ផ្លែប៉ោម ជាប្រភេទផ្លែឈើមានសាច់ពណ៌ស
ក្រុមអ្នកវិទ្យាសាស្រ្ដដែលមកពីសាកលវិទ្យាល័យ Wageningen នៅក្នុងប្រទេសហុល្លង់នេះ បានបញ្ជាក់ថា មិនត្រឹមតែបន្លែ ផ្លែឈើដែលមានពណ៌ធម្មជាតិប៉ុណ្ណោះទេ ដែលមានប្រយោជន៍ច្រើននោះ ប៉ុន្ដែផ្លែប៉ោម ឬផ្លែទាំងឡាយណាដែលមានសាច់ពណ៌សនោះ ក៏មានប្រសិទ្ធិភាពខ្ពស់ ក្នុងការទប់ស្កាប់ជំងឺស្រ្ដូកដ៏សាហាវបានផងដែរ។
នៅក្នុងការស្រាវជ្រាវនេះ លោក Oude Griep ដែលជាអ្នកដឹកនាំការស្រាវ និងសហការីរបស់លោក បានរកឃើញថា ការញ៉ាំផ្លែឈើដែលមានសាច់ខាងក្នុងពណ៌ ក្នុងបរិមាណច្រើន គឺអាចកាត់បន្ថយបានយ៉ាងច្រើននូវកម្រិតគ្រោះថ្នាក់នៃការកើតជំ ងឺស្រ្ដូក ជាជាងបន្លែ និងផ្លែឈើដទៃទៀត។ លោក Griep បានបញ្ជាក់ថា ដើម្បីការពារជំងឺការកើតជំងឺស្រ្ដូក ចាំបាច់ត្រូវតែញ៉ាំបន្លែ និងផ្លែឈើសាច់ស ឲ្យបានច្រើន។ ឧទាហរណ៍ ដូចជា ញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃគឺជាវិធីដ៏ងាយស្រួលបំផុត ប្រសិនបើអ្នកមិនចង់ញ៉ាំផ្លែឈើដទៃទៀត។
សម្រាប់ការស្រាវជ្រាវនេះដែរ ក្រុមអ្នកស្រាវជ្រាវទាំងអស់នេះ បានធ្វើការសិក្សាទៅលើមនុស្សពេញវ័យចំនួន ២០០៦៩នាក់ ដែលមានជាមធ្យម ៤១ឆ្នាំ។ ក្រោយពីរយៈពេល១០ឆ្នាំ នៃការស្រាវជ្រាវនេះ លទ្ធផលបានបង្ហាញថា ក្នុងចំណោមអ្នកចូលរួមទាំងអស់ មាន២៣៣នាក់ កើតជំងឺស្រ្ដូក។ ក្នុងចំណោមផ្លែឈើ និងបន្លែគ្រប់ពណ៌ មានតែពណ៌សប៉ុណ្ណោះ ដែលបានបង្ហាញពីប្រសិទ្ធិភាពនៃការកាត់បន្ថយជំងឺនេះបាន។
លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបោះពុម្ភផ្សាយកាលពីថ្ងៃព្រហស្បតិសប្ដាហ៍មុន នៅក្នុង ព្រឹត្តបត្ររបស់សមាគមបេះដូងអាមេរិកាំង(American Heart Association)។