ផឹកទឹក
លោកសាស្រ្ដាចារ្យ Frank Hu មកពីសាលា Harvard School of Public Health បានមានប្រសាសន៍ថា មានភស្ដុតាងដែលទើបរកឃើញថា ការញ៉ាំភេសជ្ជៈដែលមានជាតិស្កជាប្រចាំ គឺពិតជាធ្វើឲ្យបង្កើននូវហានីភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺធាត់លើសទម្ងន់ ហើយក៏ជាមូលហេតុចម្បងដែលធ្វើឲ្យកើតជំងឺបេះដូងផងដែរ។
ការកាត់បន្ថយនូវគ្រោះថា្នក់នៃការធាត់ជ្រុល និងគ្រោះថ្នាក់នៃជំងឺបេះដូង គឺពិតជាសំខាន់ណាស់ ក្នុងការកាត់បន្ថយការញ៉ាំភេសជ្ជៈផ្អែមៗ មានជាតិហ្គាស់ទាំងនោះ ហើយជំនួសមកវិញ ដោយការញ៉ាំទឹក ឬក៏ទឹកតែ និងកាហ្វេដែលមិនដាក់ស្ក។
គួរបញ្ជាក់ផងដែរថា មនុស្សជាច្រើនលាននាក់បានកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោក ដែលគ្រាន់តែនៅអង់គ្លេសមួយ មានអ្នកជំងឺទឹកនោមផ្អែមដល់ទៅ ២,៨លាននាក់បាត់ទៅហើយ ដែលក្នុងនោះ ជាង១លាននាក់ផ្សេងទៀត ក៏បានផ្ទុកនៅជំងឺនេះទាំងមិនដឹងខ្លួនផងដែរ។
មនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ បានបាត់បង់សមត្ថភាពក្នុងការបំឡែងជាតិគ្លុយកូសទៅជាថាមពល ដូច្នេះហើយ វាបានបង្កឲ្យកម្រិតនៃជាតិស្កកើនឡើង។
ជំងឺទឹកនោមផ្អែម គឺជាជំងឺដែលអាចបង្កើនឱកាសនៃជំងឺបេះដូងបានរហូតដល់ទៅ៥ដង ឯណោះ។ អ្នកជំងឺទឹកនោមផ្អែម ត្រូវបង្កើនការហាត់ប្រាណឲ្យបានច្រើនជាងមុន និងញ៉ាំអាហារឲ្យបានត្រឹមត្រូវ។