ករណីធ្វេសប្រហែសនៃការផ្ដល់ថ្នាំនៅក្នុងសហរដ្ឋអាមេរិក គឺជាករណីដែលចម្បងបំផុតមួយ ដែលធ្វើឲ្យជនរងគ្រោះជាអ្នកជំងឺ ឬគ្រួសារជនរងគ្រោះ ដាក់ពាក្យបណ្ដឹងទាមទារសំណងជំងឺចិត្តពីវេជ្ជបណ្ឌិតទាំងនោះ។
នៅក្នុងករណីវេជ្ជបណ្ឌិតរបស់ Michael Jackson គឺលោក Conrad Murray ត្រូវបានគេចាត់ទុកថាជាករណីធ្ងន់ធ្ងរ ដែលនឹងអាចប្រឈមមុខនឹងការជាប់គុកទៀតផង។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលការពារ និងទប់ស្កាត់ជំងឺរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការផ្ដល់ថ្នាំបំបាត់ការឈឺចាប់លើសចំណុះដល់អ្នកជំងឺ បានកើនឡើងដល់ទៅ៣ដង ពោលគឺមាន ១៣៨០០ករណីនៅសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ១៩៩៩ ដល់ ២០០៦។
ទោះបីជាមានករណីប្ដឹងវេជ្ជបណ្ឌិតបានកើនឡើងច្រើនបែបនេះក៏ដោយ តែភាគច្រើនគឺគ្រាន់តែជាករណីប្ដឹងសងជំងឺចិត្តប៉ុណ្ណោះ ចំណែកឯការប្ដឹងពីបទព្រហ្មទណ្ឌ (ជាប់គុក និង/ឬ បង់ប្រាក់) គឺមានមិនសូវជាច្រើនទេ ពោលគឺមានតែជាង ២៤ករណីប៉ុណ្ណោះចាប់តាំងពីឆ្នាំ ១៩៨១ មកដល់ឆ្នាំ ២០០១ នេះបើយោងតាមការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត James Fikins។
យ៉ាងណាមិញ ការស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិតរូបនេះ គឺមានការខុសគ្នាទៅនឹងការបូកបញ្ចូលនូវករណីព្រហ្មទណ្ឌរបស់ សារព័ត៌មានរ៉យទ័រ។ បណ្ដាញសារព័ត៌មានដ៏ល្បីនេះបានរាយការណ៍ថា មានករណីព្រហ្មទណ្ឌចំនួន៣៧ ក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០១ ដល់២០១១។