Social Icons

ជំងឺមាត់ធ្មេញ ទាក់​ទង​នឹង​ជំងឺ​គាំង​បេះ​ដូង​ឬ​អត់?

ជំនឿ ​ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ថា ជំងឺ​មាត់​ធ្មេញ​មាន​ការ​ទាក់​ទង​គ្នា​នឹង​ជំងឺ​បេះ​ដូង​នោះ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ហើយ កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ហើយ​ថា ជំងឺ​មាត់​ធ្មេញ មិនមាន​ការ​ទាក់​ទង​គ្នា ឬ​បណ្ដាល​ឲ្យ​កើត​ជំងឺ​គាំង​បេះ​ដូង ឬ​ជំងឺ​ស្រ្ដូក ដូច​ការ​គិត​នា​ពេល​កន្លង​មក​ទេ​។
អ្នក​វិទ្យាសាស្រ្ដ​របស់​អាមេរិក​ចំនួន ១៣នាក់ ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​រឿង​នេះ បាន​បញ្ជាក់​ថា មិនមាន​ការ​រក​ឃើញ​ភស្ដុតាង​ណា​មួយ ដែល​គាំ​ទ្រ​ឲ្យ​ការ​លើក​ឡើង​​ថា​ជំងឺ​មាត់​ធ្មេញ បង្ក​ជា​ជំងឺ​បេះ​ដូង​នោះទេ​។ ការ​បញ្ជាក់​បែប​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នេះ បាន​ធ្វើ​ការ​សិក្សាលើ​អត្ថបទ​ចំនួន ៥០០ ដែល​បោះ​ពុម្ភ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​វិទ្យាសាស្រ្ដ​។
ការ​រក​ឃើញ​ថ្មី​នេះ នឹង​អាច​ឈាន​ទៅ​ដល់​ការ​ជំទាស់​ផ្សេង​ទៀត ដោយ​សារ​តែ​វា​ជា​ប្រធាន​បទ​ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​។ លោកសាស្រ្ដាចារ្យ Peter Lockhart ដែល​ជា​អ្នក​ជំនាញ​ខាង​មាត់​ធ្មេញ មក​ពី North Carolina បាន​លើក​ឡើង​ថា ប្រសិន​បើ​មាន​ភាព​ទាក់​ទង​គ្នា​រវាង​ជំងឺមាត់​ធ្មេញ និ​ងជំងឺ​បេះ​ដូង​មែន​នោះ ប្រាកដ​ជា​មាន​ការរក​ឃើញ​ភស្ដុតាង​អ្វីមួយ​មិន​ខាន តែ​មក​ទល់​ពេល​នេះ គឺ​នៅ​តែមិនមាន​ដដែល​។
សរុប​មក​វិញ ការ​រក​ឃើញ​ថ្មី​នេះ បាន​បង្ហាញ​ថា ជំងឺ​មាត់​ធ្មេញ​ ឬ​មាត់​ធ្មេញ​មិនស្អាត មិនមែន​ជា​កត្តា​បង្ក​ជាជំងឺ​បេះ​ដូង ដូច​ការ​លើក​ឡើង​នា​ពេល​កន្លង​មក​ទេ​។ យ៉ាង​ណា​ក្ដី នេះ​គ្រាន់តែ​ជា​ការ​ស្រាវ​ជ្រាវ​ប៉ុណ្ណោះ ធាតុ​ពិត​យ៉ាង​ណា​នោះ នឹង​ត្រូវ​ប​ង្ហាញ​ នៅ​ពេល​ដែល​ភស្ដុតាង​ជាក់​លាក់​ត្រូវ​បាន​រក​ឃើញ​។