Social Icons

អារម្មណ៍​សុទិដ្ឋិនិយម ជំនួយ​ដល់​សុខ​ភាព​បេះ​ដូង?

អារម្មណ៍ ​សុទិដ្ឋិនិយម គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​វា​មិន​ត្រឹម​តែ​ជា​កត្តា​ធ្វើ​ឲ្យ​យើង​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានប្រយោជន៍ចំពោះ​សុខ​ភាព​ទៀត​ផង​។ តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​របស់ក្រុម​អ្នកវិទ្យាសាស្រ្ដ​បាន​បង្ហាញ​ ថា ការ​រស់​នៅ​ក្នុង​ភាព​វិជ្ជមាន ពោល​គឺ​ដូច​ជា​សុភ​មង្គល​ ការ​ពេញ​ចិត្ត​នឹង​ជីវិត និង​ជា​ពិសេស​គឺ​ការ​មាន​អារម្មណ៍​សុទិដ្ឋិនិយម នឹង​​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គាំង​បេះ​ដូង ជំងឺ​ស្រ្ដូក និង​ជំងឺ​ទាក់​ទង​នឹង​បេះ​ដូង​ផ្សេង​ទៀត​។ អ្នកស្រី​Julia Boehm ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​មក​ពី​​សាលា​សុខភាព​សាធារណៈ​ហាវើត (Harvard School of Public Health) សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា ក្រៅ​ពី​ឱសថ​ដែល​គេ​បង្កើត​ឡើង ការ​មាន​អារម្មណ៍​វិជ្ជមាន​ ក៏​អាច​ជួយ​ការពារ​បេះ​ដូង​បាននោះដែរ​។
នេះ​គឺ​ជា​ការ​ស្រាវ​ជ្រាវ​មួយ​ដ៏​ធំ ព្រោះ​ដើម្បី​ចេញ​ជា​លទ្ធផល​នេះ អ្នកស្រី Boehm រួម​នឹង​សហសេវិក​របស់​គាត់ បាន​ធ្វើ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​២០០ ដែល​ធ្វើ​នា​ពេល​កន្លង​មក​។
ហេតុ​ផល​ដែល​គាំ​ទ្រ​ដល់​លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ គឺ​​នៅ​ពេល​ដែលមនុស្ស​មានអារម្មណ៍​រីករាយ និង​មាន​សុទិដ្ឋិនិយម គឺ​ពួក​គេ​នឹង​ធ្វើ​រឿង​ដែល​ល្អ​ចំពោះ​សុខភាព​ពួក​គេ ដូច​ជា​ចំណាយ​ពេល​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អៗ និង​គេង​លក់​បាន​គ្រប់​គ្រាន់​ ផ្ទុយ​ពី​អ្នក​ដែល​មិន​សប្បាយ​ចិត្ត ដែល​គ្មានអារម្មណ៍​ធ្វើ​រឿង​ទាំង​អស់​នេះ​ឡើយ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​បេះដូង គឺ​ជា​ឃាតករ​មួយ​ដ៏​សាហាវ ដែល​បាន​ផ្ដាច់​យក​ជីវិត​មនុស្ស​អស់​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ ដែល​ក្នុង​នោះ គ្រាន់​តែ​សហរដ្ឋ​អាមេរិក​មួយ មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​ដល់ទៅ ២៥ភាគ​រយក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់​ ពោល​គឺ​ក្នុង​ចំណោម​អ្នក​ស្លាប់​បួន​នាក់ មាន​ម្នាក់​ហើយ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​។