- នរជនដូចម្តេច
កាលក្រឡេកមើលទៅខាងក្រោមឃើញជនទាបជាងខ្លួនមិនជោរអួតអាងថា
ខ្លួនធំមហិមា
តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់លើខ្ពស់ជាងខ្លួន
ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង។
- នរជនណាមានទ្រព្យច្រើន ជននោះសូម្បីសម្លាប់ព្រះព្រហ្មមួយ
ក៏នៅតែមានគេគោរពបូជា
ឯនរជនក្រីក្រសូម្បីមានវង្សត្រកូលខ្ពង់ខ្ពស់យ៉ាងណាក៏នៅតែគេ
មើលងាយ។
- សំណាងទ្រព្យសម្បត្តិ
មិនរត់ទៅរកជនណាដែលឥតសេចក្តីប្រឹងប្រែង ខ្ជិលច្រអូស
វង្វេងជឿព្រេងវាសនា និងមិនព្យាយាមទេ
ដូចប្រពន្ធក្មេងមិនអើពើប្តីចាស់ជរាដូច្នោះ។
- ភាវៈជាបុគ្គលខ្ជិល១ ការសេពគប់ស្ត្រីផ្កាមាស១
ភាវៈជាបុគ្គលមានរោគច្រើន១ ជាប់ចិត្តនឹងស្រុកកំណើតមួយ
ចិត្តសន្តោស១ ភាវៈជាបុគ្គលខ្លាចច្រើន១ ទោស៦ប្រការនេះ
ជាគ្រឿងទម្លាយបង់នូវភាវៈនៃខ្លួនជាធំ។
- នរជនណាមានទ្រព្យសម្បត្តិតិចតួច សំគាល់ថាខ្លួនមានទ្រព្យច្រើន
មិនខិតខំរកតទៅទៀត ព្រះព្រហ្មដែលជាអ្នកសាងទ្រព្យសម្បត្តិ
មិនព្រមចម្រើនទ្រព្យសម្បត្តិឲ្យនរជននោះទេ។
- កូនមិនឧស្សាហ៍ មិនជាទីគាប់ចិត្ត មិនមានវីរិយៈ ជាទីឡកឡឺយនៃសត្រូវ សូមកុំឲ្យស្រ្តីណាបង្កើតកូនបែបនេះឲ្យសោះ។
- បុគ្គលគប្បីស្វែងរកទ្រព្យដែលមិនទាន់បាន
គប្បីរក្សាទ្រព្យដែលរកបានហើយ កុំឲ្យបាត់បង់អស់ទៅវិញ
គប្បីកពូនទ្រព្យសម្បត្តិដែលដែលរក្សាទុកនោះ
ឲ្យចម្រើនឡើងដោយប្រពៃ។
- ទ្រព្យដែលមិនឲ្យទាន ឬមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី?
រេហ៍ពលដែលគេមិនយកទៅចេញច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី?
ការចេះចង់គម្ពីធម៌អាថ៌ បើគេមិនប្រតិបត្តិតាម
តើមានប្រយោជន៍អ្វី? ខ្លួនយើងបើមិនទូន្មានឥន្ទ្រិយឲ្យបានបទទេ
តើមានប្រយោជន៍អ្វី?
- ទឹកស្រក់មួយដំណក់ៗ ជាលំដាប់អាចពេញក្អមបាន
នេះជាគ្រឿងឧបមានៃការរៀនសព្វវិជ្ជា ការប្រតិបត្តិធម៌
និងការសន្សំទ្រព្យសម្បត្តិ។
- ភារៈដូចម្តេចដែលហៅថាធ្ងន់ណាស់សម្រាប់អ្នកមានសមត្ថភាព?
ទីណាដែលហៅថាឆ្ងាយណាស់សម្រាប់អ្នកមានព្យាយាមច្រើន?
ប្រទេសណាដែលហៅថាបរទេសសម្រាប់អ្នកមានចំណេះវិជ្ជា?
- សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តជាការអន្តរាយដល់សារពើការងារ
បុគ្គលគប្បីលះបង់ចោលឲ្យអស់ស្រឡះទៅ
ព្រោះថាបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្តហើយ
ការសម្រេចផលប្រយោជន៍ នឹងកើតប្រាកដទៅតាមរបៀប។
- សត្វលោកសូម្បីត្រូវសរមួយរយផ្លែបើមិនទាន់ដល់កាលក៏មិន
ស្លាប់ បើដល់កាលមរណៈហើយសព្វបើមុតបើស្បូវបន្តិចក៏មិនរស់ដែរ។
- ចៅហ្វាយនាយ
តែងក្រឡេកសម្លឹងមើលការខុសឆ្គងមិនបរិសុទ្ធជាប្រក្រតីនៃខ្ញុំ
បំរើ ដោយភ្នែកណា អ្នកបំរើតែងរំពៃមើលភ្នែកនោះនៃម្ចាស់ដោយច្រើន។
- បើនៅទ្រឹងមិននិយាយគេថាល្ងង់
បើនិយាយគេថាច្រើនពេកឬថាឆ្កួត បើចេះអត់ធ្មត់គេថាខ្លាច
បើជេរមិនឈឺគេថាត្រកូលថោកទាប បើនៅជិតគេថាហ៊ានពេក
បើនៅឆ្ងាយដោយវិន័យ គេថាញញើតញញើមពេក សូម្បីព្រះឥសូរ
ក៏ផ្គាប់ចិត្តម្ចាស់ឲ្យពេញបរិបូណ៌មិនបានដែរ។
- ធម្មជាតិឆ្កែ បានឆ្អឹង
សូម្បីអស់សាច់រលីងហើយនៅសល់តែសរសៃរខ្លាញ់វាវបន្តិចបន្តួច
ក៏ត្រេកអរកខិបកខុប
មែនពិតឆ្អឹងនោះមិនអាចបន្សាត់បង់សេចក្តីស្រេកឃ្លានឡើយ
រីឯសីហៈសូម្បីបានចចកមួយនៅក្នុងក្រញ៉ាំក្រចកខ្លួនហើយ
ក៏នៅតែបោះបង់ចោលហើយស្ទុះទៅចាប់សម្លាប់ដំរីសារមួយទៀត
ជនទាំងពួងទោះតោកយាកលំបាកយ៉ាងណាក្តី
តែងមានសេចក្តីប្រាថ្នាចង់បានផលទៅតាមទំនងភាពខ្លួនជាសត្វលោក។
- មានប្រយោជន៍អ្វីដោយជនភក្តីតែមិនមានសមត្ថភាព មានប្រយោជន៍អ្វីដោយជនអង់អាចតែមិនធ្វើឲ្យកើតប្រយោជន៍។
- ពាក្យដែលត្រឹមត្រូវ គួរដល់ការងារ សូម្បីជាសំដីកូនក្មេង
អ្នកមានប្រាជ្ញាក៏គួរកាន់យក បើមិនមានពន្លឺព្រះអាទិត្យទេ
ពន្លឺប្រទីប នឹងមិនមានគុណប្រយោជន៍ឬអ្វី?
- ការប្រារព្ធធ្វើការងារដែលមិនគួរធ្វើ១
ការទាស់ទែងខ្វែងគំនិតបងប្អូនឯង១
ការប្រណាំងប្រជែងតស៊ូនឹងអ្នកមានកម្លាំងជាង១
ការទុកចិត្តក្នុងស្រ្តីទាំងឡាយ១
ទាំងបួនប្រការនេះឈ្មោះថាបើកទ្វារឲ្យដល់ម្រឹត្យុទាំងអស់។
- នៅលើដើមចន្ទន៍មានពស់
នៅក្នុងត្រពាំងដែលដេរដាសដោយផ្កាឈូកមានក្រពើ
នៅក្នុងភោគទ្រព្យមានជនពាលជាអ្នករុកគួនឈ្នានីស
ក្នុងលោកនេះសេចក្តីសុខប្រាសចាកការថ្នាំងថ្នាក់ចិត្តមិនដែលមានសោះ
ឡើយ។
(សៀវភៅស្រីហិតោបទេសភាគ២ ប្រែពីភាសាសំស្រ្កឹតដោយ ភិក្ខុ ប៉ាង ខាត់ វីរិយបណ្ឌិតោ។ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ព.ស ២៥៣៨)
សាលារៀន salarean.com
|