ដដែលៗរាល់ថ្ងៃ
តែលោកអ្នកប្រហែលជាភ្លេចថាថ្ងៃណាមួយ
ថ្មនៅក្នុងនាឡិកានឹងអស់
នាឡិកាមិនបានបោះចោលតួនាទីរបស់វាទេ
គ្រាន់តែពេលវេលាកន្លងទៅមួយថ្ងៃៗ
តើឲ្យវាទៅយកកម្លាំងមកពីណាដើរ បើគ្មានថ្ម?
ដូចគ្នានឹងមិត្តរបស់អ្នកដែរ
បើទោះជាគេស្រឡាញ់ និងមានបំណងល្អចំពោះអ្នកច្រើនប៉ុណ្ណាក៏ដោយ
បើអ្នកមិនធ្លាប់យកចិត្តទុកដាក់
ភ្លេចថានៅមានគេម្នាក់ដែរ…
គឺប្រៀបដូចនឹងនាឡិកា
ដែលវាមិនបានបោះបង់ចោលតួនាទីរបស់វា
តែគឺខ្លួនអ្នកទៅវិញទេ ដែលមិនបានយកចិត្តទុកដាក់
នាឡិកាកញ្ចាស់មួយនោះសោះ!
ដល់ពេលហើយឬនៅ ដែលអ្នកត្រូវងាកទៅមើល
នាឡិកាចាស់ដដែលនោះ
មិនយឺតពេលទេមែនទេ បើអ្នកដាក់ថ្មឲ្យវាម្តងទៀត
និងបង្វិលឲ្យវាដើរដូចដើម
ដើម្បីឲ្យនាឡិកាដដែលនោះ
ត្រឡប់មកបំពេញតួនាទីដ៏គួរឲ្យធុញទ្រាន់របស់វា
ម្តងទៀត…