Social Icons

ជម្លោះមិនមែនជាទីបញ្ចប់នៃមិត្តភាពពិត

អាចជារឿងដដែលៗ ដែលខ្ញុំចូលចិត្តនិយាយ គឺមិត្តភាពមានតម្លៃខ្លាំងណាស់ ចំពោះជីវិតខ្ញុំ។ មិត្តមួយថ្ងៃគឺមិត្តមួយជីវិត។ មិត្តភាពធំជាងស្នេហា…
ការត្រឡប់មកស្រុកខ្មែរលើកនេះរបស់ខ្ញុំ គឺខ្ញុំបានធ្វើនូវរឿងមួយ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុត នោះគឺការជម្រះរឿងជម្លោះមិត្តភក្តិឲ្យជ្រះស្រឡះ។
ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងធ្វើវាក្នុងថ្ងៃណាមួយ តែខ្ញុំគ្មានគម្រោងថានឹងធ្វើ ក្នុងពេលវិលមកស្រុកខ្មែរលើកនេះទេ។ តែមនុស្សនៅជុំវិញខ្លួនខ្ញុំ បានជម្រុញឲ្យខ្ញុំធ្វើវា ជាពិសេស… ម៉ែ!
ពេលយើងស្គាល់គ្នា ខ្ញុំក៏ប្រាប់ម៉ែ ពេលយើងឈ្លោះគ្នា ខ្ញុំក៏ប្រាប់ម៉ែ។ ដូច្នេះ ម៉ែស្គាល់គេដូចខ្ញុំស្គាល់គេដែរ។ តែបើនិយាយឲ្យត្រូវម៉ែ ទើបតែជួបគេបានម្តងប៉ុណ្ណោះ។ ប៉ុន្តែម៉ែស្គាល់គេច្បាស់ ព្រោះខ្ញុំតែងតែរម្លឹកឈ្មោះគេប្រាប់ម៉ែរឿយៗ។
ពេលខ្ញុំប្រាប់ម៉ែថា យើងទាំងពីរឈ្លោះគ្នា ម៉ែបន្ទោសខ្ញុំជាខ្លាំង។ ឆ្នាំនេះពេលខ្ញុំមកដល់ម៉ែរម្លឹកពីមិត្តភក្តិចាស់ៗរបស់ខ្ញុំ ដែលគាត់បានជួប ថែមទាំងមិនភ្លេចរម្លឹកពីគេ។ ក្នុងសម្តីនោះ បង្កប់នូវការលើកទឹកចិត្តឲ្យខ្ញុំចងមិត្តនឹងគេវិញ។ ហើយខ្ញុំក៏សម្រេចចិត្តធ្វើវា…
គ្មានពិបាកអីផង ព្រោះយើងមិនមែនជាកូនក្មេង ហើយយើងក៏ធ្លាប់ស្គាល់គ្នាដែរ។ សំខាន់ជម្រុះភាពអាស្មិមានះចេញ ហើយញញឹមនិយាយគ្នាតាមសម្រួល សួរហេតុសួរផល ជម្លោះនឹងបញ្ចប់ដោយងាយស្រួល។
គ្រប់យ៉ាងត្រឡប់មកដូចដើម។ ពេលមានការណាត់ជួបគ្នា ក៏លែងមានបាត់មុខនរណា ដូចលើកមុនទៀត។ ពីមុនពេលមានសំណួរថា ម្នាក់នេះ ឬម្នាក់នោះ បាត់ទៅណា? ខ្ញុំពិតជាពិបាកឆ្លើយតបណាស់។ លុះពេលខ្ញុំប្រាប់ពីមូលហេតុ ពួកគេក៏លើកទឹកចិត្តខ្ញុំ ព្រោះម្នាក់ៗសុទ្ធតែយល់ដូចគ្នាថា ជម្លោះមិនមែនជាទីបញ្ចប់នៃមិត្តភាពពិតទេ។
បច្ចុប្បន្ននេះ ខ្ញុំមានមិត្តប្រុសបីនាក់ និងមិត្តស្រីម្នាក់ ដែលទោះជាទៅដល់ទីណា ក៏យើងមិនដែលភ្លេចគ្នាដែរ។ ពិសេសពេលមានការណាត់ជួបសំខាន់ៗ ពួកគេតែងតែឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនដើម្បីមកជួបគ្នាជានិច្ច។ អរគុណចំពោះកម្លាំងចិត្ត! អរគុណចំពោះពេលវេលា… និងអរគុណសម្រាប់អ្វីៗគ្រប់បែបយ៉ាង…
ទោះយំឬសើច ពេលបាននៅជាមួយមិត្ត ជីវិតក៏ស្រស់បំព្រង! ;)